ក្រុង​ញូវដែលី៖ តារា​រាង​ទ្រលុក​ទ្រលន់​ឥណ្ឌា​មួយ​ក្រុម និង​ក្រុម​សម្ដែង​របស់​ខ្លួន Big Fat Company បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​​ការ​រើស​អើង​លើ​ទម្រង់​ល្ខោន​របស់​ខ្លួន​ ដែល​បញ្ចូល​ទាំង​សកម្មភាព​ទទួល​ទាន​នំ​ខេក​នៅ​លើ​ឆាក​ទៀត​ផង​។


ក្រុម​សម្ដែង ដែល​បង្កើ​តឡើង​ក្នុង​ឆ្នាំ ​២០១៧ នៅ​ក្រុង​បាងហ្គាឡូ និង​ទើប​មក​សម្ដែង​នៅ​ក្នុង​ទីក្រុង​ញូវដែលី​ជា​លើក​ដំបូង​ ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​មាក់​ងាយ​ មិន​ត្រឹមតែ​ក្នុង​ឧស្សាហកម្ម​ភាពយន្ដ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ក្នុង​សង្គម​ពិត​ផង​ដែរ​។

ស្ថាបនិក Anuradha HR អាយុ ៤១ ឆ្នាំ បាន​ប្រាប់​ AFP នៅ​មហោស្រព Old World Festival ក្នុង​មជ្ឈមណ្ឌល​លំនៅឋាន​ឥណ្ឌា ថា៖ «បើ​យើង​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​ ធ្វើ​ការ​គ្រប់​កន្លែង ដោយ​​មិន​ខ្វល់​​ពី​រូបរាង​របស់​យើង អ៊ីចឹង​ក្រុម Big Fat Company យើង​ក៏​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដែរ»។


ល្ខោន «Head2Head» បាន​បញ្ចូល​ទាំង​ការ​សម្ដែង​របស់​តួអង្គ​ឯក ​២ នាក់ ​ដ៏​ល្បីល្បាញ​មក​ពី​ភាគ​ខាង​ត្បូង​ឥណ្ឌា ដោយ​ម្នាក់​ជា​អត្ដពលិក និង​ម្នាក់​ទៀត​ បិទ​បាំង​មុខ​មិន​ចង់​ជំទាស់​នឹង​ទស្សនៈ​ផ្ដោត​លើ​អត្ដសញ្ញាណ និង​រូបរាង​។


ការ​សម្ដែង​នេះ​ត្រូវ​បាន​បញ្ចូល​ជាមួយ​ឈុត​ឆាក​បែប​សម័យ​ទំនើប​ដក​ស្រង់​ចេញ​ពី​ការ​សម្ដែង​របស់​តារា​បូលីវូដ ទម្រង់​សិល្បៈ​នានា ក្បាច់​រាំ​ស្រើប​ស្រាល និង​សកម្មភាព​ទទួល​ទាន​អាហារ​ដ៏​ច្រើន​សន្ធឹក នំ​ក្រែម​ ដែល​ធ្វើ​ឲ្យ​មហាជន​ស្រឡាំង​កាំង​។


តារា​សម្ដែង វ័យ ៣៤ ឆ្នាំ អ្នកស្រី គ្រីធី បេតតាដ បាន​និយាយ​ថា​៖ «អស់​លោក​ដឹង​ទេ ការ​រើស​អើង ​គឺ​ជា​រឿង​សាមញ្ញ​។ ខ្ញុំ​តែងតែ​ត្រូវ​គេ​សួរ​ថា តើ​ខ្ញុំ​ញ៉ាំ​​អស់​ច្រើន​ប៉ុន​ណា?​»។

ស្ដ្រី​រូប​នេះ​បាន​បន្ដ​ថា​៖ «​តាម​ពិត ​ខ្ញុំ​ញ៉ាំ​តែ​បន្ដិច​ទេ​ គឺ​តិច​ជាង​ពួក​គេ​ទៅ​ទៀត​​»៕ AFP/HR