ភ្នំពេញ៖ ទី​បំផុត​ការ​ប្រកួត​ប្រជែង​​ស្នាដៃ​គំនូរ​​ White Canvas Cambodia 2020 រដូវ​កាល​ទី១ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ Social Compass Cambodia​ បាន​រក​ឃើញ​​ម្ចាស់​ជយលាភី​របស់​ខ្លួន​ហើយ ខណៈ​ការ​ប្រកាស​លទ្ធផល​ និង​ចែក​រង្វាន់​ជូន​ដល់​​ជយលាភី​​នោះ​បាន​ធ្វើ​ឡើង​នៅ​ឯ​​វិចិត្រសាល​​សិល្បៈ​នៃ​បរិវេណ​​សណ្ឋាគារ​ iRoHa Garden Hotel កាល​​ពី​ល្ងាច​​ថ្ងៃទី​ ​២៤ ខែ ​តុលា ឆ្នាំ ​២០២០​ កន្លង​មក​។

បើ​តាម​ការ​បញ្ជាក់​ពី​​លោក ណាកាមូរ៉ា ហ៊ីដេតាកា (Nakamura Hidetaka) ជា​នាយក​ក្រុមហ៊ុន​ ​Social Compass Cambodia បាន​ឱ្យ​ដឹង​​​ពី​ការ​បែង​ចែក​​រង្វាន់​ជយលាភី​នៃ​ការ​ប្រកួត​គំនូរ White Canvas Cambodia 2020 ថា៖ «យើង​​បែង​ចែក​​​​រង្វាន់​ជយលាភី​នៃ​ការ​ប្រកួត​​នេះ​ជា ​២​ ផ្នែក​នៃ​ក្រុម​​​វិចិត្រករ​​ ​គឺ​ជយលាភី​​កុមារ​ និង​ជយលាភី​​មនុស្ស​ធំ​ ​ហើយ​យើង​ក៏​​​មាន​​​ក្រុម​គណៈកម្មការ​​កាត់​សេចក្តី​នៃ​​ការ​ប្រកួត​គំនូរ​នេះ យើង​មាន​លោក ប៉ោយ ឈុនលី មក​ពី​សាលា​ហ្វារពន្លឺ​សិល្បៈ ​ខេត្ត​​​បាត់ដំបង​ និង​លោក​ សេង វិសាល​ ជា​គ្រូ​បង្រៀន​សិល្បៈ​គំនូរ​​ នៅ​សាលា​សិល្បៈ​គំនូរ​យ៉ាម៉ាដា​ ​ក្នុង​​​​រាជធានី​ភ្នំពេញ​។​​​ ​រង្វាន់​​​ជយលាភី​​​​​​សំខាន់​សម្រាប់​​​​ក្រុម​​​វិចិត្រករ​ និង​វិចិត្រការិនី គឺ​មាន​រង្វាន់​ធំ Gold Prize រង្វាន់​ Silver Prize និង​រង្វាន់ ​Bronze Prize ដែល​​មាន​ទាំង​​​​កុមារ និង​មនុស្ស​​ធំ។ ក្រៅ​ពី​នេះ​​យើង​ក៏​មាន​​រង្វាន់​ផ្សេងៗ​ទៀត​ផង​ដែរ​​ សម្រាប់​លើក​ទឹក​ចិត្ត​រួម​​សិល្បករ-សិល្បការិនី​គំនូរ​​ ដែល​រួម​​មាន​រង្វាន់​ ​​Asian Prize រង្វាន់ Social Compass រង្វាន់ Eastern Culture Foundation Prize រង្វាន់​ Embassy Prize រង្វាន់ Hope Prize និង​រង្វាន់​ Next Generation Prize ជា​ដើម»​។​

សម្រាប់​មនុស្ស​ធំ​ ​រង្វាន់​ជយលាភី​ Gold Prize​ បាន​ទៅ​​​វិចិត្រការិនី​ គឿម កូឡាប (Koeurm Kolab) ជាមួយ​នឹង​​ស្នាដៃ​​​ដែល​មាន​ចំណង​ជើង​​​ថា «ម្ភៃម្ភៃ ឬ Covid-19»​ ​មក​​​​ពី​ខេត្ត​​​បាត់ដំបង ដែល​អតីត​ជា​សិស្ស​សាលា​​​សិល្បៈ​ហ្វារពន្លឺ​សិល្បៈ និង​​បច្ចុប្បន្ន​​​ជា​គ្រូ​បង្រៀន​​សិល្បៈ​ និង​​សិល្បករ​​​គំនូរ​ផង​ដែរ ខណៈ​ឯ​​រង្វាន់​ Silver Prize បាន​ទៅ​​លើ​វិចិត្រការិនី​ ខ្ចី ទូច (Khchao Touch) ខណៈ​រង្វាន់​​ ​Bronze Prize បាន​ទៅ​លើ​វិចិត្រករ​លោក ឈឺម ហៃ ​(Chhim Hai)។


សម្រាប់​កុមារ​រង្វាន់​ Kids Gold Prize បាន​ទៅ​កុមារា ឡូហ្សា ​(Loza) រង្វាន់​ Kids Silver Prize បាន​ទៅ​កុមារ ឈិន រតនា (Chhen Rattana) និង​រង្វាន់​ Kids Bronze Prize បាន​ទៅ​យុវតី​ ភោគ សុគន្ធវារី (Phork Sokunveary​)។​

វិចិត្រការិនី គឿម កូឡាប នាពេល​ទទួលជយលាភី Gold Prize​ ​ពីគណៈប្រតិភូ។ រូប សហការី​


វិចិត្រការិនី​ គឿម កូឡាប​ ដែល​ទើប​ឈ្នះ​ពាន​ Gold Prize​ ដោយ​ទទួល​បាន​លិខិត​វិញ្ញាបនបត្រ ​១ ទឹក​​ប្រាក់​រង្វាន់ ​១ ពាន់ ដុល្លារ និង​កុំព្យូទ័រ​យួរ​ដៃ​ផលិត​ដោយ​កូន​ខ្មែរ​​ម៉ាក​ Koompi ១ ​គ្រឿង ដែល​​ត្រូវ​បាន​គេ​ប្រកាស​លទ្ធផល​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី ​២៤ ខែ ​តុលា​ ឆ្នាំ​ ​២០២០​ ​នោះ​​ ​បក​​​​ស្រាយ​​​​​​​ពី​អត្ថន័យ​​​​​ផ្ទាំង​​គំនូរ​​ខ្លួន​​​ដែរ​​ថា៖ «ហេតុ​ផល​ដែល​នាង​ខ្ញុំ​​សម្រេច​​ជ្រើសរើស​យក​ប្រធានបទ​​ខ្លួន​ស្តីពី​ជំងឺ​កូវីដ ​១៩​ នេះ​ ដោយ​សារ​​តែ​វា​ជា​បញ្ហា​សង្គម​មួយ​ ដែល​កំពុង​​​តែ​វាយ​ប្រហារ​​មនុស្ស​នៅ​លើ​សកល​​លោក​តែ​ម្តង​ មិនមែន​តែ​​ប្រទេស​កម្ពុជា ​នោះ​ទេ​ ហើយ​មក​ទល់​ពេល​នេះ​ វា​នៅ​​​តែ​បន្ត​គំរាម​កំហែង​មនុស្ស​​​លើ​សកល​លោក​ដដែល និង​មិន​ទាន់​ដឹង​ថា​ វា​នឹង​ត្រូវ​បញ្ចប់​ពេល​​ណា​​នោះ​ទេ​។ សម្រាប់​គំនូរ​នេះ នាង​ខ្ញុំ​បាន​​ប្រើ​ពេល​គូរ​វា ខណៈ​ពេល​​ជំងឺ​នេះ​ចាប់​ផ្តើម​កើត​មាន​ឡើង​ រហូត​ពេល​ដាក់​ប្រកួត​។ អត្ថន័យ​​នៃ​ផ្ទាំង​គំនូរ​នេះ​​ តាមរយៈ​តួអង្គ​​​​ស្រ្តី​ម្នាក់​អង្គុយ​នៅ​លើ​កៅអី​​ពាក់ម៉ាស់​ក្នុង​ទឹក​​មុខ​សោកសៅ​ ភ្នែក​​សម្លឹង​មើល​រូបថត​គ្រួសារ​ វ៉ាលិស និង​​មើល​តាម​បង្អួច​កញ្ចក់​ ដែល​បាន​​កើត​ឡើង​ពេល​ស្ថានភាព​ប្រទេស​​នានា​​នៅ​លើ​សកល​លោក​ជួប​វិបត្តិ​ជំងឺ​​កូវីដ ១៩ ​គឺ​បន្ទប់​ធ្វើ​ចត្តាឡីស័ក​។ ចំពោះ​ការ​សម្លឹង​​រូប​គ្រួសារ ​វ៉ាលី​​​​ និង​មើល​​តាម​បង្អួច​កញ្ចក់​ ​មាន​ន័យ​ថា ស្រ្តី​រូប​នេះ​មាន​ក្តី​សង្វេគ​​ខ្លួន​ ខណៈ​ពេល​បែក​គ្រួសារ ​ដោយសារ​ភាព​​ភ័យ​ខ្លាច​​​ឆ្លង​ជំងឺ​កូវីដ ១៩ ហើយ​ក៏​បាន​​ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​ក្រុម​សត្វ​តូចៗ​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​ចត្តាឡីស័ក​​នោះ ហាក់​មាន​សេរីភាព​ជាង​ខ្លួន​នាង​ទៅ​វិញ​នា​ពេល​នេះ​»។

លោក ប៉ោយ ឈុនលី ពេល​បញ្ជាក់​ពីស្នាដៃ​​​ស័ក្តិសម​​ទទួល​រង្វាន់ Gold Prize។ រូប សហការី​

វិចិត្រការិនី​ គឿម កូឡាប​ ក៏​បាន​បន្ត​បរិយាយ​​ទៀត​ថា៖ «​ចំណែក​រូបភាព​​​ផ្សេងៗ​ទៀត មាន​ដូចជា​ ដប​​អាល់កុល​ ដប​ជែល​ ដែល​នៅ​ក្បែរ​ស្រ្តី​នោះ គឺ​ចង់​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​មនុស្ស​​គ្រប់​រូប​ ចាប់​យក​ការ​ប្រុងប្រយ័ត្ន​​ខ្ពស់​ជាមួយ​ការ​រីក​រាល​ដាល​​ឆ្លង​​​ជំងឺ​កូវីដ ១៩ ដូច្នេះ​ដប​អាល់កុល និង​​ដប​ជែល ជា​របស់​ចាំបាច់​បំផុត​ត្រូវ​​​ដាក់​តាម​ខ្លួន​ ដើម្បី​បង្ការ និង​ជួយ​បញ្ចៀស​​ការ​ឆ្លង​ជំងឺ​។​ ចំណែក​ឯ​​ក្រដាស​​រាយ​ប៉ាយ នៅ​​លើ​កម្រាល​ឥដ្ឋ​នោះ​វិញ​ វា​ជា​ក្តី​ទុក្ខ​សោក​របស់​មនុស្ស​ ដែល​កំពុង​តែ​ជាប់​បំណុល​ធនាគារ អត់​មាន​ការងារ​ធ្វើ ឬ​ការ​បិទ​អាជីវកម្ម​​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ នា​អំឡុង​ពេល​​មាន​វិបត្តិ​កូវីដ ១៩ នេះ»។​

ចំណែក​ឯ​លោក ប៉ោយ ឈុនលី ជា​គ្រូ​​បង្រៀន​សិល្បៈ​គំនូរ និង​គំនូរ​ជីវចល​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ និង​លោក សេង វិសាល ជាគ្រូ​បង្រៀន​គំនូរ​​នៅ​សាលា​សិល្បៈ​យ៉ាម៉ាដា ដោយ​​អ្នក​ទាំង ​២​ គឺ​ជា​​សមាជិក​​នៃ​ក្រុម​​គណៈកម្មការ​វាយ​តម្លៃ​ និង​ជ្រើសរើស​​ស្នាដៃ​ជាប់​រង្វាន់​ជយលាភី​​សម្រាប់​​ការ​ប្រកួត​​គំនូរ​ White Canvas Cambodia 2020​ នេះ​ ក៏​បាន​បង្ហើប​​ឱ្យ​ដឹង​​ពី​របៀប​នៃ​​​​ការ​សម្រេច​​ជ្រើសរើស​ស្នាដៃ និង​ប្រគល់​រង្វាន់​ធំ​ទាំង ​៣ មាន​រង្វាន់ Gold Prize រង្វាន់​ Silver Prize និង​រង្វាន់ Bronze Prize ផង​​ដែរ​។

ជា​ពិសេស​នោះ សម្រាប់​ការ​សម្រិត​សម្រាំង​ជ្រើសរើស​យក​ស្នាដៃ​របស់​វិចិត្រការិនី គឿម កូឡាប ​ដែល​​ឈ្នះ​​​រង្វាន់​ធំ​ Gold Prize លោក ប៉ោយ ឈុនលី ក៏​បាន​បញ្ជាក់​ថា៖ «ចំពោះ​​ស្នាដៃ​របស់​វិចិត្រការិនី​​ គឿម កូឡាប ​ដែល​បាន​ឈ្នះ​​រង្វាន់​​ធំ​​​​នៅ​ក្នុង​ការ​ប្រកួត White ​Canvas Cambodia 2020​​ នេះ បាន​គោរព​​នូវ​​គោលការណ៍​​ទាំង ​៥ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​​ យើង​​បាន​ប្រើ​ដើម្បី​ចម្រាញ់​រក​​ស្នាដៃ​ល្អ​ត្រឹមត្រូវ មិន​លម្អៀង​ ដោយ​ប្រការ​ណា​មួយ​ឡើយ​។​ ដូច្នេះ​ស្នាដៃ​គំនូរ​នេះ​ ពិត​ជា​ស័ក្តិសម​នឹង​ទទួល​បាន​​​រង្វាន់​​​ Gold Prize »៕​