
ពីស្ដាំទៅឆ្វេង : ស្ថាបនិក Emazoo កញ្ញា យ៉េប ស៊ីស្មាក់ និងលោក សេន មូស្លីម។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ ស្របនឹងកំណើនការប្រើប្រាស់បណ្ដាញសង្គម និងការទិញទំនិញអនឡាញ យុវជនខ្មែរ-អ៊ិស្លាមមួយក្រុមបានបង្កើតបណ្តាញទំនាក់ទំនងមួយឈ្មោះថា Emazoo ដែលមានលក្ខណៈខុសប្លែកពីបណ្តាញសង្គមដទៃទៀត។
Emazoo ផ្គុំដោយពាក្យ Engine (ម៉ាស៊ីន) Mother (ម៉ែ) A-Z (ទាំងអស់ពី A ដល់ Z) និង OO តំណាងឲ្យកែវភ្នែកទាំង ២។
វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ ដោយលោក សេន មូស្លីម កញ្ញា ឈា ស៊ីណា កញ្ញា យ៉េប អ៊ីស្មាក់ និង លោក ហេង រដ្ឋវិសិទ្ធ។
ជាស្ថាបនិកមួយរូបរបស់ Emazoo លោក សេន មូស្លីម បានរំឭកឲ្យដឹងថា គំនិតបង្កើតបណ្ដាញសង្គមនេះត្រូវបានផុសចេញក្រោយពីលោកបានជួបមិត្តភក្តិរៀននៅវិទ្យាល័យលោក ហេង រដ្ឋវិសិទ្ធដែលកំពុងសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅប្រទេសឥណ្ឌូនេស៊ី។
អ្នកទាំង ២ បានសហការធ្វើវេបសាយរកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតដោយរងការបរាជ័យជាច្រើនដង។ ក្រោយមកលោក មូស្លីម បានបង្កើតបណ្តាញទំនាក់ទំនងសង្គម Emazoo ដោយសារបច្ចុប្បន្នមនុស្សជាច្រើនចូលចិត្តប្រើប្រាស់ហ្វេសប៊ុក ខណៈរូបលោកក៏ចូលចិត្តរកស៊ីតាមប្រព័ន្ធអ៊ីនធឺណិតផងនោះ។

អ្នកប្រើបានប្រាក់ពីការបង្ហោះយកមក Boost Post។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
លោក មូស្លីម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យប្រជាជនខ្មែរមានបណ្តាញសង្គមប្រើប្រាស់ ពិសេសអ្នករកស៊ីអ្នកលក់ផលិតផល ឬផ្សព្វផ្សាយពាណិជ្ជកម្មអាជីវកម្មរបស់ខ្លួនដែលគេអាចទទួលបានផលប្រយោជន៍ និងភាពងាយស្រួលពីបណ្តាញសង្គមមួយនេះ»។
លោកបានពន្យល់លក្ខណពិសេសរបស់ Emazoo យ៉ាងដូច្នេះថា៖ ទី១ ប្រើប្រាស់ដូចនឹងហ្វេសប៊ុក ប៉ុន្តែផលចំណេញគឺរាល់ពេលអ្នកផូស្តអ្វីមួយ ពួកគេនឹងទទួលបានប្រាក់មកវិញ ហើយអាចយកប្រាក់នោះទៅ Boost ផេក ឬរូបភាពដែលខ្លួនបង្ហោះដោយមិនត្រូវការចំណាយប្រាក់របស់ខ្លួនទៅ Boost នោះឡើយ។
ទី២ នៅពេលដែលអ្នកប្រើប្រាស់ផុសអ្វីមួយនៅលើ ប្រូហ្វាលរបស់ខ្លួនគឺវារត់ចូលទៅក្នុង Marketing របស់ Emazoo ដែលអាចឲ្យអ្នកប្រើប្រាស់ដទៃទៀតមើលឃើញអ្វីដែលយើងផុស។ ទី ៣ Emazoo មាន Blog ដែលសម្បូរទៅដោយអត្ថបទល្អៗសម្រាប់អានកម្សាន្ត ដើម្បីបង្កើនចំណេះដឹង។ ទី ៤ គឺអ្នកប្រើប្រាស់អាចលេងហ្គេមជាច្រើនក្នុងនោះ។
ក្រោយពីដាក់ឲ្យដំណើរការចាប់ពីដើមខែមេសាមក Emazoo មានអ្នកចុះឈ្មោះប្រើប្រាស់ចំនួនជាង ១ ០០០ នាក់ និងមានការបង្កើតចំនួន Page បាន ៩៧ និងការបង្កើតក្រុមអ្នកប្រើប្រាស់បានចំនួន ២០។
លោក សេន មូស្លីម អាយុ ៣២ ឆ្នាំក៏បានបង្ហាញពីផលលំបាកថា៖ «ការពិបាកគឺយើងខ្វះខាតអ្នកបច្ចេកទេសខ្វះខាត web developer អ្នកសរសេរកូដ និង Store អ៊ីចឹងយើងត្រូវការឲ្យមិត្តដែលរៀននៅក្រៅប្រទេសជួយផងដែរ»។
ខណៈពេលនេះ Emazoo ត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់កុំព្យូទ័រ និង Android និងកំពុងស្វះស្វែងរកអ្នកជំនាញលើប្រតិបត្តិការប្រព័ន្ធ iOS។
លោក មូស្លីម បានបង្ហាញពីបំណងថ្ងៃអនាគតថា៖ «យើងចង់ពង្រីកទៅជា social media យក្សមួយដែលនឹងធ្វើអីដែលប្លែកដោយគំនិតយើង ហើយបង្កើតទីស្នាក់ការមួយនៅទីក្រុងភ្នំពេញដែលតួនាទីធានារាល់ការទិញ-លក់ ទទួលប្រាក់ទាំងអស់របស់អតិថិជន និងអ្នកលក់មិនបាច់ភ័យខ្លាចរឿងបាត់បង់លុយកាក់ ការឆបោក ឬកេងបន្លំនោះទេ»៕
វីដេអូ៖