Canavaro សង្ឃឹម​ថា ​នឹង​បន្ត​​នៅ​ក្លិប​ចិន​ក្រោយ​បាន​ពាន​​រង្វាន់​

Content image - Phnom Penh Post
លោក Cannavaro ក្នុង​ពិធី​អប​អរ​លើក​ពាន​លីក​ពី​ថ្ងៃ​អាទិត្យ​​​។ AFP

ក្រុង​ស៊ាងហៃ៖ លោក Fabio Cannavaro បាន​និយាយ​ថា ការ​ដឹកនាំ​ក្លិប​ Guangzhou Evergrande ឲ្យ​​​លើក​ពាន​​លីក​កំពូល​​ប្រទេស ​ចិន ​គឺ​ជា ​«រឿង​អស្ចារ្យ​មួយ​»​ និង​ផ្ដល់​កម្លាំង​​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​គាត់​​ក្នុង​ការ​រំពឹង​ថា នឹង​បន្ត​តំណែង​នេះ​ជា​បន្ត​ទៀត​។​​

ម្ចាស់​ជើងឯក​ World Cup សញ្ជាតិ​អ៊ីតាលី​អាយុ ​៤៦ ​ឆ្នាំ​រូប​នេះ ​​ត្រូវ​បានបញ្ឈរ​ជើង​ជា​​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​នៅ​ខែ​តុលា​​​ ប៉ុន្តែ​បាន​វិល​ទៅ​ដឹក​នាំ​ក្លិប​ដ៏​​ធំ​បំផុត​​នៅ​ប្រទេស ​ចិន ​មួយ​នេះ​​បាន​ធ្វើ​ជា​ម្ចាស់​ជើងឯក​កាល​ពី​ថ្ងៃ​អាទិត្យ​។​

នេះ​ជា​ជ័យជម្នះ​ដ៏​សំខាន់​លើក​ដំបូង​របស់​អតីត​ខ្សែ​ការពារ​ក្លិប Juventus និង​ក្លិប Real Madrid រូប​នេះ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ និង​ជា​ជ័យជម្នះ​ផ្ទាល់​ខ្លួន ​ក្រោយ​ពី​គាត់​បាន​ជួប​បញ្ហា​ដែល​អាច​​ធ្វើ​ឲ្យ​រូប​គាត់​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​បណ្ដេញ​ចេញ​ពី​តំណែង​។​

លោក Cannavaro បាន​ប្រាប់​កាសែត​ Guangzhou Daily ពី​ថ្ងៃ​អង្គារ​ថា៖ «​ខ្ញុំ​ដឹង​ថា មាន​ឈ្មោះ​គ្រូ​បង្វឹក​ជា​ច្រើន​ត្រូវ​បាន​ត្រៀម​ដាក់​ជំនួស​ខ្ញុំ​រួម​ទាំង​លោក Jose Mourinho លោក Zinedine Zidane និង​លោក Scolari ផង​ដែរ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​សម្រាប់​ក្រុម​មួយ​ដូច​ជា​ក្រុម​ Evergrande នេះ អ្នក​គាំទ្រ​សង្ឃឹម​ថា នឹង​មាន​គ្រូ​បង្វឹក​ឆ្នើមៗ​មក​ដឹកនាំ​ដែល ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ជា​ច្រើន​»។​ ​

លោក Cannavaro បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពិត​ជា​មិនមែន​ជា​គ្រូ​បង្វឹក​អស្ចារ្យ​បំផុត​នោះ​ទេ​​ ហើយ​វា​មិន​អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ពេញ​ចិត្ត​នោះ​ទេ​»។​

ក្លិប Guangzhou នៅ​តែ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​លីក​កំពូល​ចិន​កាល​ពី​ចុង​ខែ​តុលា ​ប៉ុន្តែ​ទម្រង់​លេង​មិន​បាន​ល្អ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បញ្ឈរ​ជើង​គ្រូ​បង្វឹក​រូប​នេះ​មួយ​រយៈ​ពេល​ខ្លី​សិន​ដោយ​ដាក់​ឲ្យ​ប្រធាន​ក្រុម​​ជើង​ចាស់​ Zheng Zhi ដឹកនាំ​បន្ត​។​

លោក Cannavaro បាន​វិល​ចូល​ដឹក​នាំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​វិញ​នៅ​ដើម​ខែ​វិច្ឆិកា ក្រោយ​ពី​ក្លិប​បាន​ណែនាំ​ប្រាប់​គាត់​កុំ​ឲ្យ​មាន​កំហុស​ឆ្គង​ត​ទៀត​។​​

ក្លិប​ Guangzhou បាន​បន្ត​ឈ្នះ ​៣ ​ប្រកួត​បន្ត​ទៀត​ និង​បាន​ឈ្នះ​ពាន​​លើក​ទី ​៨ ​របស់​ខ្លួន​ក្នុង​រយៈពេល ​៩ ​ឆ្នាំ ​ជាមួយ​ជ័យជម្នះ​ ៣-០ ទៅ​លើ​ក្រុម​ Shanghai Shenhua កាល​ពី​ចុង​សប្ដាហ៍​​មក​នេះ​។​

លោក Cannavaro បាន​និយាយ​ពី​ការ​ដែល​ត្រូវ​បាន​គេ​បញ្ឈរ​ជើង​នៅ​ពេល​នោះ​ថា៖ «​ខ្ញុំ​ដឹង​ច្បាស់​ថា​ ពិភព​ខាង​ក្រៅ​​បាន​បញ្ចេញ​មតិ​យោបល់​ពី​បញ្ហា​នេះ​ផ្សេង​ៗ​គ្នា​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា គាត់​មាន​អាទិភាព​មួយ​ចំនួន​សម្រាប់​រដូវកាល​​បន្ទាប់​ទៀត ​ដោយ​អះ​អាង​ថា គាត់​រំពឹង​ថា​នឹង​នៅ​តែ​បាន​បន្ត​ដឹកនាំ​ក្លិប Guangzhou នេះ​ជា​បន្ត​ទៀត​៕ AFP/SN