ក្រុងឡុងដ៍៖ អ្នក​ចាំទី Hugo Lloris របស់​ក្រុម Tottenham Hotspur នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​សម្រាប់​​ រយៈពេល​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ​បន្ទាប់​​ពី​រង​របួស​កែង​ដៃ​ក្នុង​ការ​បរាជ័យ​ដ៏​គួរ​ឱ្យ​ឈឺ​ចាប់​ចំពោះ​ក្រុម​ Brighton ​ពី​ថ្ងៃ​សៅរ៍​។


អ្នក​ចាំទី​ Lloris ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីលាន​ប្រកួត​ដោយ​ស្រែក​ឈឺ​ចាប់​ក្រោយ​ពី​រូប​គេ​បាន​ហក់​លោត​ចាប់​បាល់​ហើយ​ធ្លាក់​មក​វិញ​ទាំង​ភ្នែន​ធ្វើ​ឲ្យ​រង​របួស ​ខណៈ​អ្នក​ចាំទី​រូប​នេះ​បាន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​បើក​ឆាក​របស់​ក្រុម​ Brighton នៅ​កីឡដ្ឋាន​ Amex របស់​ក្រុម Brighton។

ក្រុម Tottenham បាន​និយាយ​ក្នុង​របាយការណ៍​ពី​ថ្ងៃ​ចន្ទ​ថា៖ «​អ្នក​ចាំទី​ Lloris កំពុង​ទទួល​ការ​វិនិច្ឆ័យ​របួស​​បន្ថែម​ទៀត​នៅ​ព្រឹក​នេះ ​ក្រោយ​ពី​បាន​រង​របួស​ភ្នាត់​ឆ្អឹង​​កែង​ដៃ​​ក្នុង​ការ​ប្រកួត​របស់​យើង​ជាមួយ​ក្រុម Brighton ​ពី​ថ្ងៃ​សៅរ៍​»។​


ក្លិប​ដដែល​នេះ​បាន​បន្ថែម​ថា៖ «​លទ្ធផល​​បាន​បង្ហាញ​ថា គេ​​មិន​តម្រូវ​ឲ្យ​ធ្វើ​​ការ​វះ​កាត់​​​ទេ​​ព្រោះ​ប្រធាន​ក្រុម​របស់​​យើង​នេះ​​បាន​របួស​ផ្នែក​សរសៃ​ ហើយ​​មិន​រំពឹង​ថា នឹង​បាន​ចូលរួម​ហ្វឹកហាត់​ក្នុង​រយៈពេល​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​ទេ​»។​​​​


ក្រុម Spurs បាន​និយាយ​ថា៖ «បច្ចុប្បន្ន ​អ្នក​ចាំទី​ Lloris កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រុំ​អប​ឆ្អឹង​​ និង​សម្រាក​ព្យាបាល​ក្រោម​ការ​មើល​ថែ​ពី​​បុគ្គលិក​ពេទ្យ​​របស់​យើង​នៅ​ Hotspur Way»។


ដំណឹង​នេះ ​គឺ​ជា​ឧបសគ្គ​ធំ​មួយ​ទៀត​សម្រាប់​ក្ដី​សង្ឃឹម​របស់​ក្រុម ​Spurs ដែល​ចង់​កែប្រែ​ការ​ចាប់​ផ្ដើម​មិន​បាន​ល្អ​នៅ​រដូវកាល​នេះ​។​

ក្រុម​ Spurs របស់​លោក Pochettino បាន​ឈ្នះ​ការ​ប្រកួត​តែ​ ៣ ​លើក​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ប្រកួត​បើក​ឆាក ​១១ ​លើក ​ក្នុង​ការ​ប្រកួត​ទាំង​អស់​ ហើយ​បាន​ចាញ់​យ៉ាង​អាម៉ាស់​មុខ​ក្រោម​ស្នាដៃ​របស់​ក្រុម Bayern Munich ៧-២ ក្នុង​ក្របខ័ណ្ឌ​ Champions League ពី​សប្ដាហ៍​មុន​។​​

អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ​ Paulo Gazzaniga ឥឡូវ​នេះ​នឹង​បន្ត​តំណែង​ជា​អ្នក​ចាំទី​ជម្រើស​ទី ​១ ​របស់​លោក Pochettino ​ក្នុង​ពេល​អនាគត​។​

អ្នក​ចាំទី​ Lloris ក៏​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ជម្រុះ​នៃ​ព្រឹត្តិការណ៍ Euro 2020 សម្រាប់​ជម្រើស​ជាតិ​បារាំង ​ដែល​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​អ៊ីស្លង់​ តួកគី អាល់បានី​ និង​ម៉ុលដាវី ផង​ដែរ​។​

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «​វា​ពិបាក​នឹង​និយាយ​ណាស់​​ថា តើ​គាត់​នឹង​អវត្ត​មាន​ពី​ការ​ប្រកួត​យូរ​ប៉ុន​ណា​នោះ​​ទេ»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​អ្វី​ដែល​ជា​បញ្ហា​ចំពោះ​យើង​ឥឡូវ​នេះ ​គឺ​ថា គាត់​នឹង​មិន​នៅ​ជាមួយ​យើង​សម្រាប់​ការ​ប្រកួត​ថ្មីៗ​នៅ​ខាង​មុខ​នេះ​ទេ​»៕ AFP/SN