ក្រុងឡុងដ៍ៈ ខ្សែប្រយុទ្ធ Harry Kane ជឿជាក់​ថា ក្លិប Tottenham Hotspur អាច​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់​ដើម្បី​ឈ្នះ​ពាន​អង់គ្លេស Premier League ក្រោយពី​បាន​ពង្រឹង​សមត្ថភាព​ក្លិប​របស់គេ​ក្នុង​រដូវកាល​ដោះដូរ​កីឡាករ​រួចមក​។


ក្លិប Tottenham ឬ Spurs ជា​ម្ចាស់​ជើងឯករង Champions League បាន​បើក​យុទ្ធនាការ​ក្របខ័ណ្ឌ Premier League ជាមួយ​ជោគជ័យ ៣-១ លើ​ក្លិប​ទើប​ល្បីឈ្មោះ Aston Villa នៅ​កីឡដ្ឋាន Tottenham Hotspur ពី​ថ្ងៃ​សៅរ៍​។

ក្រុម Spurs បាន​មានឱកាស​ជិត​នឹង​លើក​ពាន Premier League ម្ដង​ទៅហើយ​ក្រោម​ការដឹកនាំ​របស់​លោក Mauricio Pochettino ដែល​ក្នុង​នោះបាន​ជាប់​លេខ​ ២ ​នៅ​រដូវកាល​ឆ្នាំ​ ២០១៦-១៧ និង​បាន​លេខ​ ៣ ​ស្ថិត​នៅ​រដូវកាល​ចន្លោះ​ឆ្នាំ​ ២០១៦ ​និង​ឆ្នាំ​ ២០១៨​។


ទោះ​យ៉ាងណា​ក៏ដោយ ក្លិប Spurs បាន​បង្កើន​សមត្ថភាព​ក្រុម​របស់​ខ្លួន​ក្រោយពី​មិនបាន​ទិញ​កីឡាករ​ថ្មី​រយៈពេល​ ២ ​រដូវកាល​ជាប់ៗ​គ្នា ហើយ​កីឡាករ​ដែល​បាន​ទិញ​នោះ​រួមមាន​កីឡាករ Tanguy Ndobele កីឡាករ Giovani Lo Celso និង​កីឡាករ Ryan Sessegnon​។


តារាបាល់ទាត់ Kane ប្រចាំ​ក្លិប Spurs មាន​ទំនុក​ចិត្ត​ថា ក្លិប Spurs អាច​យកឈ្នះ​ម្ចាស់​ជើងឯក Man City និង​ក្លិប Liverpool គ្រប់​ពេល​នៅ​រដូវកាល​ថ្មី​នេះ​ក្រោយពី​ទទួល​បាន​ជោគជ័យ​លើ​ក្លិប Villa​។


តារាបាល់ទាត់​រូបនេះ​បាន​និយាយ​ថា​៖ «​យើង​បាន​ជួបគ្នា​មួយ​ភ្លែត​ពី​ឆ្នាំមុន​ ប៉ុន្តែ​ពួកគេ​បាន​ទៅមុខ​ក្រោយពី​ខែមករា​។ យើង​ត្រូវ​ច្បាស់​ថា យើង​ត្រូវ​ចាប់ផ្ដើម​ដោយ​ល្អ​ព្រោះ​ក្លិប Liverpool ទទួល​ជោគជ័យ​កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​ក្លិប Man City ជោគជ័យ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ដូច្នេះ​វា​សំខាន់​ដែល​យើង​ត្រូវ​បន្ត​បែប​នេះ​ជា​បន្តទៀត​»​។

កីឡាករ Kane បាន​បន្ត​ថា​៖​ «​យើង​មាន​ទំនុកចិត្ត​ទាំងស្រុង​ថា យើង​ពិតជា​អាច​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់​ ប៉ុន្តែ​នៅមាន​ផ្លូវ​ឆ្ងាយ​ត្រូវ​ដើរ​ខាងមុខ​ទៀត​ដូច្នេះ​ហើយ​យើង​បាន​ទិញ​កីឡាករ​ថ្មី​ថែមទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​ពីព្រោះ​យើង​មាន​ការប្រកួត​ថែមទៀត​ ដើម្បី​ដណ្ដើម​កៅអី ហើយ​នោះ​ជា​អ្វីដែល​យើង​មាន​»​។

ប្រធាន​ក្រុម​រូបនេះ​បាន​បន្ថែម​ថា​៖ «​យើង​មាន​ក្រុម​ល្អ និង​ស្រេកឃ្លាន​ជ័យជម្នះ​ព្រោះ​គ្រប់គ្នា​ស័ក្តិសម និង​ត្រៀមខ្លួន​ទៅមុខ​ជានិច្ច ហើយ​កីឡាករ​ត្រូវតែ​ព្យាយាម​បង្កើត​ឥទ្ធិពល ហើយ​ពួកគេ​សម្រេច​បាន​មែន​។ ពិតជា​សំខាន់​សម្រាប់​យើង​ប្រសិនបើ​យើង​នឹងមាន​រដូវកាល​ល្អ​មួយ​។ ជា​ការពិត​វា​ទើបតែ​ចាប់ផ្តើម​ទេ​ឥឡូវ​នេះ​ ប៉ុន្តែ​ពេញ​ ១ ​រដូវរងា​នៅពេល​មាន​ការប្រកួត​កាន់តែ​ច្រើន​នោះ យើង​ត្រូវការ​អ្នក​រាល់​គ្នា​ចូលរួម​វិភាគទាន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​»​។

កីឡាករ​ដដែល​នេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​គិតថា វា​ពិតជា​នឹង​ជួយ​យើង​នៅពេល​យើង​ចាប់ផ្ដើម​ដើរចូល​ក្នុងការ​ប្រកួត​កាន់តែ​ច្រើន​ឡើងៗ ហើយ​យើង​ពិតជា​មិនមាន​ឱកាស​ដើម្បី​ឃើញ​កីឡាករ Ryan និង Gio ចូលរួម​ហ្វឹកហាត់​ជាមួយ​យើង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ជា​ការពិត ខ្ញុំ​ពិតជា​កំពុង​ទន្ទឹង​រង់ចាំ​រឿង​នោះ​នៅ​សប្ដាហ៍​ក្រោយ​នេះ ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា ពួកគេ​នឹង​ចង់​មក​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ផងដែរ​ ព្រោះ​គ្រប់គ្នា​នៅទីនេះ​កំពុង​ព្យាយាម​ដើរ​ឲ្យ​ត្រូវ​គោលដៅ ហើយ​នោះ​ជា​អ្វី​ដែល​យើង​កំពុងតែ​ព្យាយាម​ធ្វើ​បែប​នោះឯង​»៕ SN