ក្រុង​ឌូបៃ៖ ប្រទេស ​អារ៉ាប់​រួម ​​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​នេះ​បាន​បណ្ដេញ​គ្រូ​បង្វឹក​របស់​ខ្លួន ​គឺ​លោក Bert van Marwijk​​ ​ក្រោយ​ពី​ជម្រើស​ជាតិ​មួយ​នេះ ​បាន​ចាញ់​ជម្រើស​ជាតិ​កាតា​ ៤-២ នៅ​ក្នុង​ពូល​ A ​ពី​ថ្ងៃ​ចន្ទ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Gulf Cup។​


បុរស​ហូឡង់​​វ័យ ​៦៧ ​ឆ្នាំ​រូប​នេះ ​បាន​​ដឹក​នាំ​ជម្រើស​ជាតិ​អារ៉ាប់​រួម​ជំនួស​លោក Alberto Zaccheroni កាល​ពី​ខែ​មីនា​។​

របាយការណ៍​មួយ​បាន​និយាយ​ថា៖ «​សមាជិក​ក្រុម​ប្រឹក្សា​នាយក​សមាគម​បាល់ទាត់​របស់​អារ៉ាប់​រួម​បាន​សម្រេច​ចិត្ត​បញ្ចប់​កុងត្រា​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក Bert van Marwijk និង​បាន​សម្ដែង​ការ​គោរព​ចំពោះ​គ្រូ​បង្វឹក​រូប​នេះ ​និង​ក្រុម​គ្រូ​ជំនួយ​របស់​គាត់​ដែល​បាន​លះ​បង់​ពេល​វេលា​ជួយ​ធ្វើ​ការ​ឲ្យ​ជម្រើស​ជាតិ​កន្លង​មក​នេះ​ផង​ដែរ​»។​​


របាយការណ៍​ដដែល​នេះ​បាន​បន្ថែម​ទៀត​​ថា៖ «​គ្រូ​បង្វឹក​ថ្មី​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​»៕ AFP/SN