Bale និង Ronaldo នឹង​ចូល​លេង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ


20140523_28a
ខ្សែបម្រើស្លាប Gareth Bale (ឆ្វេង) និងខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវគេរំពឹងថានឹងមានវត្តមានរួមគ្នាក្នុងជំនួបផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម Atletico Madrid នៅថ្ងៃសៅរ៍ AFP

ក្រុងម៉ាឌ្រីដ: គ្រូបង្វឹក​នៃ​ក្រុម Real Madrid លោក Carlo Ancelotti បាន​បញ្ជាក់​ថា ទាំង​ខ្សែប្រយុទ្ធ Cristiano Ronaldo និង​ខ្សែបម្រើ​ស្លាប Gareth Bale នឹង​លេង​ក្នុង​ជម្រើស​ដំបូង​សម្រាប់​ក្រុម​របស់​លោក​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Atletico Madrid នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ថ្វីបើ​កំពុង​មាន​ក្តីបារម្ភ​លើ​បញ្ហា​របួស​ក៏ដោយ​។

កីឡាករ​ទាំងពីរ​នាក់ រួម​ទាំង​ខ្សែប្រយុទ្ធ Karim Benzema និង​ខ្សែការពារ Pepe មិន​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​ឡើយ​កាលពី​ព្រឹក ថ្ងៃ​អង្គារ ខណៈ​ដែល Ronaldo ជា​កីឡាករ​តែ​ម្នាក់​ដែល​បង្ហាញ​ខ្លួន​នៅលើ​ទីលាន ដោយ​រូប​គេ​បាន​ធ្វើការ​ហ្វឹកហាត់​ស្រាលៗ​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា លោក Ancelotti ប្រាកដ​ក្នុង​ចិត្ត​ថា កីឡាករ​មាន​តម្លៃ​ខ្លួន​ដ៏ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ទាំង​ពីរ​រូប​នេះ​នឹង បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ទាំង​១១​នាក់​ដំបូង​នៅ​កីឡាដ្ឋាន Estadio da Luz ក្នុង​ទីក្រុង Lisbon​។ លោក Ancelotti បាន​ឲ្យ​ដឹង​ថា៖ «Bale មិន​បាន​ហ្វឹកហាត់ ពីព្រោះ​រូប​គេ​បាន​ធ្វើការ​យ៉ាង​ពិសេស​នៅ​កន្លែង​ហាត់ប្រាណ​។ យើង​ពេញចិត្ត​ជាង​ដែល​រូប​គេ​បាន​ហ្វឹកហាត់​នៅ​ក្លិប​ហាត់​ប្រាណ ហើយ​រូប​គេ​មិន​ចាំបាច់​ត្រូវ​តែ​ទៅ​ទីលាន​ឡើយ​។ កីឡាករ​ទាំង​ពីរ​រូប​នេះ​នឹង​ត្រូវ​តែ​លេង​។ នោះ​ជា​អ្វី​ដែល​សំខាន់​សម្រាប់​យើង​»​។ Ronaldo ផ្ទាល់ បាន​អះអាង​ថា បើ​ទោះ​បី​អវត្តមាន​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​របស់ Real ក្នុង​ក្របខ័ណ្ឌ La Liga ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក៏ដោយ រូប​គេ​នឹង​មាន​ភាព​រឹងមាំ​ទាំង​ស្រុង វិញ​សម្រាប់​ការ​ប្រកួត​នៅក្នុង​ប្រទេស​កំណើត​របស់​គេ​។

កីឡាករ ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភពលោក​រូប​នេះ និយាយ​ថា៖ «រឿង​ទាំងនេះ​អាច​កើតឡើង​។ យើង​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ និង​លេង​នៅ​ចុងសប្តាហ៍ និង​ពាក់កណ្តាល​សប្តាហ៍ ហេតុនេះ វា​ជា​រឿង​ធម្មតា​ដែល​ពេល​ខ្លះ​រាងកាយ​ប្រតិបត្តិការ​ជា​អវិជ្ជមាន​។ ខ្ញុំ​បាន​ជួប​សំណាង​អាក្រក់​មួយ​ចំនួន និង​បញ្ហា​បន្តិចបន្តួច​នៅពេល​ជិត​បញ្ចប់​រដូវកាល​នេះ ប៉ុន្តែ វា​ជា​រឿង​ធម្មតា​ទេ​»​។ Ronaldo បាន​បន្ថែម​ថា៖ «រាល់​កីឡាករ​ទាំងអស់​ក្នុង​ពិភពលោក រង​នូវ​បញ្ហា​របួស ហើយ​រឿង​ដ៏សំខាន់​គឺ​ថា ខ្ញុំ​មាន​អារម្មណ៍​ល្អ ហើយ​នៅ​ពេល​ថ្ងៃ​សៅរ៍​មក​ដល់ ខ្ញុំ​នឹង​ស្ថិត​ក្នុង​កម្រិត​ដ៏ល្អ​បំផុត​របស់​ខ្ញុំ​»​។ Bale ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​អវត្តមាន​របស់​គេ​កាលពី​ថ្ងៃ​អង្គារ មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​នោះ​ឡើយ​។ ខ្សែបម្រើ​អន្តរជាតិ​ឆ្នើម​រូប​នេះ បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ ខ្ញុំ​មិន​បាន​លេង​ពីរ​ប្រកួត​កាលពី​មុន​នៅ​ចុង​សប្តាហ៍ ហេតុនេះវា​ជា​ការ​ល្អ​មួយ​ដែល​អាច​ធ្វើឲ្យ​ខ្ញុំ​មាន​ការ​រឹងមាំ​ឡើង​វិញ ។ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​អវត្តមាន​មួយ​ថ្ងៃ​អំឡុង​ពេល​មួយ​សប្តាហ៍ ហើយ​យើង​មាន​រយៈពេល​៤​ថ្ងៃ​មុន​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​»​។

ប៉ុន្តែ លោក Ancelotti មាន​ការ​ជឿជាក់​តិចតួច​ប៉ុណ្ណោះ​ទៅលើ​សភាព​របស់ Benzema និង Pepe​។ ខ្សែប្រយុទ្ធ Benzema បាន​ដើរ​លោតៗ​ជាមួយ​នឹង​បញ្ហា​របួស​ដ៏ធ្ងន់​មួយ​ក្នុង​ពេល​ក្រុម Rea ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ លើ​ក្រុម Espanyol កាលពី​ចុង​សប្តាហ៍ ខណៈ​ដែល​ខ្សែការពារ Pepe បាន​អវត្តមាន​ចាប់​តាំងពី​ការ​រងរបួស​សាច់ដុំ​កំភួនជើង​កាលពី​ពីរ សប្តាហ៍​មុន​មក​នោះ។

គ្រូបង្វឹក​រូប​នេះ​បាន​គូស​បញ្ជាក់​ថា៖ «ពួកគេ​ជា​កីឡាករ​តែ​ពីរ​នាក់​ដែល​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​។ នៅពេល​នេះ​ខ្ញុំ​មិន​មាន​ទុទ្ទិដ្ឋិនិយម ឬ​ក៏​សុទិដ្ឋិនិយម​ឡើយ​។ យើង​មាន​រយៈពេល​បួន​ថ្ងៃ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​ជុំវិញ​ភាព​ស្រពេចស្រពិល​ដែល​យើង​មាន​នា​ការ​ប្រកួត​នេះ​»​។

Real និង Atletico បាន​ជួប​ប្រកួត​គ្នា​ចំនួន​៤​លើក​រួច​ជា​ស្រេច​នៅ​រដូវកាល នេះ ខណៈ​ដែល​ក្រុម​របស់​លោក Ancelotti បាន​កត់ត្រា​ជ័យជម្នះ​ទាំង​ពីរ​ជើង​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល ៥-០ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Copa del Rey វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ស្រប​ពេល​ក្រុម Atletico មាន​ប្រៀប​ជាង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន La Liga ជា​លើក​ទី​១​ក្នុង​រយៈពេល​១៨​ឆ្នាំ​។ លោក Ancelotti កំពុង​តែ​រំពឹង​ថា នឹង​មាន​ការ​ប្រកួត​ដ៏ស្វិតស្វាញ​មួយ​រវាង​ក្រុម​ទាំង​ពីរ​។ លោក​បាន​និយាយ​ថា៖ «វា​គ្មាន​ភាព​អាថ៌កំបាំង​អ្វី​សម្រាប់​ការប្រកួត​នេះ​ឡើយ​។ ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ស្គាល់ គ្នា​យ៉ាង​ច្បាស់​។ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បែប​នេះ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​ឡើយ»​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ថា Real Madrid បាន​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ស្វែងរក​ជ័យជម្នះ​ក្នុង​ទីក្រុង Lisbon ក្រោយពី​ការ​បរាជ័យ​របស់​ពួកគេ​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន La Liga​។

គ្រូបង្វឹក​រូប​នេះ បាន​កត់សម្គាល់​ថា៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​នឹង​ក្រុម Real Madrid​។

ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ក្នុង​ការ​ចូលរួម​ជា​ចំណែក​មួយ​នៅពេល​នេះ​។ ការងារ​ដែល​យើង​បាន​បំពេញ​នៅក្នុង​ក្របខ័ណ្ឌ Champions League ពិតជា​មាន​ដំណើរការ​យ៉ាង​ល្អ​»​។

លោក Ancelotti បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «​វា​ជា​គោលបំណង​ដ៏សំខាន់​របស់​យើង​នៅពេល​ចាប់ផ្តើម​នៃ​រដូវកាល​មួយ នេះ​ក្នុង​ការ​ឈាន​ទៅ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​ជា​ច្រើន​ត្រូវ​តែ​មើល​ការ​ប្រកួត​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍ ។ យើង​មាន​សំណាង​ក្នុង​ការ​លេង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​»​។

គួរ បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕ IS

ព័ត៌មានថ្មីៗ