ភ្នំពេញៈ ​សហព័ន្ធ​កីឡា​បាល់​ទាត់ ​​អាស៊ី​អាគ្នេយ៍​ (​AFF​) បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្ថាន​ភាព​ការ​រាល​ដាល​ជំងឺកូវីដ១៩​ ហើយ​បាន​សម្រេច​ថា ​នឹង​រៀប​ចំ​ពេល​វេលា​ជាថ្មី​ម្ដង​ទៀត ​ចំពោះ​ការ​ប្រកួត​ ក្នុង​កម្មវិធី​ជាច្រើន ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​រយៈ​ពេល ៤ ​ខែ​ទៀត​។​


ព្រឺត្តិការណ៍​ចំ​នួ​ន​៤ នឹង​ត្រូវ លើក​ពេល​ប្រកួត​រហូត​ដល់​កំណត់​​ពេល​ថ្មី​ចុង​ក្រោយ​​ឆ្នាំ​នេះ ដោយ​ចាប់​ផ្ដើម​ពី​កម្មវិធី​ប្រកួត​ពាន​រង្វាន់ AFF Women''s Championship នៅ​ប្រទេ​ស ​ហ្វីលី​ពីន ក្នុង​ខែ​ឧសភា ខណៈ​៣ព្រឹត្តិការណ៍​ផ្សេង​ទៀត មាន​ដូចជាការប្រកួត​​ពានរង្វាន់​​ AFF U18 Women''s Championship ការ​​ប្រកួត​ពាន​យុវជន​អាយុ​ក្រោម១៦​ឆ្នាំ (AFF U16 Boys'' Championship) និង​ប្រកួត​​ជើង​ឯកយុវជន​អាយុ​ក្រោម១៩​ឆ្នាំ (AFF U16 Boys'' Championship) ដែល​ព្រឹត្តិការណ៍​ទាំងអស់​នេះ ដំបូង​​ឡើយ​គ្រោង​រៀប​ចំ​បន្ត​បន្ទាប់​គ្នា នៅប្រទេស​ ឥណ្ឌូនេស៊ី ក្នុងខែ​មិថុនា​ កក្កដា និង​សីហា​​។

ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​នេះ លោក​ឧត្ដមសេនីយ៍ ខៀវ សាម៉េត ​ប្រធាន AFF ​ថ្លែង​ថា​៖ ​«​នេះ​​ជាពេល​វេលា​ ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​ឡើយ សម្រាប់​ពិភព-​លោក​ទាំងមូល រួម​ទាំង​សហ-​គមន៍ និង​គ្រួសារ​បាល់​ទាត់របស់​យើង តែ​មិន​អី​ទេ​ យើង​នឹង​ឆ្លង​កាត់​បញ្ហា​នេះ​ជាមួយ​គ្នា​ ហើយ​ដើម្បី​ឈ្នះ​លើ​ពេល​វេលា​ដ៏​ពិបាក​នេះ ត្រូវ​ការ​ការ​រួម​ចំណែក​របស់​យើង​ទាំង​អស់​គ្នា​»​។​ ​


លោក​​​បាន​​បន្ត​ថា​៖​«​ចាប់​តាំង​ពី​មាន​​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​នេះខ្ពស់​ឡើង​ៗ នៅ​កន្លែង​មនុស្ស​ច្រើន​ ដូច​ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជា​ដើម យើង​បាន​ពិចារណា​​ថា ​សម្រេច​ធ្វើ​ការ-​​ពន្យារ​ពេល ហើយ​ពេល​ណា ​ដែល​ចាំ​បាច់ នឹង​រំលាយ​ការ-​ប្រកួត​របស់​យើង​ ដើម្បី​កាត់បន្ថយ​ការ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម ក្នុង​គោល​បំណង​ការ​ពារ​សុវត្ថិភាព និង​សុខភាព​របស់​គ្រួសារ និង​សហគមន៍​កីឡា​ បាល់​ទាត់​របស់​យើង​»​។​


កម្មវិធី​ប្រកួត​ ៤ផ្សេង​ទៀត​ នឹង​កើតឡើង​ដូច​ការ​គ្រោង​ទុក​ពី​ដំបូង​ មាន​ដូ​ច​ជា​ការ​ប្រកួត​បាល់​ទាត់​ផ្នែក​នារី​អាយុ​ក្រោម១៥ឆ្នាំ (AFF U15 Girls Championship) នៅ​ប្រទេស​ឥណ្ឌូនេស៊ី ខែ​កញ្ញា​ខាង​មុខ ព្រមទាំងការប្រកួត​បាល់​ទាត់​ក្នុង​សាល​២​ព្រឹត្តិការណ៍ គឺ AFF Futsal Championship និង AFF Futsal Club Championship ហើយ​និង​ការ​ប្រកួត​បាល់​ទាត់​លើ​ឆ្នេរ​ខ្សាច់ AFF Beach Football Championship ដែល​ទាំង​អស់​ត្រូវ​រៀប​ចំ​ក្នុង​ប្រទេស​ថៃ ចុងឆ្នាំ​នេះ​។


ជាមួយ​គ្នា​នេះ​ដែរ កម្មវិធី​ប្រកួត​ Asean Club Championships (ACC) ដែល​គ្រោង​ធ្វើ​លឿន​ជាង​គេ ក្នុង​ឆ្នាំ​នេះ បាន​ប្ដូរ​ទៅ​ឆ្នាំ​២០២១ វិញ ដោយ​មាន​ការ​ប្រកួត​ត្រឹម១០​ថ្ងៃ​ លើ​កម្មវិធី​ប្រកួត​​ក្នុង​តំបន់​រយៈ​ពេល​ជាង​ ៥ ​ខែ។ ឥឡូវនេះ ច្បាស់​ណាស់ថា​ ជាមួយនឹង​​ស្ថានភាព​ទូទៅ និង​ការ​រង់​ចំ​ការ​កំណត់​ឡើង​វិញ នៃ​លីក​ថ្នាក់​ជាតិ​របស់ AFF និង​រាល់​ការ​ប្រកួត​របស់ AFC ដែល​ពេល​នេះ​មិន​ទាន់ធ្វើ​ការ​សម្រេច​នៅឡើយ​ ហើយ​ច្បាស់​ណាស់​ថា ​មិន​មាន​ពេល​គ្រប់គ្រាន់ ​ដើម្បី​រៀប​ចំ​ការ​​ប្រកួត​ជើង​ឯកនៅ​​ឆ្នាំ​នេះ​ អ៊ីចឹង​ គ្រប់​សមាជិក​ទាំងអស់​អាច ធ្វើ​ការ​រៀប​ចំ​សម្រាប់​ឆ្នាំ​២០២១។​​

ប្រធាន​សហព័ន្ធកីឡា​បាល់-​ទាត់អាស៊ីអាគ្នេយ៍ លោក ខៀវ សាម៉េត បាន​ធ្វើ​ការ​សន្យា​ថា​៖ ​«​ដោយសារ​ស្ថានការ​ប្រែ​ប្រួល​ឥត​ឈប់​ឈរ យើង​នឹងបន្ត​តាម​មើល​យ៉ាង​កៀក​បំផុត ហើយ​នឹង​មិន​រា​រែក​ឡើយ ក្នុង​ការ​ធ្វើ​ការផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​របស់យើង ប្រសិន​បើ​ចាំ​បាច់​។ គ្រប់​​ការ-​សម្រេច​ចិត្ត​របស់​យើង AFF នឹង​តែង​តែ​យក​សុខុមាល​ភាព​របស់​គ្រួសារ និង​សហគមន៍​​បាល់ទាត់​របស់​យើង​ជា​ចម្បង​​ជានិច្ច​»​។

លោក​ឧត្តមសេនីយ៍​ បាន​បន្ថែម​ថា AFF កំពុង​តាមដាន​ឥត​ប្រិច​ភ្នែក ចំពោះ​ការ​វិវឌ្ឍ ​នៃ​ជំងឺ​​​កូវីដ​ ១៩ ដោយ​មាន​ការណែនាំ​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) ក្រសួង​សុខា-​ភិបាល មន្ត្រី​រដ្ឋា​ភិបាល សហព័ន្ធ​បាល់​ទាត់ពិភពលោក (FIFA) និង សហព័ន្ធ​បាល់ទាត់ទ្វី​បអាស៊ី (AFC) ហើយ​នឹង​ផ្ដល់​ព័ត៌មាន​នៃ​ការ​វិវឌ្ឍថ្មី នៅ​ពេល​ចាំ​បាច់​។

ប្រធាន AFF រូបនេះ បាន​និយាយ​​ថា​៖​«​យើង​ត្រូវ​តែ​រួម​ចំណែក​ទាំង​អស់​គ្នា ទប់ស្កាត់​ការ​ឆ្លង​នេះ​ឲ្យ​នៅ​ទាប​បំផុត​តាម​ដែល​អាច ដើម្បី​ឲ្យ​វីរបុរស​-វីរនារី ពោល​គឺ​ក្រុមគ្រូ​ពេទ្យ​ទាំង​អស់ ដែល​កំពុង​ប្រថុយ​ប្រថាន​ជីវិត​របស់​ខ្លួន អាច​ដោះ​ស្រាយ​ជាមួយ​នឹង​ចំនួន​អ្នក​ជំងឺ ដែល​ធ្ងន់ធ្ងរ និងដើម្បី​ឲ្យ​មន្ទីរពេទ្យ​របស់​យើង​ខ្វះ​កន្លែង​»​។​​​

លោក ខៀវ សាម៉េត បាន​ថ្លែង​ជា​ចុង​ក្រោយថា​៖ ​«​វិធាន​ការ​​ដែល​ដាក់​ចេញ​ដោយ​រដ្ឋា- ភិបាល​នៃប្រទេស​នីមួយ​ៗ​ នោះ​អាច​ទទួល​បាន​ផល លុះ​ត្រា​តែ​យើង​ទាំងអស់​គ្នា​រួម​ចំណែក​កាត់​បន្ថយ​ការ​ទាក់ទង​គ្នានៅ​គ្រប់​ទី​កន្លែង​តាម​ដែល​អាចធ្វើ​ទៅ​បាន​»​៕ VN