ក្រុង​អ៊ី​ស្ដង់ប៊ូល​: គ្រូ​បង្វឹក​ក្រុម Paris Paris-Germain (PSG) លោក Thomas Tuchel បាន​និយាយ កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​មាន​ការ​សោក​ស្តាយ តែ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ ពី​ភាព​តាន​តឹង​រវាង​ប្រទេស​បារាំង និង​តួកគី នៅ​មុន​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League របស់​ខ្លួន​ទល់​នឹង​ក្រុម Istanbul Basaksehir​។


ប្រធានា​ធិប​តីតួកគី​លោក Recep Tayyip Erdogan បាន​នាំ​មុខគេ ក្នុង​ការ​ចោទ​ប្រកាន់​ចំពោះ​សម​ភាគី​បារាំង លោក Emmanuel Macron ក្នុង​កំលុង​ពេល​មាន​សង្គ្រាម​ពាក្យ​សំដី ដែល​កំពុង​តែ​កើន​ឡើង ក្នុង​ជម្លោះមួយ ជុំ​វិញ​សេរី​ភាព ដែល​ប្រើ​ចំអក​ឡក​ឡឺយ​ខាង​សាសនា។

លោក Macron បាន​ការ​ពារយ៉ាង​ខ្លាំង​ក្លា​នូវ​​សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី ដែល​រួម​ទាំង​ការ​​និយាយ​ឡក​ឡឺយ​ខាង​​សាសនាផង​ដែរ ចំ​ពេល​មាន​ការ​បះ​បោរ​តវ៉ា នៅ​​ប្រទេស​បារាំង ជុំ​វិញ​ការ​កាត់​ក្បាល​របស់​គ្រូ​បង្រៀន​ម្នាក់ ដែល​បាន​បង្ហាញ​រូប​ត្លុក​កំប្លែង​របស់ Mohammed​។


លោក Tuchel ដែល​ក្រុម​របស់​លោក ត្រូវ​លេង​ជាមួយ​ក្រុម​ជើង​ឯក​លីគ​កំពូល​តួកគី ក្នុង​ពូល H នៅ​ថ្ងៃ​យប់​​ពុធ​នេះ បាន​និយាយ​ថា៖ «​យើង​បាន​ឮ​ពី​រឿង​រ៉ាវ​ទាំង​នេះ ប៉ុន្តែ​យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ។ ដោយ​ផ្ទាល់​ខ្លួន ខ្ញុំ​មាន​សោក​ស្ដាយ ដែល​គ្រប់​គ្នា​មិន​អាច​រស់​នៅ​ដោយ​សុខ​ដុម​រមនា​ជាមួយ​គ្នា​បាន ព្រោះ​ខ្ញុំ​គិត​ថា យើង​ម្នាក់​ៗ​ សុទ្ធ​តែ​ចង់​រស់​នៅ​ដោយ​សុខ​ដុម​រមនា»​។


លោក​ Tuchel បាន​បន្ត​ទៀត​ថា​៖ «​នោះ​ជា​មូល​ហេតុ​ ដែល​ខ្ញុំ​មានការ​សោក​ស្ដាយ​តិច​តួច​ដែរ តែ​មិន​មាន​ការ​បារម្ភ​អ្វីទេ​។ ខ្ញុំ​សង្ឃឹមថា​ នឹង​មិន​មាន​ការ​ពាក់​ព័ន្ធ​គ្នា​នោះ​ឡើយ​រវាង​កីឡា និង​នយោ​បាយ​»​។


យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​វិញ ក្រុម PSG សង្ឃឹម​ថា នឹង​អាច​ដណ្ដើម​បាន​ពិន្ទុ​លើក​ដំបូង សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នេះ បន្ទាប់​ពី​ការ​ខក​ចិត្ត​ ដោយសារ​ចាញ់​ក្រុម Manchester United កាល​ពី​សប្ដាហ៍​មុន​។

លោក​ Tuchel និយាយ​បញ្ជាក់​ថា ការ​ផ្ដោត​ជា​សំខាន់​របស់​ក្រុម​លោក គឺ​ការ​ចាប់​ផ្ដើម​យុទ្ធ​នាការ​ប្រកួត​ប្រជែង នៅ​អឺ​រ៉ុប​របស់​ខ្លួន បើ​ទោះ​មានភាព​រង្គោះ​រង្គើខាង​ការទូត​ជុំ​វិញ​ចំណង​ទាក់​ទង​នៃ​ប្រទេស​ទាំង ២ ក៏​ដោយ​។

ខ្សែ​ការពារមួយ​រូប គឺ Presnel Kimpembe បាន​ឱ្យ​ដឹង​ថា បញ្ហា​ទំនាក់​ទំនង​ដ៏​តាន​តឹង​រវាង​ប្រទេស​ទាំង ២ គឺ​ហួស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ខ្លួន។

Kimpembe បាន​និយាយ​ថា​៖ «​យើង​ជា​ក្រុម​បាល់​ទាត់​មួយ។ សហព័ន្ធបាល់​ទាត់​អឺរ៉ុប (UEFA) អនុញ្ញាត​ឱ្យ​ពួក​យើង​មក​ទី​នេះ ដើម្បី​ធ្វើ​ការ​ប្រកួត ដូច្នេះ ពួក​យើង​មក​ធ្វើ​ការ​ប្រកួត​របស់​យើង ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ អ្វី​ដែលកំពុង​កើត​ឡើង គឺ​ជា​រឿង​នយោបាយ អ៊ីចឹង​ វា​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ទេ​»​៕ AFP/VN​​