ក្រុង​ម៉ា្រឌីដ៖ ក្រុម​អ្នក​មាន​បុណ្យ Barcelona នៅ​តែ​អាច​រក្សា​ក្ដី​សង្ឃឹម​ស្ដួច​ស្ដើង​របស់​ខ្លួន​បាន​បន្ត​ទៀត ហើយ​រុញ​​ទម្លាក់​ក្រុម Espanyol ​ពី​ក្របខ័ណ្ឌ​​ La Liga កាល​ពី​ថ្ងៃ​ពុធ ដោយសារ​ ១ ​គ្រាប់ ​របស់​ខ្សែ​ប្រយុទ្ធ Luis Suarez ដែល​ធានា​បាន​នូវ​ជ័យ​ជម្នះ​ឲ្យ​ក្រុម​របស់​ខ្លួន​នៅ​ផ្ទះ​ខ្លួន​ឯង ក្នុង​​ជំនួប​រវាង​ក្រុម​នៅ​តំបន់​កាតាឡាន​តែ ​១។


ការ​ប្រកួត​ដែល​ធ្វើ​ឡើង​យ៉ាង​ប្រយ័ត្ន​ប្រយែង​នៅ​ឯ​កីឡដ្ឋាន Camp Nou នេះ ចាប់​ផ្ដើម​ក្ដៅ​គគុក​នៅ ៦ ​នាទី​ដំបូង​នៃ​វគ្គ​ទី​២ ពេល​កីឡាករ ២ រូប​នៃ​ក្រុម​ទាំង ២ គឺ​ខ្សែ​ប្រយុទ្ធ Ansu Fati របស់​ក្រុម​ម្ចាស់​ផ្ទះ Barca និង​ខ្សែ​បម្រើ​ Pol Lozano ទទួល​បាន​កាត​ក្រហម​ ដែល​ធ្វើ​ឲ្យ​ទាំង​សង​ខាង​សល់​សមាជិក ១០ នាក់​។

១ ​គ្រាប់​របស់​ក្រុម​អ្នក​មាន​បុណ្យ​កើត​ឡើង​ពី​ការ​រួម​ចំណែក​នៃ​កីឡាករ​តំបន់​លើ​ទាំង ៣ ដោយ​កីឡាករ​សញ្ជាតិ​បារាំង Antoine Griezmann បាន​ប្រើ​កែង​ជើង​បញ្ជូន​បាល់​ឲ្យ​កីឡាករ​អន្តរជាតិ​អាហ្សង់ទីន Lionel Messi ស៊ុត តែ​មិន​ផុត​ពី​ខ្សែ​ការពារ​មុន​នឹង​កីឡាករ Suarez របស់​អ៊ុយរូហ្គាយ រត់​ទៅ​ថែម​បាល់​ដែល​ខ្ទាត​មក​វិញ​នោះ បំប៉ោង​សំណាញ់​ទី​បាន​សម្រេច​នៅ​នាទីទី ​៥៦​។


ជ័យ​ជម្នះ ១-០ ពិត​មែន​​នៅ​ឆ្ងាយ​ហៅ​មិន​ឮ​ពី​លទ្ធផល​ដ៏​មហិមា​ ៤-១ លើ​ក្រុម​​ Villarreal កាល​ពី​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​វា​បាន​ជួយ​បង្ខិត​ក្រុម Barca ឲ្យ​តាម​តែ ១ ​ពិន្ទុ​ចំពោះ​ក្រុម​កំពូល​តារាង Real Madrid ដែល​សល់​ការ​ប្រកួត ១ ​លើក​ក្នុង​ដៃ ដោយ​ត្រូវ​ប៉ះ​ក្រុម​ Alaves នៅ​ផ្ទះ​ខ្លួន​ឯង​។


ដោយ​ឡែក​ក្រុម Espanyol ដែល​រើ​ខ្លួន​មិន​រួច​ពី​បាត​តារាង​នឹង​ត្រូវ​ធ្លាក់​ពី​លីក​លំដាប់​កំពូល​របស់​អេស្ប៉ាញ​ហើយ ក្រោយ​រង​បរាជ័យ​ក្នុង​ការ​ប្រកួត​នេះ ដោយសារ​ថា ពួក​គេ​មាន ១១ ​ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​ដែល​នៅ​ទី​សុវត្ថិភាព ខណៈ​​ការ​ប្រកួត​នៅ​សល់​តែ ៣ ​ដង​ទៀត​ប៉ុណ្ណោះ ដូច្នេះ​មាន​ន័យ​ថា បើ​ទោះ​ឈ្នះ​ការ​ប្រកួត​នៅ​សល់​ទាំង​អស់ ក៏​មិន​អាច​មាន​ពិន្ទុ​ឡើង​ផុត​ពី​តំបន់​ត្រូវ​កាត់​ចោល​ដែរ​។


ចំណង​ជើង​អត្ថបទ​ទំព័រ​មុខ​របស់​កាសែត​ Mundo Deportivo ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​សរសេរ​ថា៖ «​ស្លាប់ ឬ​រស់​»​ ហើយ​ការ​ដាក់​ចំណង​ជើង​បែប​នេះ​ ដោយសារ​ថា​ ក្រុម​ទាំង ២ សុទ្ធ​តែ​ការ​ជ័យជម្នះ​ដូច​គ្នា។ ​ក្រុម​ Barca ​ត្រូវ​ការ​ឈ្នះ ដើម្បី​តាម​ប្រជែង​ពាន​ជាមួយ​ក្រុម Real ខណៈ​ក្រុម Espanyol ចង់​បាន ៣ ​ពិន្ទុ ដើម្បី​ពន្យារ​អាយុ​ជីវិត​របស់​ខ្លួន​បន្ត​ទៀត​។

សម្រាប់​ការ​ប្រជែង​ពាន​រង្វាន់​វិញ​ មនុស្ស​ជា​ច្រើន​យល់​ថា​ ​ក្រុម​ដែល​មាន​សិទ្ធិ​ខ្ពស់​ជាង​គេ ក្នុង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ La Liga រដូវកាល​នេះ គឺ​ក្រុម Real ដោយសារ​​បើ​គិត​លើ​ប្រវត្តិ​ជួប​គ្នា (head-to-head) គឺ​ល្អ​ជាង​ក្រុម Barca ហើយ​បើ​គិត​លើ​គូ​ប្រកួត ដែល​ក្រុម​ទាំង ២ ត្រូវ​ប្រឈម​ជាមួយ​សម្រាប់​ការ​ប្រកួត ដែល​នៅសល់​វិញ ឃើញ​ថា​ ​ក្រុម​របស់​លោក Zinedine Zidane នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​ដដែល ក្នុង​ការ​យក​ជ័យ​ជម្នះ​។

តែ​កីឡាករ Suarez សង្ឃឹម​ថា នឹង​មាន​រឿង​អស្ចារ្យ​កើត​ឡើង​ចុះ ដោយ​កីឡាករ​វ័យ​ ៣៣ ​ឆ្នាំ បាន​និយាយ​ថា​៖ «​យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ ដែល​នៅ​សល់​ទាំង​ ៣ ​លើក​។​ អ្វី​ ដែល​ក្រុម Real សម្រេច​បាន គឺ​ជា​រឿង​របស់​ពួក​គេ។​ វា​ជា​រឿង​អស្ចារ្យ​ណាស់ បើ​សិន​ជា​ពួក​គេ​ជ្រុះ​បាត់​ពិន្ទុ។​យើង​គ្រាន់​តែ​បន្ត​ការងារ​របស់​ពួក​យើង ចំណែក​ពួក​គេ​ធ្វើ​បាន​លទ្ធផល​យ៉ាង​ណា​ជា​រឿង​របស់​ពួក​គេ​»​៕ AFP/VN