ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា វ៉ាន់ វឿន បាន​ប្តេជ្ញា​ថា រូប​គេ​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​​លទ្ធភាព ដើម្បី​ប្រជែង​ជាមួយ​អ្នក​ប្រដាល់​​ថៃ Payak Insee យក​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​ការ​ប្រកួត​​ដណ្តើម​​ខ្សែ​ក្រវាត់​មាស ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាម នៅ​លើ​សង្វៀន PNN នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ។


គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ វ៉ាន់ វឿន នៅ​មិន​ទាន់​ដឹង​ថា អ្នក​ប្រដាល់​ថៃ Payak Insee មាន​សមត្ថភាព និង​ល្បិច​ប្រកួត​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​​កីឡាករ​ដែល​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ទាំង ​២ ​លើក​នៅ​ស៊ីហ្គេម​​រូប​នេះ បាន​បង្កើន​ការ​ហ្វឹកហាត់​ខ្លាំង​ទាំង​ទៅ​លើ​កម្លាំងស៊ុហ្វ និង​ក្បាច់​សម្លាប់ ដើម្បី​​ត្រៀម​តទល់​ជាមួយ Payak Insee។

សិស្ស​គណ​ក្លិប​ឃ្លាំង​មឿង​កីឡា វ៉ាន់ វឿន បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«​ខ្ញុំ​បាន​ដឹង​ត្រឹម​ឈ្មោះ​របស់​គេ ប៉ុន្តែ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា កីឡាករ​ថៃ​រូប​នេះ មាន​សមត្ថភាព​ប្រកួត​កម្រិត​ណា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ វា​ជា​រឿង​ធម្មតា​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​មាន​ការ​បារម្ភ​ ចំពោះ​ការ​មិន​ទាន់​ដឹង​សមត្ថភាព​គូ​ប្រកួត​នោះ​ទេ»។


បើ​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា Payak Insee គឺ​ជា​កីឡាករ​មាន​បទពិសោធ​ប្រកួត​ចាស់​វស្សា​ម្នាក់​របស់​ថៃ ហើយ​រូប​គេ​ធ្លាប់​បាន​ផ្តួល​កីឡាករ សៀវ ង៉ុយ ឲ្យ​សន្លប់​ផង​ដែរ។ តាម​ពិត Payak Insee ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ម៉ន សាម៉េត តាំង​​ពី​ការ​ប្រកួត​បើក​ឆាក ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់ប្តូរ​វិញ ដោយសារ​ថៃ​ម្នាក់​នេះ ត្រូវ​បាន​ឆ្កែ​ខាំ មាន​របួស​ក្នុង​ពេល​រត់​ហ្វឹកហាត់។


ការ​ផ្លាស់ប្តូរ​សមាសភាព​នេះ បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ប្តូរ ម៉ន សាម៉េត ឲ្យ​ជួប​កីឡាករ​ថៃ Khom Pichit ហើយ​បាន​ចាញ់​ដោយ​ពិន្ទុ។ ផ្ទុយ​ពី​នេះ​កីឡាករ​កម្ពុជា លាភ រដ្ឋា និង ឃួន ឡាំងកូស៊ីន សុទ្ធ​បាន​ឈ្នះ​ថៃ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​ប្រាក់ នៅ​វគ្គ​ជម្រុះ ​៨ នាក់​ចុង​ក្រោយ ហើយ​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់​ទាំង ​៤ ​នាក់ ក្នុង​វគ្គ​នោះ ទើប​មាន​សិទ្ធិ​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស អម​ដោយ​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ។


យ៉ាង​ណា​ក៏​ដោយ វ៉ាន់ វឿន ​បាន​បន្ថែម​ថា៖ ​«ទោះ​បីជា​កីឡាករ​ថៃ​ម្នាក់​នេះ ខ្សោយ ឬ​ខ្លាំង ​គឺ​ខ្ញុំ​ដឹង​តែ​ពី​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ហើយ​សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​បាន​ពង្រឹង​ការ​ហ្វឹកហាត់​ខ្លាំង ខុស​ពី​ការ​ប្រកួត​មុនៗ គឺ​គិត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​បង្កើន​ការ​ហ្វឹកហាត់​ពេញ​បាន​ជិត ​២ ​សប្តាហ៍​ហើយ»។

កីឡាករ​រូប​នេះ បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​បាន​បង្កើន​ទាំង​កម្លាំង​ស៊ុហ្វ និង​ស្នៀត​ទាត់ ព្រោះ​ជើង​ឆ្វេង​​របស់​ខ្ញុំ ធ្លាប់​មាន​របួស អ៊ីចឹង​ហើយ​ខ្ញុំ​​ត្រូវ​បង្កើន​ការ​ទាត់​ជើង​មួយ​នេះ ឲ្យ​មាន​ភាព​រហ័សរហួន និង​ទាត់​ចេញ​មាន​ទម្ងន់​ដូច​មុន​វិញ។ បន្ថែម​លើ​នេះ ខ្ញុំ​ក៏​បាន​ពង្រឹង​ទៅ​លើ​វាយ​កែង ម៉ាត់ និង​បុក​ជង្គង់ សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ​ដែរ»។

វ៉ាន់ វឿន ពិត​ជា​ចង់​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ ​៨ នាក់​ចុង​ក្រោយ ដោយ​រូប​គេ​បាន​បង្ហើប​ថា៖ ​«បើ​ទោះបី​ជា​ការ​ប្រកួត​នេះ​ ទទួល​បាន​លទ្ធផល​ឈ្នះ ​ឬ​ចាញ់ ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ស្វែងរក​ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ត ព្រោះ​ខ្ញុំ​ចង់​​បាន​ឱកាស​ឡើង​ទៅ​​​ដណ្តើម​​​យក​ខ្សែ​ក្រវាត់​ប្រាក់ ចំណែក​​​ការ​បាន​​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែ​​ក្រវាត់​មាស ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ទាន់​គិត​នោះ​ទេ គឺ​ត្រូវ​ដណ្តើម​យក​ខ្សែ​ក្រវាត់​ប្រាក់​ឲ្យ​បាន​សិន ចាំ​គិត​បន្ត​ទៀត»៕