ភ្នំពេញៈ ប្រសិន​បើគ្មាន​វត្ត​មាន​នៃ​​មេរោគ​​ថ្មី​កូរ៉ូណា ឬ «កូវីដ១៩» ដែល​កំពុងឆ្លង​​​រីក​ដាល​ពាសពេញ​ពិភព​លោក និង​បាន​យាយី​​​ក្នុង​ប្រទេស​​​​កម្ពុជា​​​​ ដែរនោះ​ទេ ​ខ្សែ​ភាព​យន្ត​ដុំ​​ដំបូង​​របស់​ផលិត​កម្ម​ Sastra Film រឿង​ «ពោះធំ» នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​នានា​ទូទាំង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃទី​ ២៦ ខែ​​មីនា ឆ្នាំ​២០២០ ម្សិល​​មិញ​នេះ​​ហើយ។​


ប៉ុន្តែការ​ចាក់​ខ្សែ​ភាពយន្ត​នៅ​តាម​រោង​កុន គឺជា​សកម្ម​ភាព​ប្រមូល​ផ្តុំ​មួយ​នៃ​ក្រុម​មនុស្ស​ដែលជា​រូប​ភាព​មួយ​ងាយ​នឹង​ការ​ឆ្លង​មេរោគកូរ៉ូណា ឬ​កូវីដ​ ១៩ ​ហើយ​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​ចេញ​សេចក្តីជូនដំណឹង​មិន​ឲ្យ​មាន​លេចចេញ​ជារូបភាព​​នៃ​ការ​ជួបជុំ ឬ​ប្រមូល​គ្នា​បែប​នោះ ទើប​ខាង​ផលិត​កម្ម​ Sastra Film សម្រេច​ព​ន្យារពេល​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ដុំ​ដំបូង​របស់​ខ្លួន ដោយ​រង់ចាំ​រហូត​ទៅ​ដល់​ពេល​ ដែល​​មាន​សុវត្ថិ​​ភាព​ពី​ការ​យាយី​នៃវីរុស​នេះ​ ទើប​មាន​ការ​ចាក់​បញ្ចាំង​។

បើ​តាម​ការ​បញ្ជាក់​​​ពី​លោកស្រី​ ប៊ុន ចាន់​និមល ជា​ចាង​ហ្វាង​ផលិតកម្ម​ Sastra Film​ បានឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា៖ «ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា ឬកូវីដ១៩ ទោះបីជា​កុន​ដំបូង​ក្តី យើង​សុខចិត្ត​ពន្យារពេល​​នៃ​ការ​ចាក់​បញ្ចាំង​នៅ​ថ្ងៃនេះ [តាម​គម្រោង​គឺ​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០]។​ តែ​​កាលៈទេសៈ​នៃ​ការ​​ចាក់​បញ្ចាំង​កុននេះស្ថិត​ក្នុង​ស្ថាន​ភាព​ ដែល​ប្រទេស​យើង​កំពុង​​ជួប​នឹង​វិបត្តិ​សង្គម​​ព្រោះ​តែ​កូវីដ​១៩ នោះ ទើប​យើង​រង់ចាំ​ពេល​សម​ស្រប​សិន​​ ហើយ​​ប្រសិន​បើ​ចាក់​បញ្ចាំង​នៅ​ពេល​នេះ វា​​នឹង​ក្លាយជា​រូប​ភាព​មួយ​នៃ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ ខុសនឹង-​​គោល​ការណ៍បង្ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​​​សេច​ក្តី​​ជូន​ដំណឹង​​មិន​ឲ្យ​មាន​ការ​​ជួបជុំ ឬ​ប្រមូល​ផ្តុំ​ ​របស់​រដ្ឋា​-​ភិបាល​»។


ចាង​​ហ្វាង​​ផលិត​​កម្ម​ Sastra Film​ បន្ត​ថា៖ «ដូ​ច្នេះ យើង​​សូម​មេត្តា​ចិត្ត​​ពី​​បង​ប្អូន​​ប្រិយ​មិត្ត ដែល​តែង​តែ​​តាម​​ដាន​​រាល់​វណ្ណកម្ម​ភាពយន្តទាំង​អស់​របស់​​ Sastra Film នោះ សូម​ខន្តី​ចិត្ត​បន្តិច​ ក្នុង​ការ​រង់ចាំ​ទស្សនា​ខ្សែ​ភាព​យន្ត​ដុំ​ដំបូង​របស់​យើង​រឿង «ពោះធំ»​ នេះ​បន្តិច​ទៀត​សិន។ ដោយ​ឡែក​បង​ប្អូន ក៏​អាច​ចូល​ទស្សនា​កុន​ខ្លីៗ ផ្សេងៗ​ទៀត​​របស់​យើង​បាន​តាមគេហទំព័រ​របស់​យើង​សិន​បាន​ផង​ដែរ​ព្រោះ​យើង​ក៏​មាន​កុន​ខ្លីថ្មីៗ ​ជា​ច្រើន​ទៀត​ដែរ​ សម្រាប់​​បង​ប្អូន​ប្រិយ​មិត្ត ដែល​ និយម​តាមដាន​ទស្សនា​តាម​រយៈ​ផលិត​កម្ម​ Sastra Film។ សង្ឃឹមថា ​យើងទាំងអស់​គ្នា​ អាច​ឆ្លងផុត​ភាព​លំបាក​ជា​មួយ​គ្នា ហើយ​ក៏​​សូម​ថែ​​​រក្សា​​សុខភាពទាំងអស់គ្នា​ ដោយសារ​​ការ​ឧស្សាហ៍​​លាង​សម្អាត ឬ​​អនាម័យ​​រាង​កាយ​ទាំង​អស់​គ្នា​ ដើម្បី​គេចផុត​​ពី​ការ​ឆ្លង​​មេរោគ​កូវីដ​១៩»។​


គួរ​បញ្ជាក់​ដែរ​ ផលិត​កម្ម ​Sastra Film ត្រូវ​បាន​មហា​ជន​ទទួល​ស្គាល់​ពី​គុណ​ភាព​នៃ​ការ​ផលិត​កុន​ខ្លីៗ​ផ្នែក​​​អប់រំ ខណៈ​ផលិត​កម្ម​បាន​ផលិត​កុន​​ទាំង​​កុន​ខ្លី ដោយ​រាប់​ទាំង​​​កុន​ដុំ​ដំបូង​រឿង «ពោះធំ» នេះ​ដែរ​នោះ បាន​ចំនួន​សរុប​ជាង​ ​៥០រឿង​ហើយ នៅ​ក្នុង​រយៈ​ពេល​ជាង​ ១​ឆ្នាំ​។


លោកស្រី​ ប៊ុន ចាន់​និមល បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ផលិត​កុន​ដុំ​ដំបូង​រឿង​«ពោះធំ» ដែល​មាន​តួ​ស្រី​​សំខាន់​គឺជា​​តារា​សម្តែង​ស្រី​វ័យ​ក្មេង យុវតី អាង សុជាតា ហៅ​ឈូឈូ ផង​ដែរ​ថា៖ «កុន​​ដុំ​ដំបូង​នេះ បាន​ចំណាយ​ពេល​ជាង​ ៥ ខែ ទាំង​ការ​ថត និង​កាត់​ត ទើប​បាន​សមិទ្ធ​ផលសម្រេច​ ដែល​នឹង​ត្រូវចាក់​បញ្ចាំង​នៅ​ថ្ងៃទី ​២៦ ខែ​មីនា នេះ​ ហើយ​វា​មាន​ថិរវេ-លា៩៦នា​ទី​»​៕​