ក្រុងលីវើភូលៈ ក្រុមហង្សក្រហម Liverpool បានបង្កើតជ័យជម្នះដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Champions League ក្រោយឈ្នះក្រុម Barcelona ៤-០ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រសម្រាប់រយៈពេល ២ ឆ្នាំជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈខ្សែប្រយុទ្ធ Divock Origi និងខ្សែបម្រើ Georginio Wijnaldum រកបានម្នាក់ ២ គ្រាប់។
ក្រុមហង្សក្រហមបានប្រកួតនៅកីឡដ្ឋាន Anfield ដោយឈ្នះក្រុម Barcelona ដើម្បីលុបចោលលទ្ធផលដែលខ្លួនចាញ់ ៣-០ នៅជើងទី ១ ដែលបង្ករបួសដល់ខ្សែប្រយុទ្ធ Mohamed Salah និង Roberto Firmino ផងដែរ។
ក្នុងការប្រកួតនេះខ្សែប្រយុទ្ធ Origi និងកីឡាករ Wijnaldum បានបំប៉ោងសំណាញ់ទីម្នាក់ ២ ដង ខណៈក្រុម Barcelona ក្នុងជើងទី ២ នេះមិនអាចរកបាន ១ គ្រាប់ទៀតបន្ថែមពីលើការនាំមុខ ៣-០ ដែលខ្លួនរកបាននៅជើងទី ១ ធ្វើឲ្យក្រុមនេះមិនអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានទេ។
លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបាននិយាយថា៖ «ជាមួយក្រុមផ្សេងទៀតគឺខ្ញុំគិតថា វាមិនអាចមានលទ្ធផលបែបនេះទេ។ ពួកគេគឺពិតជាខ្លាំងមែន ហើយវាមិនគួរឲ្យជឿសោះថា យើងមានរដូវកាលមួយបែបនេះ យើងមានការប្រកួតបែបនេះ ខណៈយើងមិនមានកីឡាកររងរបួសបែបនេះទាល់តែសោះ»។
លោកបានបន្ថែមថា៖ «ការប្រកួត និងការដាក់ទម្រង់លេងនៅលើទីលាននេះគឺមិនគួរឲ្យជឿថា វាបានជោគជ័យទាល់តែសោះ ធ្វើឲ្យខ្ញុំមានមោទនភាពណាស់ដែលបានធ្វើជាគ្រូបង្វឹករបស់ក្រុមនេះ»។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្តថា៖ «អ្វីដែលពួកគេបានធ្វើនៅយប់មិញនេះគឺពិតជាពិសេសមែនទែនធ្វើឲ្យខ្ញុំចងចាំជារៀងរហូត»។
សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែមិថុនាក្នុងទីក្រុង Madrid នៅប្រទេសអេស្ប៉ាញដែលអ្នកគាំទ្រភាគច្រើនជឿថាក្រុមនេះនឹងធ្វើជាម្ចាស់ជើងឯកពានអឺរ៉ុបនេះជាលើកទី ៦។
ជ័យជម្នះនេះធ្វើឲ្យគេនឹកដល់លទ្ធផលនៅឆ្នាំ ២០០៥ ក្រោយពីក្រុមនេះបានតាមស្មើវិញនឹងក្រុម AC Milan ដែលបាននាំមុខ ៣-០ នៅតង់ទី ១ នៃវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី ហើយបន្តឈ្នះដោយការស៊ុតបាល់ប៉េណាល់ទីក្រោយថែមម៉ោង ១៥ នាទី ២ ដងរួចហើយ។
លោក Klopp បានបញ្ជាក់ថា៖ «យើងជឿជាក់លើឱកាសនេះ ហើយយើងមិនបានប្រៀបធៀបទៅនឹងលទ្ធផលនៅទីក្រុងអ៊ីស្តង់ប៊ុល ឬអ្វីផ្សេងទៀតទេ ប៉ុន្តែយើងចង់បង្កើតប្រវត្តិសាស្ត្រផ្ទាល់របស់យើង។ ការពិតយើងត្រូវការជំពូកថ្មីៗថែមទៀត ហើយក្មេងៗទាំងនេះជាអ្នកបង្កើតរឿងនេះ»។
លទ្ធផលបរាជ័យក្នុងការប្រកួតចុងក្រោយនេះបានធ្វើឲ្យគ្រូបង្វឹកក្រុម Barcelona លោក Ernesto Valverde កំពុងប្រឈមនឹងភាពអាម៉ាស់ដែលមិនបានលើកពានអឺរ៉ុបនេះជាលើកទី ២ នៅក្នុងពេលគាត់កំពុងគ្រប់គ្រងក្រុមនេះ។
បរាជ័យរបស់ម្ចាស់ជើងឯកពានអេស្ប៉ាញលើកនេះក៏បានធ្វើឲ្យគេនឹកដល់កាលដែលពួកគេបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខក្រុម Roma ៤-១ នៅជើងទី ១ ជាហេតុធ្វើឲ្យពួកគេចាញ់ក្នុងជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយកាលពីឆ្នាំមុនផងដែរ។
លោក Valverde ដែលកំពុងប្រឈមមុខនឹងការងាររបស់គាត់ទោះជាគាត់បានដឹកនាំក្រុមនេះឲ្យបានលើកពាន La Liga ២ លើកហើយក៏ដោយនោះបាននិយាយថា៖ «វាគួរឲ្យឈឺចាប់បំផុតដែលរងគ្រោះជារឿយៗបែបនេះ»។
លោកបន្ថែមថា៖ «នៅពេលយើងទទួលរងភាពបរាជ័យបែបនេះយើងនឹងមានអារម្មណ៍សោកស្ដាយ និងភ័យខ្លាចក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខទៀតផងដែរ»៕ SN