ក្រុង​ឡុងដ៍៖ ក្រុម​ហង្ស​ក្រហម​ Liverpool ត្រូវ​បាន​​អតីត​កីឡាករ​របស់​ខ្លួន ​ចោទ​ប្រកាន់​ថា បាន​ក្បត់​នឹង​ក្រម​សីលធម៌​​ដែល​បាន​ផ្អាក​ការងារ​បុគ្គលិក ​ដោយសារ​អត់​មាន​ពាក់ព័ន្ធ​នឹង​​ការ​ប្រកួត​ក្នុង​អំឡុង​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា ខណៈ​មាន​ការ​ព្រមាន​ថា ​កីឡាករ​នៅ​ក្របខ័ណ្ឌ Premier League នឹង​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​រដ្ឋ​បាត់​​ដល់​ទៅ​ ២០០ ​លាន​ផោន (២៤៥ ​លាន​ដុល្លារ​) ​បើ​សិន​គោលការណ៍​កាត់​ប្រាក់​ខែ ​៣០ ​ភាគរយ ​ត្រូវ​បាន​ដាក់​ចេញ​។ ​​​​​​​​​​​​​​​​​​​


ក្រុម Liverpool ដែល​ឈរ​កំពូល​តារាង​ក្របខ័ណ្ឌ Premier League របស់​ប្រទេស ​អង់គ្លេស បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​បំពេញ​បន្ថែម​ថវិកា ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ ដើម្បី​ធានា​ថា​បុគ្គលិក​ដែល​ត្រូវ​​ផ្អាក​ការងារ​ជា​បណ្ដោះ​អាសន្ន​នេះ​ទទួល​បាន​ប្រាក់​ខែ​ពេញ ​១០០ ​ភាគរយ​តែ​ម្តង​។ ​

ក្លិប Liverpool ដែល​ដឹកនាំ​ដោយ​លោក​ Jurgen Klopp គឺ​ជា​ក្រុម​ទី ​៥ នៅ Premier League បន្ទាប់​ពី Newcastle, Tottenham, Bournemouth និង Norwich ដែល​បាន​ផ្អាក​បុគ្គលិក​របស់​ខ្លួន ​ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល ដោយ​រដ្ឋាភិបាល​ជួយ ៨០ ​ភាគរយ​ បាន​ន័យ​ថា ​ខាង​ក្លិប​ត្រូវ​ចេញ​ត្រឹម ២០ ​ភាគរយ​ ដើម្បី​ផ្តល់​ប្រាក់​ខែ​ឲ្យ​ក្រុម​ការងារ​​ ដែល​សម្រាក​ពី​ការងារ​បណ្ដោះ​អាសន្ន​នេះ​។


ក្រោយ​ក្រុម​ហង្សក្រហម​ ចេញ​នូវ​វិធានការ​នេះ​ ធ្វើ​ឲ្យ​អតីត​កីឡាករ​របស់​ក្លិប​មួយ​ចំនួន​មិន​យល់​​ស្រប​តាម​​ឡើយ​ ក្នុង​នោះ​ខ្សែ​ការពារ Jamie Carragher បាន​​សរសេរ​រិះគន់​ខ្លាំង​តាមរយៈ​គណនី​ ធ្វីធើរ​របស់​ខ្លួន​ថា​៖ ​«លោក Jurgen Klopp បាន​បង្ហាញ​ការ​យល់​ចិត្ត​យល់​ថ្លើម​គ្រប់​គ្នា​មក​រហូត ​ចាប់​តាំង​ពី​មាន​ការ​រាល​ដាល​មេរោគ​នេះ ខណៈ​បណ្ដា​កីឡាករ​សំខាន់ នៅ​លីក​កំពូល​នេះ​ ក៏​បាន​​នាំ​គ្នា​រួម​ចំណែក​យ៉ាង​ខ្លាំង​ ដោយ​សុខ​ចិត្ត​កាត់​ប្រាក់​នឿយ​ហត់​របស់​ខ្លួន។ តែ​ក្រោយ​ពី​នេះ​ ការ​គោរព និង​បំណង​ល្អ​ផ្សេង​ៗ ត្រូវ​រលាយ​អស់​ហើយ!​ យ៉ាប់​មែន​ទែន​ Liverpool​»​។​


Jamie Carrangher បាន​រិះ​គន់​ចំណាត់ការ​របស់​​ Liverpool។ AFP


ស្រដៀង​គ្នា​នេះ អតីត​ស៊ុបពើស្តារ​មួយ​រូប​ផ្សេង​ទៀត គឺ Stan Collymore ក៏​បាន​សម្ដែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ តាម​បណ្ដាញ​សង្គម​ធ្វីធើរ របស់​ខ្លួន​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​ មាន​អ្នក​គាំទ្រ Liverpool ប៉ុន្មាន​អ្នក​ដែល​ទ្រាំ​បាន​នឹង​ទង្វើ ដែល​​គួរ​ឲ្យ​បន្ទោស​ខ្លាំង​បំផុត ក្នុង​​​ការ​ផ្អាក​ការងារ​បុគ្គលិក ដែល​មិន​ជាប់​ទាក់ទង​នឹង​ការ​ប្រកួត​នា​​ពេល​នេះ​នោះ​ទេ​​»​។

អតីត​ខ្សែ​បម្រើ​ម្នាក់​ទៀត​ ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ទឹក​ដី Anfield អស់​ជា​ច្រើន​ឆ្នាំ​ដែរ គឺ​បុរស​សញ្ជាតិ​អាល្លឺម៉ង់ ​Dietmar Hamann បាន​​សរសេរ​សារ​ថា​៖ «​គួរ​ឲ្យ​ភា្ញក់​ផ្អើល​ខ្លាំង​ណាស់ ចំពោះ​ព័ត៌មាន​ដែល​ថា​​ Liverpool បាន​ទាញ​យក​ផល​ចំណេញ​ពី​គម្រោង ដែល​រដ្ឋាភិបាល​ជួយ​ចេញ ៨០​ ភាគរយ ​សម្រាប់​បុគ្គលិក​​​ផ្អាក​​ការងារ​បណ្ដោះ​អាសន្ន​។ គម្រោង​​ហ្នឹង​​មិន​គួរ​កើត​ឡើង​ឡើយ ព្រោះ​​មើល​ទៅ​វា​ផ្ទុយ​នឹង​ក្រម​សីលធម៌​​របស់​ក្លិប ដែល​ខ្ញុំ​បាន​ដឹង​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​បញ្ឈប់​បុគ្គលិក​បណ្ដោះ​អាសន្ន​នេះ Liverpool បាន​ឲ្យ​ដឹង​​ថា ​បុគ្គលិក​ទាំង​អស់​នឹង​ទទួល​បាន​ប្រាក់​ខែ ១០០ ​ភាគរយ​ពេញ ពោល​គឺ​គ្រប់​គ្នា​ត្រូវ​បាន​ធានា​ថា ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​កេង​បន្លំ​ប្រាក់​ឈ្នួល​ឡើយ​ ដោយ​ក្លិប​បាន​ចេញ​​សេចក្ដី​ប្រកាស​ថា​៖​​ «​ទោះបី​ជា​ការ​សម្រេច​ចិត្ត​ជា​ចម្បង ​ដែល​​ផ្អាក​ការងារ​បុគ្គលិក​​បណ្ដោះ​អាសន្ន​ក៏​ដោយ ក៏​មាន​ការ​ប្ដេជ្ញា​រួម​ពី​បុគ្គល​សំខាន់ៗ​គ្រប់​លំដាប់​ថ្នាក់​របស់​ក្លិប ដោយ​គ្រប់​គ្នា​ព្យាយាម​រក​ដំណោះ​ស្រាយ​ ដែល​ធានា​បាន​នូវ​ការងារ​ឲ្យ​គ្រប់​​នយោជិត​ទាំង​អស់​នៃ​​ក្លិប​របស់​យើង​ អំឡុង​ពេល​មាន​វិបត្តិ​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​មក​ពី​មុន​នេះ​»។​

ជាមួយ​គ្នា​នេះ​ សមាគម​កីឡា​បាល់​ទាត់​អាជីព (PFA) បាន​ធ្វើ​ការ​ព្រមាន​ពី​ការ​បាត់​ចំណូល​ពន្ធ ២០០ ​លាន​ផោន (២៤៥ ​លាន​ដុល្លារ​) សម្រាប់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បើ​សិន​ជា​នយោបាយ​កាត់​ប្រាក់​ខែ​របស់​កីឡាករ​ ៣០ ​ភាគរយ​ ត្រូវ​បាន​អនុវត្ត​។​​

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន ក្រោយ​ពី​មាន​កិច្ច​​ប្រជុំ​ជាមួយ​គណៈកម្មការ​ទទួល​ខុស​ត្រូវ​ក្របខ័ណ្ឌ Premier League សមាគម​កីឡា​បាល់ទាត់​អាជីព (PFA) បាន​ឲ្យ​ដឹង​ថា៖ ​«​កីឡាករ​គ្រប់​រូប​មាន​បំណង​ចង់ និង​ចូលរួម​ចំណែក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ។ យើង​ស្វាគមន៍​គ្រប់​ពេល​ក្នុង​ការ​ពិភាក្សា​បញ្ហា​នេះ ហើយ​យើង​រីករាយ​បន្ត​ការ​ពិភាក្សា​»​៕ ​​AFP/VN