ក្រុង​ឡុងដ៍ៈ គ្រូ​បង្វឹក​ក្លិប​ Man Utd លោក Ole Gunnar Solskjaer បាន​ទទួល​ស្គាល់​ថា​ការ​សម្រេច​ចិត្ត​របស់​គាត់​ក្នុង​ការ​ប្រថុយ​ដាក់​កីឡា​ករ​ Marcus Rashford ឲ្យ​ចូល​លេង​ក្នុង​តង់​ទី​ ២​​ នោះ ​«បាន​​ជួប​ផល​វិបាក​»​ បើ​ទោះ​ក្រុម​របស់​គាត់​បាន​ឈាន​ដល់​វគ្គ​ទី​ ៤​ ​នៃ​ពាន​រង្វាន់​ FA Cup ​ជា​មួយ​ជ័យ​ជម្នះ​ ១-០ ​លើ​ក្រុម​ Wolves ​កាល​ពី​ថ្ងៃ​ពុធ​ក៏​ដោយ​។​


កីឡាករ​ Rashford ចូល​លេង​បាន​រយៈ​ពេល​ជិត​ ១៥​ នាទី​ ដោយ​សារ​រង​របួស​ខ្នង​ ហើយ​ឥឡូវ​នេះ​កំពុងមាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ក្រុម Liverpool ក្នុង​ក្រប​ខ័ណ្ឌ​ ​Premier League នៅ​ថ្ងៃ​អាទិត្យ​​ចុង​សប្ដាហ៍​នេះ​។​

ការ​បង្ហាញ​ខ្លួន​​មួយ​ភ្លែត​របស់អ្នក​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ក្លិប Man Utd នេះ​បាន​​កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម Man Utd រក​បាន​តែ​ ១​​ គ្រាប់​គត់​ ដោយ​កីឡាករ​ Juan Mata ដើម្បី​ធានា​ឲ្យ​ក្រុម​នេះ​នឹងត្រូវ​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ក្រុម​ Watford ឬ​ក្រុម Tranmere នៅ​ថ្ងៃ​ទី​ ២៦​ ខែ​មករា​។​


លោក Solskjaer គ្រូ​បង្វឹកក្លិប Man Utd បានប្រាប់​ BT Sport ​ថា៖ «​យើង​បាន​ជួប​ផល​លំបាក​មែន​ប៉ុន្តែ​យើង​បាន​ឡើង​ទៅ​វគ្គ​បន្ត​»​។​


គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖«​គាត់​ត្រូវ​បាន​គេ​បុក​​ពី​ក្រោយ​ ​ហើយ​មិន​អាច​រត់​បាន​។ ​ទោះ​ជា​យ៉ាងណា​យើង​នឹង​សាក​ល្បង​គាត់​​សម្រាប់​ថ្ងៃ​អាទិត្យ​នេះ​​ ហើយ​នឹង​ឃើញ​គាត់​ថា វា​យ៉ាង​ម៉េច​ហើយ​​នៅ​ពេល​នោះ​»។​


ក្រុម Wolves បាន​ទម្លាក់​ក្រុម Man Utd ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup កាល​ពី​រដូវ​កាល​មុន​ ហើយ​មិន​ធ្លាប់​ចាញ់​ក្នុង​ជំនួប​៥​លើកពី​​មុនមក​​រវាង​ក្រុម​ទាំង​២​នេះ​តាំង​ពី​បាន​ត្រឡប់​ទៅ​លេង​នៅ​លីក​កំពូល​នៅ​ឆ្នាំ​ ២០១៨​។​

លោក Solskjaer បានបន្ថែម​ថា៖ «​យើង​ពេញ​ចិត្ត​ដែល​ទី​បំផុត​បាន​ផ្ដួល​ក្រុម Wolves ហើយ​យើង​មាន​ការ​ប្រកួត​ពីរ​បី​ទៀត​»។​​

ចំណែក​លោក Nuno Espirito Santo គ្រូ​បង្វឹក​ក្លិប Wolves វិញ​បាន​និយាយ​ថា៖ «វា​ជា​ការ​ខក​ចិត្ត​មួយ​នៅ​ពេល​យើង​ដឹង​ថា ទម្រង់​លេង​របស់​យើង​ល្អ​ប៉ុន្តែ​យើង​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បែប​នេះ​»៕ AFP/SN​​