ភ្នំពេញ៖ ទីបំផុត​ការ​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោម​លោក​រឿង​ខ្លី និង​កំណាព្យ​លើក​ទី​ ២០ សម្រាប់​ឆ្នាំ​ ២០១៩ បាន​រក​ឃើញ​​ម្ចាស់​ជយលាភី​ហើយ ​គឺ​បាន​ទៅ​លើ​កវី​ស្រី​ស្អាត​កញ្ញា​​ លឹម ផាន់ណា​ ដែល​បាន​​តែង​កំណាព្យ​រឿង​​​មាន​ចំណង​ជើង​ថា «សោភ័ណ​ស្រ្តី»​ ខណៈ​​លេខ ​២ ​បាន​ទៅ​លើ​លោក​​កវី វង្ស សុភាជ តែង​កំណាព្យ​រឿង​មាន​ចំណង​ជើង​ថា «ចន្ទ្រ​បន្ទាប​កាយ» និង​លេខ ​៣ ​​​បាន​ទៅ​លើ​លោក​​កវី​ មឿន សំណាង តែង​កំណាព្យ​រឿង​មាន​ចំណង​ជើង​ថា «ស​ស្នេហ៍​ក្នុង​ភ្លើង​សង្គ្រាម»។​


កញ្ញា លឹម ផាន់ណា គឺ​ជា​កវី​ស្រី ដែល​មាន​ស្នាដៃ​លើ​ការ​និពន្ធ​ប្រលោម​លោក​ខ្លី កំណាព្យ​ និង​​​ទំនុក​ច្រៀង​​នានា​ផង​នោះ​​​ ក៏​ទើប​តែ​ផុស​ចំណាប់​អារម្មណ៍​យ៉ាង​​​ខ្លាំង​នឹង​ទំនុក​ច្រៀង​​​បទ​ចម្រៀង​ថា «កុំ​ថា​ខ្ញុំ​ស្រី​​ចាស់» ច្រៀង​​ដោយ​​តារា​​ចម្រៀង​​ស្រី​​កញ្ញា គង់ ចាន់​រដ្ឋា នៅ​​ផលិតកម្ម Seven Production ចេញ​ពី​ខែ ​មិថុនា ឆ្នាំ ២០១៨ និង​ធ្លាប់​បាន​ឈ្នះ​ពាន​ជយលាភី​លេខ​ ២ ទៅ​លើ​ផ្នែក​កំណាព្យ​រឿង​នៃ​កម្មវិធី​ប្រកួត​តែង​និពន្ធ​​​ប្រលោម​​​លោក និង​កំណាព្យ​រឿង​ឆ្នាំ ២០១៨ ឬ​ពាន​រង្វាន់​លោក​លី ធាម​តេង ​ឆ្នាំ ២០១៨ នាពេល​កន្លង​មក​ដែរ​។


កវីស្រី​ស្អាត​​ លឹម ផាន់ណា ដែល​​ជា​ម្ចាស់​ទំនុក​ច្រៀង​បទ «កុំថាស្រីចាស់» ​និង​​បទ ​«ឆ្នាំ​ថ្មី​រកប្តី​មិន​បាន»។ រូបថត ហ្វេសប៊ុក​


កវី​ស្រី ដែល​ទើប​បាន​បន្ថែម​ភាព​ល្បី​​ក្នុង​ការ​តាក់​​​តែង​ទំនុក​​ច្រៀ​ង​ថ្មីគឺ​​ ​«ឆ្នាំ​ថ្មី​រក​ប្តី​មិន​បាន» ដែល​​បក​ស្រាយ​ដោយ​តារា​ចម្រៀង​ល្បី​​​​កញ្ញា មាស សុខសោភា នៅ​ក្នុង​ឆ្នាំ ​២០១៩​ ​​ពេល​ថ្មីៗ​នេះ​ តាមរយៈ​ផលិតកម្ម Camtrax​។ ​កញ្ញា លឹម ផាន់ណា​ ​ជា​​ម្ចាស់​ជយលាភី​លេខ ​១ ​ផ្នែក​កំណាព្យ​​រឿង​នៃ​​​​ការ​ប្រឡង​ជ្រើសរើស​ស្នាដៃ​​តែង​និពន្ធ​ប្រលោម​លោក​រឿង​ខ្លី និង​កំណាព្យ​​​ឆ្នាំ ​២០១៩ ឬ​​​ពាន​រង្វាន់​ព្រះនាង​​ឥន្ទ្រទេវី​នេះ​ ​គឺ​បាន​​តែង​​កំណាព្យ​រឿង​ដែល​មាន​​ចំណង​ជើង​ថា​ «​សោភ័ណ​ស្រ្តី»។​ កញ្ញា ផាន់ណា ​​ប្រាប់​ឲ្យ​ដឹង​ពី​ដំណើរ​នៃ​ការ​​តាក់តែង​ និង​ពេល​វេលា​តែង​ថា៖ «​ដោយសារ​​តែ​ខ្ញុំ​មិន​សូវ​ជា​មាន​ពេល​ច្រើន ដូច្នេះ​ទើប​បាន​ជា​​ប្រើ​ពេល​​​វេលា​​ដើម្បី​​ប្រមូល​​គំនិត​​ ឬ​រិះ​​រក​​គំនិត​យក​មក​តាក់តែង​ឲ្យ​ស៊ី​ទៅ​នឹង​ប្រធាន​បទ​នៃ​ពាន​រង្វាន់​ឆ្នាំ​នេះ ត្រូវ​ប្រើ​​ពេល​ចំនួន ៣ ខែ​ ក្នុង​ការ​តែង​និពន្ធ​ជា​កំណាព្យ​រឿង​ដាក់​ចំណង​​ជើង​ថា «​សោភ័ណ​​ស្រ្តី» នេះ​បាន»​។ ​


កញ្ញា លឹម ផាន់ណា បាន​បន្ត​​ថា៖ «ហើយ​ការ​ដាក់​ចំណង​​ជើង​នេះ ​ក៏​ដោយសារ​តែ​នាង​ខ្ញុំ​បាន​គិត​ទៅ​នឹក​ឃើញ​ដល់​ព្រះនាម​​របស់​អតីត​ព្រះ​ម្ចាស់​ក្សត្រីយ៍​​អង្គ​នេះ​​តែ​ម្តង។ នាង​​ខ្ញុំ​បាន​តែង​ជា​អត្ថបទ​កំណាព្យ​​ក្នុង​ទំនុក​ជើង​កាព្យ​​​​បទ​ ​«​ពាក្យ​​ប្រាំ​ពីរ» ​​​ដែល​មាន​ចំនួន ២២ ទំព័រ​។​ ម្យ៉ាង​វិញ​ទៀត​ សម្រាប់​​បទ​ពាក្យ​ប្រាំពីរ​នេះ​ដែរ​​​ វា​ហាក់​ដូច​ជា​​មាន​​ភាព​សមសួន ​ទៅ​​តាម​​ស្ថានភាព​នៃ​ការ​តាក់តែង​កំណាព្យ​គ្រប់​ពេល​​វេលា​ផង​ដែរ​»។​

ទោះបី​ជា​​​ពុំ​មែន​ជា​អ្នក​ប្រកប​មុខ​របរ​អ្នក​និពន្ធ​ពេញ​ទី​នៅ​ឡើយ​នោះ​ទេ ព្រោះ​ថា​ធ្លាប់​ជា​​​អតីត​​និស្សិត​​រៀន​ជំនាញ​ផ្នែក​​ចិត្ត​វិទ្យា​​ ដែល​បាន​ចប់​​​​ឆ្នាំ ​២០១២ ​នៅ​​​​ឯ​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ ​រូប​នេះ​ក៏​មាន​សារ​ផ្តាំ​ផ្ញើ​ខ្លះៗ​ផង​ដែរ ​សម្រាប់​​​​អ្នក​ស្រឡាញ់​ការ​​តែង​និពន្ធ​នានា ដែល​ជា​ពិសេស​ ធនធាន​ជា​​​ស្រ្តី ​ព្រោះ​ថា​​នាពេល​បច្ចុប្បន្ន​នេះ​​ គឺ​មិន​សូវ​សម្បូរ​​នោះ​ឡើយ។ ​​

កវី​ស្រី​ជា​ម្ចាស់​ទំនុក​បទ​​ចម្រៀង «​កុំ​ថា​ខ្ញុំ​ស្រី​​​ចាស់» និង​បទ ​«​​​ឆ្នាំ​ថ្មី​រក​ប្តី​មិន​បាន​» លឹម ផាន់ណា​ សំណូម​​ពរ​​​ថា៖ ​«​នាង​​​​ខ្ញុំ​លើក​ទឹក​ចិត្ត​ទៅ​ដល់​បងប្អូន​ស្រ្តី​ជំនាន់​ថ្មី​គ្រប់​រូប ដែល​ស្រឡាញ់​ការ​​​​តែង​និពន្ធ​​ទាំង​អស់​ដែរ​ ប្រសិន​បើ​យើង​មាន​ក្តី​ស្រឡាញ់​​ ហើយ​​​​ក៏បាន​​តាក់តែង​ស្នាដៃ​នោះ​​ ក៏​ត្រូវ​តែ​ហ៊ាន​យក​ទៅ​ប្រកួត​​ប្រជែង​​​​​ជាមួយ​​ក្រុម​​បេក្ខជន​​​ជា​បុរសៗ​​​នោះ​​ ដើម្បី​លើក​​​ស្ទួយ​នូវ​សមភាព​យេនឌ័រ​របស់​ស្រ្តី​យើង​ ព្រោះ​​សព្វ​ថ្ងៃ​ធនធាន​​វិស័យ​នេះ​មិន​​សម្បូរ​ឡើយ»៕​​