ក្រុង​ម៉ា្រឌីដ៖ ក្រុម Atletico Madrid បាន​បន្ថែម​​ក្ដី​សង្ឃឹម​ឱ្យ​ខ្លួន​​កាន់​តែ​ធំ​ឡើង ក្នុង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ La Liga ជាមួយ​នឹង​ជ័យជម្នះ​លើ​​ក្រុម​ Barcelona ១-០ នៅ​ផ្ទះ​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​អាទិត្យ និង​ព្រម​ទាំង​ធ្វើ​ឱ្យ​ក្រុម​គូ​ប្រជែង​របស់​ខ្លួនជួប​នូវ​ការ​ចាប់​ផ្ដើម​ដ៏​សែន​យ៉ាប់​បំផុត​​បន្ត​ទៀត ក្នុង​រយៈ​ពេល ២៩ ​ឆ្នាំ​។​​​


ការ​បញ្ចប់​ទី​យ៉ាង​ស្អាត​ពី​កីឡាករ Yannick Carrasco នៅ​នាទីទី​៤៥+៣ ក្រោយ​មាន​ឱកាស​ឆក់​បាល់​ពី​ការ​បង្កើត​កំហុស​របស់​ខ្សែ​ការពារ Gerard Pique និង​អ្នក​ចាំទី Marc-Andre ter Stegen គ្រប់​គ្រាន់​ក្នុង​ការ​បំបាក់​មុខ​ក្រុម​ Barca ដែល​គ្មាន​អ្វី​តបត​សោះ ពិសេស​កីឡាករ​ឆ្នើម Lionel Messi ដែល​​មាន​ទម្រង់​លេង​ក្រោម​ស្តង់ដា អំឡុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន Wanda Metropolitano នេះ​។

គ្រាប់​បាល់​​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ក្រុម Atletico បាន​កត់ត្រា​នូវ​ជ័យជម្នះ​ក្នុង​លីគ​ដំបូង​របស់​ខ្លួន​លើ​ក្រុម​ Barca ក្នុង​រយៈពេល ១០ ​ឆ្នាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​ពួក​គេ​ នាំ​មុខ​ ៣ ​ពិន្ទុ​ដាច់​លើ​ក្រុម​ជើង​ចាស់ Real Madrid ទាំង​ខ្លួន​នៅ​សល់​ ១ ប្រកួត​ក្នុង​ដៃ​ទៀត​ផង ហើយ​ព្រមទាំង​នាំ​ឱ្យ​មាន​ ២០ ​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​ Real Sociedad ដែល​លេង​លើស​ខ្លួន ១ ​ប្រកួត​​។


លើស​ពី​នេះ​ទៀត គ្រាប់​បាល់​ហ្នឹង ក៏​បាន​ទម្លាក់​ក្រុម​គូ​ប្រជែង​ដ៏​តឹងតែង​របស់​ខ្លួន​ឱ្យ​ធ្លាក់​ទៅ​លេខ ១០ ដោយ​មាន​តែ ១១ ​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម ៨ ​ប្រកួត​ដំបូង​ ដែល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​ការ​រក​បាន​ពិន្ទុ​សរុប​ដ៏​អន់​បំផុត​របស់​ក្រុម​ Barca​ ក្នុង​​ដំណាក់​កាល​ដូច​គ្នា​ហ្នឹង​នៃ​រដូវកាល​ផ្សេង​ៗ គិត​តាំង​ពី​រដូវកាល ១៩៩១-១៩៩២​ មក​។


គ្រូ​បង្វឹក​របស់​ក្រុម​ Barca លោក Ronald Koeman បាន​មាន​ប្រសាសន៍​ថា៖ «​មិន​ខុស​ពី​គ្រូ​បង្វឹក​ដទៃ​ៗ​ដែរ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​។ យើង​ដឹង​ថា ត្រូវ​តែ​ធ្វើ​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន​។ ខ្ញុំ​នៅ​តែ​បន្ត​​មាន​ជំនឿ​លើ​កីឡាករ​ ក្នុង​ក្រុម​ដែល​មាន​ស្រាប់​»​។​​


បន្ថែម​ពី​លើ​លទ្ធផល ដែល​ចាញ់​ហ្នឹង រឿង​ដែល​ធ្វើ​ឱ្យ Barca ខក​ចិត្ត​មិន​តិច​ដែរ នោះ​គឺ​នៅ​ពេល​ឃើញ​កីឡាករ Pique ដើរ​ខ្ចកៗ​លាយ​ដោយ​ទឹក​ភ្នែក ដែល​ក្រោយ​មក​ក្លិប​ប្រាប់​ថា មាន​បញ្ហា​ជង្គង់​ខាង​ស្ដាំ​។

«​ថ្ងៃ​នេះ​ យើង​អាច​ឈ្នះ តែ​វា​អត់​មាន​កែប្រែ​អ្វី​ច្រើន​ឡើយ​។ យើង​លេង​បាន​ល្អ​ណាស់ ហើយ​ខ្ញុំ​រំភើប​មែន​ទែន​នឹង​ក្រុម​មួយ​នេះ​»​។ នេះ​ជា​សម្ដី​របស់​លោក​ Diego Simeone ដែល​ដឹកនាំ​ក្រុម​ Atletico ប្រកួត​មិន​ចាញ់​ក្នុង​លីគ​រហូត ២៤ ​លើក​ហើយ​។

ដោយសារ​ក្រុម​ Real ប្រកួត​​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Villarreal ដែល​កំពុង​តែ​ឡើង​ជើង​ដែរ ខណៈ​ការ​របូត​បាត់​ពិន្ទុ​បន្ថែម​ទៀត​របស់​ក្រុម​​ការពារ​ជើងឯក​នេះ ហាក់​ឱ្យ​ជា​ប្រផ្នូល​ថា នេះ​អាច​ជា​រដូវកាល​របស់​ក្រុម​ Atletico ក៏​ថា​បាន​។

កីឡាករ Mariano Diaz ជួយ​ឱ្យ​ក្រុម Real នាំ​មុខ​មុន​ ក្រោយ​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​បាន​ត្រឹម​តែ ១០៥ ​វិនាទី តែ​ក្រោយ​មក ក្រុម​របស់​លោក Zinedine Zidane ដូច​ជា​ថមថយ​កម្លាំង ហើយ​ទី​បំផុត ក្រុម Villarreal បាន​បង្ហាញ​ថា ពួក​គេ​សម​នឹង​បាន​ពិន្ទុ​ដែរ ដោយ​ការ​វាយ​សម្រុក​រឿយ​ៗ​រហូត​បាន​បាល់​ពិន័យ ១១ ​ម៉ែត្រ ខណៈ​ Gerard Moreno ក៏​មិន​បាន​ខ្ជះ​ខ្ជាយ​ឱកាស​ដោយ​ការ​បំប៉ោង​សំណាញ់​ទី​ឱ្យ​ក្រុម​តាម​ស្មើ​វិញ ១-១ ​ដែល​ជា​លទ្ធផល​ផ្លូវ​ការ​តែ​ម្ដង។

គ្រូបង្វឹក​ លោក​ Zidane បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​ ក្រោយ​ក្រុម​បាត់​បង់ ២ ពិន្ទុ​នេះ ដោយ​បាន​និយាយ​ថា​៖ «​មាន​អារម្មណ៍​ថា ដូច​ជា​បាន​រង្វាន់​ដ៏​តូច ១ អ៊ីចឹង​។ យើង​សម​តែ​បាន​លទ្ធផល​ល្អ​ជាង​ហ្នឹង​ពី​ការ​ប្រកួត ដែល​យើង​បាន​លេង​។ ខ្ញុំ​មាន​អារម្មណ៍​មួម៉ៅ​បន្តិច ដោយសារ​លទ្ធផល​មិន​ដូច​អ្វី​ ដែល​យើង​ប៉ង នោះ​គឺ ៣ ពិន្ទុ​»​។ AFP/VN