ក្រុងម៉ូស្គូ៖ ខោ​ខូវប៊យ​កាត់​ឲ្យ​រហែក​ និង​អាវ​យឺត​ដៃ​វែង​ អ្នកស្រី អាលីណា មូហ្ស៊ីឆេនកូ ងាយ​ស្រួល​សម្រប​ខ្លួន​ទៅ​ក្នុង​ហ្វូង​មហាជន​នៅ​កណ្ដាល​ក្រុង​ម៉ូស្គូ​។ ប៉ុន្ដែ​ស្រោម​ជើង​ពណ៌​ផ្កា​ឈូក​ខ្ចី​របស់​អ្នកស្រី​ហាក់​បង្ហាញ​ភាព​លេច​ធ្លោ ជា​ពណ៌​សម្បុរ​ដែល​ទាក់​ចំណាប់​អារម្មណ៍​កង​កម្លាំង​ប៉ូលិស​បង្ក្រាប​កុបកម្ម​។


ស្ដ្រី​វ័យ ៣៤ ឆ្នាំ ​បាន​បើក​ហាង​ឌីហ្សាញ​មួយ​ជាមួយ​ស្វាមី​ឈ្មោះ យេហ្គ័រ យេរេមេយេវ ​​ស្ថិត​ក្នុង​ចំណោម​យីហោ​ល្បី​ផលិត​សម្លៀក​បំពាក់​ដែល​គាំទ្រ​ដល់​ចលនា​តវ៉ា​របស់​រុស្ស៊ី​។

លក់​តាម​អនឡាញ និង​បណ្ដា​ហាង​ជា​ច្រើន​ទៀត ទំនោរ​ម៉ូដ​ម៉ាក​​ប្លែក​ៗ​មាន​ការ​កើន​ឡើង​ប្រជាប្រិយភាព​ចាប់​តាំង​ពី​មាន​បាតុកម្ម​ក្នុង​ទីក្រុង​ម៉ូស្គូ​នា​រដូវ​ក្ដៅ ​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​យុត្ដិធម៌​ ដែល​នាំ​ឲ្យ​ប៉ូលិស​បើក​ការ​បង្ក្រាប​ និង​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​។


ក្នុង​បន្ទប់​ស្ទូឌីយោ​នៃ​ផ្ទះ​ល្វែង​ក្រុង​ម៉ូស្គូ អ្នកស្រី មូហ្ស៊ីឆេនកូ និង​លោក យេរេមេយេវ អាយុ ៣២ ឆ្នាំ បាន​ជ្រើសរើស​បែង​ចែក​ប្រអប់​អាវ​យឺត និង​ត្រៀម​ដាក់​លក់​។


អាវយឺត​មាន​រូប​លិខិត​ឆ្លង​ដែន ជាមួយ​សំណេរ​ជេរ​អសុរោះ។ រូបថត AFP


អាវ​យឺត​សេរី​ថ្មី​បំផុត​មួយ​របស់​ពួក​គេ​បាន​បង្ហាញ​រូបភាព​ប៉ូលិស​កុបកម្ម​ដាក់​ខ្នោះ​ដៃ​លើ​ស្ដ្រី​វ័យ​ក្មេង​ម្នាក់​ ខណៈ​មន្ដ្រី​ប៉ូលិស​ ២ នាក់​ទៀត ​ឈរ​កាន់​ដំបង​លើ​គ្រវី ដូចជា​ចង្កឹះ​វេទមន្ដ​។ ពាក្យ​ស្លោក​លើ​អាវ​សរសេរ​ថា​ «​សេរីភាព និង​ក្ដី​ស្រឡាញ់​»។

លោក យេរេមេយេវ បាន​និយាយ​អំពី​អាវ​យឺត​ ដែល​លក់​តាម​អនឡាញ​ក្នុង​តម្លៃ ៣៩ ដុល្លារ ​ថា​៖ «​លក់​ដាច់​ទាំង​អស់​គ្រប់​ពណ៌​។ ដូច្នេះ​ពលរដ្ឋ​មិន​ចាំ​បាច់​ខ្លាច​នឹង​ការ​ដើរ​ហើរ ជាមួយ​​ពាក្យ​ស្លោក​នោះ​ផង​ដែរ​»។

ប្ដី​ប្រពន្ធ​ទាំង ២ បាន​និយាយ​ថា អាវ​យឺត​ដំបូង​ប្រមាណ​ចន្លោះ​ពី ៥០ ទៅ ១០០ បាច់​ បាន​លក់​​ក្នុង​ខែ​សីហា និង​​លក់​ដាច់​អស់​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ អ្នក​ទាំង ២ ​បាន​បរិច្ចាគ​ប្រាក់​ពី​ការ​លក់​ខោ​អាវ​ដល់​វេបសាយ Mediazona ដែល​រាយការណ៍​ពី​បញ្ហា​របស់​ក្រុម​អ្នក​តវ៉ា។

តាមរយៈ​ការ​លក់​សម្លៀកបំពាក់​នេះ ក្រុម​ស្ថាបនិក​ Kultrab ចាត់​ទុក​ការ​ស្លៀកពាក់​​ស្ទាវ​ជា​មធ្យោបាយ​អន្ទង​ចិត្ដ​យុវជន​​រួម​ចំណែក​កិច្ចការ​សង្គម​ ផ្សព្វផ្សាយ​ចំណេះ​ដឹង ​និង​សកម្មភាព​ផ្សេង​ៗ​»៕ AFP/HR