ក្រុងឡុងដ៍​: ក្រុម Tottenham Hotspur កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ក្រប​ខ័ណ្ឌ Premier League របស់​ខ្លួន ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ Aston Villa នៅ​ថ្ងៃ​ពុធ​នេះ បើ​ទោះ​ជា​ក្រុម​គូ​បដិបក្ខ កំពុង​កើត​មាន​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក៏​ដោយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Jose Mourinho អ្នក​ចាត់​ការ​របស់​ក្រុម Spurs។


ក្រុម Aston បាន​ដាក់​បញ្ចូល​ឈ្មោះ​កីឡាករ​កម្រិត​ថ្នាល ក្នុង​ប្រកួត ដែល​ពួក​គេ​ចាញ់ Liverpool ៤-១ ហើយ​ធ្លាក់​ចេញ​ពី​ពាន​ FA Cup ត្រឹម​ជុំ​ទី៣​ កាល​ពី​ថ្ងៃ​សុក្រ ក្រោយ​ក្រុម​កីឡាករ​ក្រុម​ធំ​ចំនួន ៩​ នាក់ និង​បុគ្គលិក​របស់​ក្លិប ៥​ រូប តេស្ត​វិជ្ជមាន​វីរុស​កូរ៉ូណា​។

ក្រោយ​ក្រុម​របស់​លោក​បំបាក់​ក្រុម​នៅ​លីគ​កម្រិត​ទី៨ Marine AFC ក្នុង​លទ្ធផល ៥-០ សម្រាប់​ការ​ប្រកួត​ពាន FA Cup ជុំ​ទី៣ ពេល​ត្រូវ​សួរ​ដោយ​អ្នក​សារព័ត៌មាន​ថា តើ​ក្រុម Spurs រំពឹង​បាន​លេង​ប្រកួត​បន្ទាប់​ទេ? លោក Mourinho ឆ្លើយ​ថា​៖ «ថ្ងៃ​ពុធ​»​។


លោក Mourinho ​ថ្លែង​ថា៖ «​គ្មាន​នរណា​ម្នាក់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មិនបាន​ទៅលេង​នោះ​ទេ ដូច្នេះ (នៅ​ព្រឹក​ថ្ងៃ​ចន្ទ) យើង​ចាប់​ផ្តើម​ត្រៀម​ខ្លួន សម្រាប់​ការ​ប្រកួត​នោះ ហើយ​នៅ​ថ្ងៃ​អង្គារ​ក៏​ត្រៀម​ខ្លួន​ដដែល លើក​លែង​តែ​មាន​គេ​ប្រាប់​យើង​ផ្សេង​»​។


ច្បាប់​របស់​ក្រប​ខ័ណ្ឌ Premier League ចែង​ថា ការ​ប្រកួត​មិន​អាច​ផ្អាក​បាន​ទេ លើក​លែង​តែ​ក្រុមណា​មួយ មាន​កីឡាករ​តិច​ជាង ១៤ នាក់។ ក្រុម​មាន់​ខ្នាយ​មាស បាន​ផ្អាក ​១ ប្រកួត នៅ​លីគរួចហើយ ពេល​ប៉ះ​ក្រុម Fulham ដោយសារ​តែ​ការ​រាល​ដាល​នូវ​ជំងឺ​កូវីដ ១៩​ ដ៏​គំហុក​នេះ​។


ការ​ជួប​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ Aston ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី៨ ក្នុង​តារាង​ពិន្ទុ Premier League គឺ​ជា​ការ​ប្រកួត​បង្គ្រប់​សប្ដាហ៍​ទី១៧ របស់​ក្រុម Spurs ដែល​បច្ចុប្បន្ន ឈរ​នៅ​ចំណាត់​ថ្នាក់ទី៤ ជាមួយ​នឹង​ ២៩ ​ពិន្ទុ​៕ AFP/VN