ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងលើកយកការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ដែលខកខានមិនអាចរៀបចំបាន ដោយសារវិបត្តិជំងឺកូវីដ ១៩ នោះ មកធ្វើជាថ្មី នៅអគារសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ នេះ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយសីកម្ពុជាបានអះអាងថា ចំពោះក្រុមអត្តពលិកជាម្ចាស់ជយលាភី ដែលបង្ហាញសមត្ថភាពល្អនៅក្នុងការប្រកួតថ្នាក់ជាតិលើកនេះ នឹងត្រូវដាក់នៅក្នុងបេក្ខភាពដែលវាយតម្លៃ ពីគណៈកម្មាធិការប្រតិបត្តិ និងប្រធានសហព័ន្ធ ដើម្បីដាក់បញ្ចូលជាអត្តពលិកឆ្នើមរបស់សហព័ន្ធ ត្រៀមសម្រាប់ចេញទៅប្រកួតស៊ីហ្គេមតំណាងឱ្យកម្ពុជា។
លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាប្រាប់ថា៖ «កីឡាករ-ការិនី ដែលជ្រើសរើសចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ នេះ នឹងត្រូវដាក់នៅក្នុងបេក្ខភាព ដើម្បីវាយតម្លៃដាក់បញ្ចូលជាអត្តពលិកឆ្នើមរបស់សហព័ន្ធ ដោយរង់ចាំសេចក្តីសម្រេចពីគណៈកម្មាធិការប្រតិបត្តិ និងឆ្លងទៅឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ជាប្រធានសហព័ន្ធ»។
លោកឧត្តមសេនីយ៍ទោ ជាម សុភា បានបន្ថែមថា៖ «ការវាយតម្លៃដាក់បញ្ចូលជាអត្តពលិកឆ្នើមរបស់សហព័ន្ធនេះ ក៏ព្រោះតែយើងបានកំណត់ជ្រើសរើសយកអត្តពលិកសុទ្ធសឹងតែជាអ្នកមានសមត្ថភាពឆ្នើមៗចំនួន ៧ នាក់ ដើម្បីបំពាក់បំប៉នហ្វឹកហាត់ជាជម្រើសជាតិបម្រុងស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ចំណែកលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានអះអាងថា សហព័ន្ធមានកម្មវិធីហ្វឹកហាត់ខ្លាំងសម្រាប់ការត្រៀមទៅប្រកួតស៊ីហ្គេម។ លោកបានថ្លែងថា៖ «តាមការគ្រោងទុកការប្រកួតនៅស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម សហព័ន្ធបានដាក់កម្មវិធីហ្វឹកហាត់សម្រុកយ៉ាងខ្លាំងក្នុងនោះមានទាំងការប្រកួតធ្វើតេស្តសមត្ថភាពរបស់អត្តពលិកជម្រើសជាតិប្រចាំសប្តាហ៍ផងដែរ ក្នុងគោលបំណងផ្តល់រង្វាន់លើកទឹកចិត្ត និងពង្រឹងសមត្ថភាពឱ្យល្អឆ្ពោះទៅស៊ីហ្គេម»។
លោកបានបន្ថែមថា៖ «យើងបានខិតខំយ៉ាងខ្លាំង ដោយចូលរួមទាំងអស់គ្នាក្នុងការដាក់ផែនការសម្រួចអភិវឌ្ឍសមត្ថភាពកីឡាករ-ការិនីជម្រើសជាតិ ឈានទៅសម្រេចឱ្យបានតាមផែនការមេរបស់ CAMSOC គឺយ៉ាងហោចសហព័ន្ធកីឡាវាយសី ត្រូវខិតខំឱ្យឈ្នះបានមេដាយមាស ១ ជូនមាតុភូមិនៅស៊ីហ្គេមឆ្នាំ ២០២៣»។
សម្រាប់ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ នេះ មានក្លិប និងសម្ព័ន្ធកីឡាវាយសីចំនួន ១៥ បានដាក់ពាក្យចូលរួមប្រកួត រួមមានក្លិបវាយសីពហុកីឡដ្ឋានជាតិ, ក្លិបព្រះខ័នរាជ, 1 2 Play, ការពារអាកាស ជ/គ, ភ្នំពេញ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសម្ព័ន្ធកីឡាវាយសីខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងសម្ព័ន្ធកីឡាវាយសីខេត្តស្វាយរៀង ដោយមានប្រតិភូ ៤៣ នាក់ កីឡាករ ១១៤ នាក់ កីឡាការិនីចំនួន ២៥ នាក់ ហើយពួកគេត្រូវប្រកួតប្រជែងនៅលើវិញ្ញាសាប្រកួតចំនួន ៧៕