ក្រុង​ឡុងដ៍​: ខ្សែ​ប្រយុទ្ធ​ Sergio Aguero របស់​ក្រុម​មេឃ​ខៀវ Manchester City ដែល​លេង​នៅ​ក្រប​ខ័ណ្ឌ Premier League អង់គ្លេស ត្រូវ​បាន​ដក​ឈ្មោះ កាល​ពី​ថ្ងៃ​អង្គារ ពេល​ក្រុម​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បារាំង ដើម្បី​ត​ទល់​ជាមួយ Olympique Marseille សម្រាប់​ការ​ប្រកួត​នៅ Champions League ដោយ​សារ​តែ​មាន​របួស​សរសៃ​ពួរ ខណៈអ្នក​ចាត់​ការ​ក្រុម ​លោក Pep Guardiola (Pep) ប្រាប់​ថា អាច​ត្រូវ​សម្រាក​ពី ២ ទៅ ៤​ សប្ដាហ៍​។


Aguero ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​ចុងម៉ោង​នៃ​វគ្គ​ទី១ អំឡុង​ការ​ប្រកួត Premier League ​កាល​ពីថ្ងៃ​សៅរ៍ ដែល​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ West Ham United ១-១ ដោយលោក​ Pep បាន​អះ​អាង​ថា កីឡាក​រវ័យ ៣២​ ឆ្នាំ មាន​បញ្ហា​សាច់​ដុំ ពោល​គឺ​តែ​ ១ សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ធ្វើ​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​នៃ​រដូវកាល​ បន្ទាប់​ពី​វះ​កាត់​ជង្គង់​ហើយ​។

លោក Pep បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​វា​អាស្រ័យ​លើ​ស្ថាន​ភាព​របួស​នោះ​។ យើង​រំពឹង​ថា ១០ ទៅ ១៥​ ថ្ងៃតិច​បំផុត បើ​មិន​អ៊ីចឹង​ទ អាច​ពី ៣ សប្ដាហ៍ ឬ ១​ ខែ​។ នៅ​ពេល​កីឡាករ​ណា​ម្នាក់​ មិន​អាច​លេង​បាន ដោយ​សារ​របួស​ជង្គង់ ហើយ​ព្យាបាល​យ៉ាង​ហោច​ ៤ ឬ​ក៏ ៥ ខែ នោះ​ តែង​តែ​មាន​ហានីភ័យ​ ពេល​ត្រឡប់​មក​កាន់​ទីលាន​វិញ​»​។


គ្រូ​បង្វឹក​វ័យ ៤៩ ​ឆ្នាំ បន្ត​ទៀត​ថា​៖ «​យើង​ព្យាយាម​ដោះ​ស្រាយ​បញ្ហានេះ ឱ្យ​​ល្អ​បំផុត តាម​ដែល​អាច ដោយ​ការ​ដាក់​ឱ្យ​គេ​លេង ពី ៥០ ទៅ ៥៥ នាទី តែ​វា​នៅ​មិន​គ្រាប់​គ្រាន់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ និងជួយ​គេ​ឱ្យ​មាន​មុខ​ក្នុង​ការ​ប្រកួត​បាន​។ យើង​ដឹង​ថា​ គេ​មិន​ទាន់​ជា​ ១០០ ភាគ​រយឡើយ ពេល​ដាក់ឱ្យ​លេង​ទល់​នឹង​ក្រុម Arsenal តែ​ដោយសារ​កង្វះ​ខាត​ខ្សែ​ប្រយុទ្ធ យើង​​ចាំបាច់​ត្រូវ​បង្ខំ​ចិត្ត ហើយ ៦០ នាទី ដែល​គេ​លេង​ ពិត​ជា​សំខាន់​ណាស់​។ យើង​ត្រូវ​តែ​អត់​ធ្មត់ ហើយ​សង្ឃឹម​ថា​ គេ​នឹង​រឹង​ប៉ឹង​ឡើង​វិញ លឿន​បំផុត​តាម​ដែល​អាច​»​។​​


ជាមួយ​គ្នា​នេះ លោក Pep ក៏​បាន​អះ​អាង​ពី​ខ្សែ​បម្រើ Kevin De Bruyne និង​ខ្សែ​ការ​ពារ Aymeric Laporte ថា អាច​នឹង​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​នៅ​បារាំង​នេះ ខណៈ​កីឡាករ​ចំណូល​ថ្មី Nathan Ake និងខ្សែ​ប្រយុទ្ធ Gabriel Jesus ជិត​បាន​ត្រឡប់​មក​កាន់​ទីលាន​វិញ​មែន​ទែន​ហើយ​។


លោក Pep បាន​បា្រប់​បន្ត​ថា​៖ «​​Ake ជិត​ត្រឡប់​មក​វិញ​មែន​ទែន​ហើយ ឯ Jesus ប្រហែល​ជា ១០ ទៅ ១៥ ថ្ងៃ​ទៀត នឹង​អាច​មក​លេង​វិញ​បាន​ហើយ​»​។​

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ក្លិប​នៅ​ទឹក​ដី Etihad មួយ​នេះ អាច​នឹង​នាំ​យក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​កាន់​ក្រុម ដើម្បី​បន្ថែម​ជម្រើសទៀត​ដែរ​ឬទេ? លោក Pep បាន​ឆ្លើយ​ថា៖ «ពេល​ខ្លះ យើង​ពិចារណា​ពី​រឿង​នេះ ហើយបាន​គិត​ពី​វា និង​ពី​របៀប​លេង​នៃ​ខ្សែ​ប្រយុទ្ធ​ផ្សេង​ទៀត តែង​យើង​មិន​អាច​»​។​

លោក Pep បន្ថែម​ទៀត​ថា​៖ «​អ្នក​ដឹង​ទេ នៅ​ពេលអ្នក​សម្រេច​ចិត្ត​ទិញ​ខ្សែ​ប្រយុទ្ធ ១ រូប ដែល​ត្រូវ​តែមាន​កម្រិត​ស្មើ​នឹង Aguero និង Jesus នោះ យើង​រក​មិន​ឃើញ​នៅ​ឡើយ​ទេ​។ នេះ​គឺ​ជាការ​ពិត​»​៕ AFP/VN