
លោក ផេង ប៉ូលីន (ឆ្វេង) ពេលថតជាមួយក្រុមជម្រើសជាតិ កន្លងមក។ រូប ឈន ណន
ភ្នំពេញ៖ សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍អស់រយៈពេលយូរឆ្នាំមកនេះ ក្រុមប្រណាំងកង់កម្ពុជានៅមិនទាន់ទទួលបានចំណាត់ថ្នាក់ល្អ ឬជយលាភី ដូចប្រភេទកីឡាផ្សេងៗនៅឡើយទេ ហើយគិតមកដល់បច្ចុប្បន្នក្រុមកង់ ក៏នៅតែមិនទាន់អាចឈានចូលចំណាត់ថ្នាក់ជយលាភីពីលេខ ១ ដល់លេខ ៤ ដដែល។
តែទោះយ៉ាងណា យោងតាមការស្រាវជ្រាវជាប្រវត្តិរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍កាលពីឆ្នាំ ១៩៦៧ កីឡាករ ហាស ផល្លា ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់ល្អ និងទទួលបានជយលាភី។ ជាមួយគ្នានេះ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិជាច្រើនលើកនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះគ្រូបង្វឹកជម្រើសជាតិ លោក ផេង ប៉ូលីន បានអះអាងថា ក្រុមប្រណាំងកង់កម្ពុជា បច្ចុប្បន្នមានសមត្ថភាពល្អជាងមុន ហើយមិននៅចុងក្រោយគេ ក្នុងតំបន់យើងទៀតនោះទេ គឺនៅពាក់កណ្តាលគេ។
លោក ផេង ប៉ូលីន បានប្រាប់ថា៖ «ខ្ញុំរំពឹងថា កីឡាប្រណាំងកង់កម្ពុជាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ គឺយើងរំពឹងទទួលបានចំណាត់ថ្នាក់ល្អ ដើម្បីឡើងកាន់ឈ្នាន់កិត្តិយសបាន ព្រោះតាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធក្តី និងរបស់ NOCC ជាមួយក្រសួងទេសចរណ៍ក្តី គឺយើងពិនិត្យឃើញថា សមត្ថភាពអត្តពលិកយើង មិននៅក្រោយគេនោះទេ គឺយើងបានរំកិលមកត្រឹមពាក់កណ្តាលដែរ»។
លោកបន្ថែមថា៖ «បើរំឭកកាលពីស៊ីហ្គេម ឆ្នាំ ២០១៧ កីឡាករ យឿន ភីយុទ្ធ ប្រជែងបានលេខ ៥ ដែរ លើវិញ្ញាសាកង់គួក គឺបាំងតែម្នាក់ប៉ុណ្ណោះ កុំអីយើងបានជយលាភីហើយ ខណៈបច្ចុប្បន្នខ្ញុំគិតថា យើងមានក្តីរំពឹងលើការប្រកួតកង់ភ្នំ ដូចជាវិញ្ញាសាជិះឆ្លងឧបសគ្គ ១៨ គីឡូម៉ែត្រ ឬ ២៥ គ.ម ចំណែកប្រភេទកង់គួកវិញ យើងរំពឹងលើវិញ្ញាសាត្រឹម ១២០ គ.មចុះ ព្រោះអត្តពលិកយើងបច្ចុប្បន្ន មិនទាន់មានសមត្ថភាពល្អ លើវិញ្ញាសាចម្ងាយឆ្ងាយនៅឡើយទេ»។
គ្រូជម្រើសជាតិរូបនេះ បញ្ជាក់ថា៖ «ក្រុមអត្តពលិក ដែលល្អរំពឹងឈ្នះជយលាភី យើងត្រូវបណ្តុះពីថ្នាលទៅ និងស្វែងរកការហ្វឹកហាត់នៅក្រៅប្រទេស ទើបមានសង្ឃឹមច្រើន ព្រោះការហ្វឹកហាត់ក្នុងស្រុកមិនទាន់មានលក្ខណៈល្អ ទំនើបដូចប្រទេសគេនៅឡើយ ហើយបញ្ហានេះសហព័ន្ធ និងសមាគមជិះកង់កម្ពុជា កំពុងប្រឹងប្រែងហើយ ប៉ុន្តែវិបត្តិកូវីដ ១៩ ធ្វើឱ្យរាំងស្ទះ»។
គួរបញ្ជាក់ថា កាលនៅជាកីឡាករ លោក ផេង ប៉ូលីន ធ្លាប់ឈ្នះត្រឹមជើងឯកជាតិ និងពានរង្វាន់កម្រិតក្នុងស្រុកយើង ប៉ុន្តែលោកមានបទពិសោធច្រើន លើការដឹកនាំក្រុមជិះកង់ និងរៀបចំព្រឹត្តិការណ៍នានា ហេតុនេះហើយទើបសហព័ន្ធបានប្រគល់តួនាទី ជាគ្រូបង្វឹកជម្រើសជាតិនេះឱ្យលោក បាន ២ ឆ្នាំហើយ។ បន្ថែមលើនេះ លោកមានជំនាញរៀបចំព្រឹត្តិការណ៍ប្រណាំងកង់កម្សាន្ត ជូនភ្ញៀវ ដូចជាការជិះកង់ភ្នំ តាមខេត្តជាលក្ខណៈទេសចរណ៍ផងដែរ៕