ប៊ឺនលី៖ Son Heung-min លោតតែតពេញទំហឹងជួយឱ្យក្រុម Tottenham Hotspur (Spurs) ដែលលេងដូចអត់មានកម្លាំងកំហែង ឈ្នះក្រុមម្ចាស់ផ្ទះ Burnley ១-០ ខណៈគ្រាប់ ដែលមានភ្ជាប់ទំនាក់ទំនងជាមួយដៃគូប្រយុទ្ធ Harry Kane នេះ បានរុញក្រុមរបស់ Jose Mourinho ឡើងទៅលំដាប់ទី៥ ក្នុងតារាងក្របខ័ណ្ឌ Premier League អង់គ្លេស។
ក្រុមធំៗទាំង ៦ បានបាត់បង់ពិន្ទុ ដែលមិនគួរនឹងកើតមាននៅប៉ុន្មានសប្ដាហ៍នៃដើមរដូវកាលនេះ ហើយក្រុម Spurs ក៏ទំនងជាចាកចេញពីកីឡដ្ឋាន Turf Moor ដោយការខកចិត្តដែរ តែខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son មានឱកាសរកបានគ្រាប់ទី៨ របស់ខ្លួននៅនាទីទី៧៦ ដោយការតែតបណ្ដាក់គ្នាជាមួយ Kane ជួយឱ្យក្រុមត្រឡប់ទៅផ្ទះដោយមាន ៣ ពិន្ទុ។
ឃើញថា ពេលនេះ Spurs ដណ្ដើមបាន ១១ ពិន្ទុហើយ ពីការប្រកួត ៦ លើករបស់ខ្លួន ដោយតាមពីក្រោយក្រុមកំពូលតារាង Everton តែ ២ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឈ្នះជាលើកទី៣ ក្នុងរដូវកាលនេះ។
គ្រូបង្វឹករបស់ Spurs លោក Mourinho បាននិយាយសរសើរកូនក្រុមដៃគូប្រយុទ្ធរបស់គាត់ ដែលគិតទាំងគ្រាប់នេះផង រួមសហការគ្នាទម្លុះសំណាញ់ទីបាន ២៩ គ្រាប់ហើយ នៅ Premier League ដោយកាលពីមុន មានតែអតីតកីឡាករ Didier Drogba និង Frank Lampard ប៉ុណ្ណោះ ដែលមានចំណែកជួយគ្នាទៅវិញទៅមក ដោយធ្វើបានរហូតដល់ ៣៦ គ្រាប់។
លោក Mourinho បាននិយាយថា៖ «ត្រូវយល់ថា គ្រប់យ៉ាង គឺកើតឡើងតពីសម័យកាលរបស់ Maurcio Pochettino។ ខ្ញុំមិនចង់បានសមិទ្ធផលនេះ តែម្នាក់ឯងទេ ត្រូវផ្ដល់ពិន្ទុនេះ ឱ្យ Pochettino។ ពួកគេលេងជាមួយគ្នាយូរហើយ។ អ្វីដែលធ្វើឱ្យសប្បាយចិត្តកាន់តែខ្លាំងជាមួយពួកគេទាំង ២ គឺថា ទាំង ២ នាក់ មិនត្រឹមតែជាកីឡាករកម្រិតកំពូលទេ ថែមទាំងជាមិត្តស្និទ្ធស្នាល គ្មានការច្រណែនគ្នា ពោលគឺពួកគេលេងដើម្បីក្រុម»។
ការយកបាន ៣ ពិន្ទុដ៏លំបាកនេះ នឹងនាំឱ្យមានភាពធូរស្រាលអារម្មណ៍យ៉ាងខ្លាំងសម្រាប់លោក Mourinho ដែលក្រុមរបស់លោក ហាក់បីដូចជាអ្នកពិឃាតពិភពលោកអ៊ីចឹង ដើមខែនេះ ដោយសារបានទៅបំបាក់ក្រុមបិសាចក្រហម Manchester United ៦-១ ដល់ផ្ទះ មុននឹងភ្លាត់ស្មើ West Ham ទាំងដែលខ្លួននាំមុខ ៣-០ មុន។
តែយ៉ាងណា សកម្មភាពប្រយុទ្ធប្រកបដោយភាពក្លៀវក្លារបស់ក្រុម Spurs ស្ទើរតែរលាយបាត់អស់ អំឡុងការប្រកួតនៅ Turf Moor កន្លែងដែលពួកគេព្យាយាមយ៉ាងខ្លាំង ដើម្បីបង្កើតបាននូវការលេងដ៏គួរឱ្យចាប់អារម្មណ៍មួយទល់នឹងក្រុមដឹកនាំដោយលោក Sean Dyche ដែលទៅណាមិនរួចពីតំបន់គ្រោះថ្នាក់ ដោយការមិនឈ្នះសូម្បី ១ ប្រកួតនារដូវកាលនេះ។
សម្រាប់ប្រកួតដែលមានសភាពតឹងតែងនេះ កីឡាករខ្ចីជើងពីក្រុម Real Madrid ១ រដូវកាល គឺ Gareth Bale បានត្រឹមអង្គុយកៅអីកីឡាករបម្រុងតែប៉ុណ្ណោះ ដែលនេះមានន័យថា កីឡាករអន្តរជាតិវេលល៍រូបនេះ ត្រូវរង់ចាំតទៅទៀត សម្រាប់ការបានបង្ហាញខ្លួនលើកទី១ នៅ Premier League ក្នុងចំណោម ១១ នាក់ដំបូង រយៈពេល ៧ ឆ្នាំ៕ AFP/VN