ក្រុង​មីឡាន៖ កីឡាករ Zlatan Ibrahimovic ទម្លុះ​សំណាញ់​ទី​បាន ២ គ្រាប់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​គេ​មាន​គ្រាប់​បាល់​សរុប​ក្នុង​លីគ​នា​រដូវកាល​នេះ ចំនួន ១០ គ្រាប់ ហើយ​គ្រាប់​បាល់​នេះ​បាន​រួម​ចំណែក​យ៉ាង​ធំធេង ពេល​​ក្រុម AC Milan បន្ដឹង​សាច់​ដុំ​ ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ ៣-១ លើ​ក្រុម​ Napoli ដែល​សល់​គ្នា​តែ ១០ ​នាក់​ អំឡុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​ Serie A កាល​ពី​ថ្ងៃ​អាទិត្យ​។


ឥឡូវ​នេះ ក្រុម Milan មាន ២០ ​ពិន្ទុ ឈរ​ទី​១ ក្នុង​តារាង ពោល​គឺ​​នាំ​មុខ​ដាច់ ២ ពិន្ទុ លើ​ក្រុម​ Sassuolo ដែល​យកឈ្នះ​ Hellas Verona ២-០ ខណៈ Roma ឡើង​ទៅ​លេខ ៣ ក្រោយ​បំបាក់​​ក្រុម Parma ៣-០ ដែល​ក្នុង​នោះ​កីឡាករ Henrikh Mkhitaryan ស៊ុត​បាន ២ គ្រាប់​។

គ្រូបង្វឹក​របស់​ Napoli បាន​និយាយ​សរសើរ​អតីត​មិត្ត​រួម​ក្រុម Milan ថា​៖ «​សម្រាប់​ខ្ញុំ​ Ibrahimovic គឺ​ជា​កីឡាករ​ ដែល​កាន់​តែ​រឹងមាំ​ឡើងៗ​ជាង ១០-១២ ឆ្នាំ​មុន​។ ក្រុម Milan មាន​ទំនុក​ចិត្ត​លើ​គាត់ ១០០ ​ភាគរយ​ ហើយ​មិត្ត​រួម​ក្រុម​ ក៏​ជឿ​លើ​គាត់​ពេញ​ទំហឹង​ដែរ​។ ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ពួក​គេ​មិន​មែន​ជា​ក្រុម ដែល​ខ្លាំង​បំផុត​ទេ តែ​ពួក​គេ​មាន​កម្លាំង​ចិត្ត​ពេញ​បរិបូរណ៍​។ យើង​លេង​ល្អ តែ​ចាញ់​»​។


ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​​វ័យ ៣៩ ​ឆ្នាំ Ibrahimovic បាន​បន្ត​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​ខ្លួន ជាមួយ​នឹង​​ការ​តែត​ឱ្យ​ក្រុម Milan នាំ​មុខ ១-០ នៅ​នាទីទី​២០ ហើយ​​​ក្រោយ​មក​ក៏​បាន​បន្ថែម​គ្រាប់​ទី២ នាទីទី​៥៤។


ខ្សែ​បម្រើ Dries Mertens ​ជួយ​កាត់​បន្ថយ​ការ​នាំ​មុខ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Napoli មក​ត្រឹម ១ គ្រាប់ នៅ​នាទីទី​៦៣ តែ​កីឡាករ Jens Petter Hauge នាំ​ជ័យជម្នះ​ផ្លូវ​ការ​ឱ្យ​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ៣-១ នៅ​នាទីទី​៩០+៥​។​​​


ជាមួយ​គ្នា​នេះ គ្រូបង្វឹក​របស់​ក្រុម Milan លោក Stefano Pioli មិន​បាន​រួម​ដំណើរ​ជាមួយ​កូន​ក្រុម​របស់​ខ្លួន​ទេ ដោយសារ​ឆ្លង​ជំងឺ​កូវីដ ១៩។

តែ​ក្រុម​របស់​លោក Pioli នៅ​តែ​អាច​ដណ្ដើម​បាន​នូវ​ជោគជ័យ​លើក​ដំបូង​ នៅ​ទីក្រុង Naples នេះ គិត​តាំង​ឆ្នាំ ​២០១០ មក ពោល​គឺ​ជា​រដូវកាល ដែល​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​ក្របខ័ណ្ឌ Serie A ឬ Scudetto របស់​អ៊ីតាលី។

ការ​ឈ្នះ​ជើងឯក​នៅ​ពេល​នោះ​ Ibrahimovic ក៏​មាន​ជាប់​​ឈ្មោះ​ក្នុង​តារាង​កីឡាករ​​​រក​គ្រាប់​បាល់​បាន​ច្រើន​​​​ជាង​គេ​ផង​ដែរ​៕ AFP/VN