Rashford ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ Spurs ស្គាល់​បរាជ័យ​ដំបូង​

Content image - Phnom Penh Post
Rashford (មុខ) គ្រប់​គ្រង​បាល់​​ក្នុង​ការប្រកួត​ជា​មួយ​​ក្លិប Spurs ពី​រាត្រី​ថ្ងៃ​ពុធ​​​។ រូប AFP

ក្រុង​ឡុងដ៍៖ លោក Jose Mourinho បាន​រង​បរាជ័យ​លើក​ដំបូង​ក្រោម​ថ្វី​ជើង​របស់​ក្លិប Man Utd ខណៈ​ខ្សែ​ប្រយុទ្ធ Marcus Rashford រក​បាន ​២ ​គ្រាប់ ​ក្នុង​ជ័យ​ជម្នះ​ ២-១ ទៅ​លើ​ក្រុម Tottenham​ កាល​ពី​រាត្រី​ថ្ងៃ​ពុធ​។​

បរាជ័យ​លើក​ដំបូង​របស់​លោក Mourinho តាំង​ពី​ចូល​ដឹកនាំ​ក្រុម​ Spurs នេះ​បាន​បន្ថយ​សម្ពាធ​ទៅ​លើ​លោក Ole Gunnar Solskjaer ខណៈ​ក្លិប Man Utd បាន​ឡើង​មក​ឈរ​លើ​ក្រុម Spurs នៅ​លេខ ​៦ ​នៅ​ក្នុង​តារាង​ក្របខ័ណ្ឌ Premier League។​

កីឡាករ​ Rashford បាន​បើក​ឆាក ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ Man Utd មុន​ពេល​កីឡាករ​ Dele Alli រក​បាន ​១ ​គ្រាប់​វិញ ​សម្រាប់​ក្រុម​ភ្ញៀវ​ប៉ុន្តែ​នៅ​នាទី ​៤៩​ កីឡាករ​ Rashford បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ​យ៉ាង​ល្អ ​ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បាន ​៣​ ពិន្ទុ​ទៀត​។​

លោក Solskjaer បាន​និយាយ​ថា៖ «​៣ ​ពិន្ទុ ​គឺ​ច្រើន​ណាស់​សម្រាប់​យើង​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​មាន​ការ​ប្រកួត​ស្មើ​គ្នា​ច្រើន​នៅ​រដូវកាល​នេះ​ ​ធ្វើ​ឲ្យ​យើង​របូត​ពិន្ទុ​ច្រើន​​​ដែល​មិន​​បាន​ឡើង​ចំណាត់​ថ្នាក់​ថែម​ទៀត​​។ វា​ជា​មេរៀន​អស្ចារ្យ​ក្នុង​ការ​ប្រកួត ​២ ​លើក​ចុង​ក្រោយ ​គឺ​ជាមួយ​ក្លិប Sheffield United និង​ Aston Villa​ ហើយ​យើង​បាន​បង្កើត​ភាព​អស្ចារ្យ​ត្រឡប់​មក​វិញ​»។​

លោក Mourinho ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​ក្រុម Man Utd កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​នោះ​បាន​ចាត់​ទុក​ការ​ទទួល​ស្វាគមន៍​ចំពោះ​គាត់​នៅ​ក្លិប Old Trafford នេះ​ថា ​«​ល្អ​ប្រសើរ ​និង​គួរ​សម​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​នេះ​ជា​ជំហាន​ថយ​ក្រោយ​មួយ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ដែល​កំពុង​តែ​មាន​បំណង​ដូច​យើង​ដែរ ​គឺ​ព្យាយាម​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ​៦​។ យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត​​​។ យើង​មាន​កំហុស​ ប៉ុន្តែ​យើង​មិន​ត្រូវ​យំ​សោក​ពី​បញ្ហា​នេះ​ទេ​»។​

ទន្ទឹម​នោះ​ដែរ​ក្លិប Leicester បាន​ប្រកួត​ឈ្នះ​ក្រុម Wortford ២-០ បាន ​៣ ​ពិន្ទុ​ទៀត ​ដើម្បី​​វ៉ា​ក្លិប​ Man City ឡើង​ទៅ​ឈរ​នៅ​លេខ ​២ ​បន្ទាប់​ពី​ក្រុម Liverpool ដែល​មាន ​៤២ ​ពិន្ទុ​។​

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម Leicester បំបែក​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា ​៧ ​លើក​ក្នុង​ការ​ប្រកួត​លីក​កំពូល​របស់​ពួក​គេ​ ខណៈ​ក្រុម Chelsea បាន​ត្រឡប់​ឈ្នះ​វិញ ​ក្រោយ​រង​បរាជ័យ​ជាប់​គ្នា ​២ ​លើក​ដោយ​បាន​ឈ្នះ​ក្រុម Aston Villa ២-០ នៅ​រាត្រី​ថ្ងៃ​ពុធ​​ជាមួយ​គ្នា​នោះ​។​

ក្រុម Watford របស់​លោក Brendan ត្រូវ​បាន​ពិន័យ​បាល់​ ​១១ ​ម៉ែត្រ ​​នៅ​ពេល​កីឡាករ Jonny Evans ត្រូវ​បាន​ធ្វើ​ឲ្យ​ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ ហើយ​កីឡាករ​ Jamie Vardy បាន​ស៊ុត​បាល់​​ពិន័យ​នោះ​​ចូល​ទី​យ៉ាង​ល្អ​​មុន​ពេល​កីឡាករ​ James Maddison បាន​បន្ថែម ​១ ​គ្រាប់​ទៀត​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ក្នុង​នាទី​ទី ​៩០​។​​

ចំណែក​ខ្សែ​ប្រយុទ្ធ​ Tammy Abraham នៅ​ក្លិប Chelsea បាន​បើក​ឆាក ​១ ​គ្រាប់ ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​​មុន​ពេល​កីឡាករ​​​ Trezeguet រក​បាន ​១ ​គ្រាប់​វិញ ​សម្រាប់​ក្រុម​ភ្ញៀវ​ Aston Villa ប៉ុន្តែ​នៅ​នាទី ​៤៨​ កីឡាករ ​Mason Mount បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ឈ្នះ​ជាមួយ​គ្រាប់​បាល់​ចុង​ក្រោយ​របស់​ខ្លួន​​៕ AFP/SN