
អ្នកភូមិដាច់ស្រយាលភាគឦសានប្រទេសចិន ជួបហេតុការណ៍ស្លុតចិត្ដមួយ ពេលខ្លាស៊ីប៊េរី ១ ក្បាលចូលលុកលុយភូមិ។ AFP
ក្រុងប៉េកាំង៖ អ្នកភូមិដាច់ស្រយាលភាគឦសានប្រទេសចិន ជួបហេតុការណ៍ស្លុតចិត្ដមួយ ពេលខ្លាស៊ីប៊េរី ១ ក្បាលហក់កន្ទ្រប់លើកសិករម្នាក់ និងវាយប្រហាររថយន្ដ ១ គ្រឿងក្បែរព្រំដែនជាមួយប្រទេសរុស្ស៊ី។ នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរដ្ឋចិន។
ទីភ្នាក់ងារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃបានរាយការណ៍ដោយដកស្រង់សម្ដីប៉ូលិសថា ខ្លាឈ្មោលពេញវ័យ ១ ក្បាលត្រូវបានប្រទះឃើញដំបូងកាលពីថ្ងៃសុក្រដោយបានមកក្បែរភូមិលីនហ៊ូ ក្នុងខេត្ដហឺឡុងជៀង។
លោក វ៉ាង ស៊ូ ដែលបើករថយន្ដទៅតំបន់នោះ ដើម្បីទទួលសាច់ញាតិបាននិយាយថា៖ «វាបានបែរក្បាលទៅរកអ្នកភូមិ ២ នាក់ដែលកំពុងធ្វើការនៅក្នុងវាលស្រែ»។
លោក វ៉ាង ត្រូវបានដកស្រង់សម្ដីផ្សព្វផ្សាយ ដោយBeijing News ក្នុងវីដេអូកាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំបានស្រែកប្រាប់ពួកគេឱ្យរត់ តែខ្លានោះស្រាប់តែរត់សំដៅមករកខ្ញុំ តែ ២-៣ វិនាទី វាហក់ឡើងឡើងឡានខ្ញុំ ដោយប្រើចង្កូមរបស់វាខាំ»។

ខ្លាឈ្មោលពេញវ័យ ១ ក្បាលត្រូវបានប្រទះឃើញដំបូងកាលពីថ្ងៃសុក្រដោយបានមកក្បែរភូមិលីនហ៊ូ ក្នុងខេត្ដហឺឡុងជៀង។ AFP
តួរថយន្ដខាងក្រៅត្រូវរងការខូចខាតដោយស្នាមខ្វាច ហើយបង្អួចកៅអីក្រោយក៏បែកទៀត។
លោក វ៉ាង បានបន្ដថា៖ «ពិតជាស្លុតចិត្ដមែនទែន ហើយខ្ញុំនៅតែញ័រទ្រូងមិនទាន់បាត់ផង»។
អ្នកដំណើរទាំង ២ មិនមានរងរបួសអ្វីឡើយ។ វីដេអូឃ្លីបនេះក៏បានបង្ហាញរូបភាពខ្លាហក់សង្គ្រប់លើអ្នកភូមិម្នាក់ កំពុងធ្វើការក្នុងស្រែ ដោយមានរងរបួសស្រាល។
ប៉ូលិសបានត្រៀមថ្នាំសណ្ដំ ដើម្បីបាញ់សត្វខ្លាស៊ីប៊េរី ១ ក្បាលនេះ។

ខ្លាស៊ីប៊េរី មានប្រភពមកពីប្រទេសរុស្ស៊ី និងភាគឦសានប្រទេសចិន។ wwf.panda.org
យោងតាមរបាយការណ៍ពីថ្ងៃចន្ទ ដែលចេញដោយរដ្ឋបាលព្រៃឈើខេត្ដហឺឡុងជៀងបានបង្ហាញថា សត្វខ្លានេះត្រូវបានដាក់ធ្វើចត្ដាឡីស័ក ៤៥ ថ្ងៃនៅមជ្ឈមណ្ឌលបង្កាត់ពូជសត្វខ្លាហេងដាវហេហ្ស៊ីក្នុងទីក្រុងមូដានជៀង។
ខ្លាស៊ីប៊េរី មានប្រភពមកពីប្រទេសរុស្ស៊ី និងភាគឦសានប្រទេសចិន។ វត្ដមានរបស់ពួកវាមានចំនួនប្រមាណតិចជាង ៥០០ ក្បាលដែលនៅសេសសល់ក្នុងព្រៃ ដោយតិចជាង ៣០ ក្បាលត្រូវបានជឿថាស្ថិតក្នុងទឹកដីចិន។ នេះបើយោងតាមកាសែតរដ្ឋ Global Times។
ក្រុមអ្នកអភិរក្សក្នុងប្រទេសចិន និងរុស្ស៊ីបានបង្កើនកិច្ចខិតខំប្រឹងប្រែងការពារពូជសត្វទាំងនេះ តែវាកម្រមានខ្លាត្រាច់ចរចូលដល់ភូមិឋានមនុស្សណាស់៕ HR