ភ្នំពេញៈ ឆ្មាំព្រៃ ខ្សែភាពយន្ត​ស្តីពី​ជីវិត​ពិត​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ព្រះសង្ឃ ប៊ុន សាលួត បាន​ចាក់​បញ្ចាំង​នៅ​វត្ត​លង្កា​នា​ថ្ងៃទី​ ២០ ខែ​ឧសភា​ដែល​អ្នក​ចូលរួម​ទស្សនា​ចំនួន​ជាង ៦០០ អង្គ-នាក់​រួមមាន​សិស្ស និស្សិត ព្រះសង្ឃ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​។


លោក អ៊ួច មករា អ្នកដឹកនាំ​ខ្សែភាពយន្ត​ឆ្មាំព្រៃ​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ខ្សែភាពយន្ត​នេះ​នឹង​ជំរុញ​ទឹកចិត្ត​ពួកគាត់ និង​ផ្តល់​ជា​បទពិសោធ​មួយ​សម្រាប់​គាត់​ស្វែងយល់​កាន់តែ​ច្បាស់​ពី​តួនាទី​របស់​ព្រះសង្ឃ និង​តួនាទី​របស់​ព្រះអង្គ ប៊ុន សាលួត ដែល​លោក​លះបង់​ការពារ​ព្រៃ ហើយ​យើង​នឹង​បន្ត​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​នៅ​តាម​ទីកន្លែង​ផ្សេងៗ ពិសេស​នៅ​តាម​សាលា​»​។

ស្ថិត​ក្នុង​ចំណោម​ទស្សនិកជន​កញ្ញា សាញ់ កក្កដា ដែល​សិក្សា​ផ្នែក​ប្រវត្តិវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​កោតសរសើរ​ព្រះសង្ឃ​ដែល​បាន​តស៊ូ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​អស់​រយៈ​​ ១៩ ​ឆ្នាំ​។


ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប កញ្ញា​នឹង​យក​ព្រះអង្គ​ធ្វើ​ជា​គំរូ​ក្នុង​ការរួម​ចំណែក​ការពារ​ធនធាន​ធម្មជាតិ​។


ព្រះតេជគុណ ប៊ុន សាលួត (​កណ្ដាល​)​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម


ទន្ទឹម​នឹង​នេះ​ព្រះសង្ឃ​ ១ ​អង្គ ព្រះនាម ព្រឿង សុខលាប បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​សម្រាប់​អាត្មា​ក្រោយពី​ទស្សនា​វីដេអូ​នេះ​អាត្មា​មាន​ចិត្ត​ចង់​ចូលរួម​ការពារ​ព្រៃឈើ​កន្លង​មក​អាត្មា​ក៏​ធ្លាប់​បាន​ចូលរួម​ដែរ ប៉ុន្តែ​តិចតួច​ព្រោះ​ជាប់រវល់​សិក្សា ហើយ​រឿង​នេះ​ល្អ​គឺ​វា​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ព្រះអង្គ ប៊ុន សាលួត ដែល​ព្រះអង្គ​ខំ​ការពារ​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ​ហ្នឹង​។

ព្រៃសង្ឃ​រុក្ខវ័ន​មាន​ទំហំ​ជាង​ ៣២០០០ ​ហិកតា​ត្រូវ​បាន​ចាត់ទុក​ជា​ព្រៃ​ដែល​មាន​ការអភិរក្ស​ល្អ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

នៅក្នុង​នោះ​ព្រះតេជគុណ ប៊ុន សាលួត ត្រូវ​បាន​អតីត​យោធា​ម្នាក់​ណែនាំ​ពី​ព្រៃសង្ឃ​រុក្ខវ័ន ដែល​ជា​តំបន់​ធម្មជាតិ​សម្បូរ​ដោយ​សត្វព្រៃ ព្រៃឈើ ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប​ដែល​ជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​នៅ​ស្រុក​អន្លង់វែង​។ ព្រះតេជគុណ​បាន​អភិរក្ស​ព្រៃឈើ​តំបន់​នេះ​ពី​ការកាប់​បំផ្លាញ ហើយ​ធ្វើការ​ដោះ​គ្រាប់មីន​ឈូសឆាយ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​តំបន់​ព្រៃសង្ឃ​រុក្ខវ័ន​។

ព្រះតេជគុណ ប៊ុន សាលួត បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​ថា​៖ «​អាត្មា​នឹង​ធ្វើឲ្យ​ព្រៃឈើ​នៅ​ឲ្យ​បាន​មួយរយ មួយ​ពាន់​ឆ្នាំ ហើយ​អាត្មា​នឹង​ពង្រីក​សកម្មភាព​អាត្មា​ទៅ​កន្លែង​ផ្សេង​ទៀត​ព្រោះ​នៅ​ឧត្តរមានជ័យ​មាន​ ១៣ ​សហគមន៍ អ៊ីចឹង​អាត្មា​នឹង​ចុះ​ជួយ​ពួកគាត់​ទៀត ទោះបី​ឈើ​នៅ​កន្លែង​នោះ​បាន​កាប់បំផ្លាញ​ហើយ​ក៏ដោយ​»៕