ភ្នំពេញ៖ ខណៈ​​ឈាន​ចូល​​ដល់​​ដើម​​ឆ្នាំ​ថ្មី​នេះ មហាជន​​ស្រាប់​តែ​​​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​​​​ការ​លេច​ចេញ​​​បទ​​ចម្រៀង​​ថ្មីៗ ​មនោសញ្ចេត​នា​សោកសៅ​ប៉ុន្មាន​បទ​ ដែល​​ជា​ការ​និពន្ធ​​ដោយ​​កវី​ជើង​ចាស់​អ្នកស្រី ងិន ម៉ានីយ៉ា ​នៅ​ក្នុង​​ផលិតកម្ម​ហង្សមាស ក្រោយ​ពី​អ្នក​ស្រី​បាន​​​បាត់​វត្តមាន​​នៅ​ផលិតកម្ម​នេះ​​យូរ​ក្រែល​មក​នោះ​។


បទ​ទោល​ថ្មីៗ ដែល​​ទើប​តែ​​​​ចេញ​ជា Audio official នៅ​ឡើយ​​ក្នុង​​ឆ្នាំ ​២០២១ នេះ សុទ្ធសឹង​តែ​ជា​បទច្រៀង​ទោល​ ​ដែល​បក​ស្រាយ​ដោយ​ក្រុម​តារា​​ចម្រៀង​រលក​ក្រោយ​នៃ​​ផលិតកម្ម​ហង្សមាស​ រួម​មាន​​បទ​ទោល​​​មាន​ចំណង​ជើង​ថា «យំ​ឱ្យ​ធ្លាយ​​មេឃ» ច្រៀង​ដោយ​​តារា​ចម្រៀង​លោក សុំ សុវណ្ណារ៉ាក់ បទ​មាន​ចំណង​​ជើង​​​ថា «មួយ​​​លាន​​ហេតុ​ផល​ដើម្បី​​​បែក» ជា​បទ​​ទោល​មាន​​ច្រៀង​ដោយ​កញ្ញា ឈីន រតនៈ និង​​លោក គង់ ចំរើន និង​​កាល​​ពី​ចុង​​​ឆ្នាំ​ ២០២០​ ក៏​ឃើញ​មាន​បទ​ «បេះដូង​ផ្ទុះ​ក្រោម​បាត​សមុទ្រ» ច្រៀង​ដោយ​អ្នកនាង​ ឱក សុគន្ធកញ្ញា​ ផង​​ដែរ​។

បទថ្មីបកស្រាយដោយតារា​រលក​ថ្មី​​​លោក គង់ ចំរើន និង​លោក សុំ សុវណ្ណារ៉ាក់​។ រូបថត YouTube


ក្រោយ​ឃើញ​បទ​​ថ្មី​ ​ជា​​ស្នាដៃ​ថ្មី​របស់​កវី​ជើង​ចាស់​អ្នកស្រី​ ងិន ម៉ានីយ៉ា ភ្លាម​​នោះ ក៏​មាន​អ្នក​​ចាប់​អារម្មណ៍​មួយ​រំពេច​​​ទៅ​នឹង​​ចំណង​​ជើង​នីមួយៗ ដែល​មាន​​ន័យ​សុទ្ធ​សឹង​តែ​បង្ហាញ​ពី​បទពិសោធ ដែល​ហាក់​​​ឆ្លុះ​បញ្ចាំង​​ការ​ឈឺ​ចាប់ ​របស់​អ្នក​និពន្ធ​​ផ្ទាល់​តែ​ម្តង​។ យ៉ាងណា​​មិញ​ អ្នកស្រី ងិន ម៉ានីយ៉ា ក៏​បាន​​បង្ហើរ​សារ​​តាម​ហ្វេសប៊ុក​ដែរ​​បង្ហាញ​ពី​ការ​​​​មក​ប្រកប​​របរ​និពន្ធ​​​វិញ​ និង​ហេតុផល​​ត្រួសៗ ​ពាក់ព័ន្ធ​នឹង​ការ​និពន្ធ​​បទ​ថ្មីៗ​ថា​៖ «បើក​​ទទួល​​សរសេរ​ទំនុក​ច្រៀង​គ្រប់​ផលិតកម្ម​ សូម​អញ្ជើញ​​​ចូល​ចុះ​បើ​ស្រឡាញ់ ​ងិន ម៉ានីយ៉ា។ ​ទឹក​ភ្នែក​ស្រក់​ព្រោះ​​តែ​ការ​ឈឺចាប់​សុខៗ​មិន​មែន​​ចង់​​ឱ្យ​ទឹក​ភ្នែក​​​​ហូរ​មក​​នោះ​​ទេ ​អរគុណ​សម្រាប់​ការ​​គាំទ្រ​​គ្រប់​យ៉ាង​ ចំពោះ​នាង​ខ្ញុំ​ជួយ​គាំទ្រ​ផង​បងប្អូន​ កូន​ក្មួយ​ចេញ​​​បន្ត​បន្ទាប់​ហើយ ​​ស្នា​​ដៃ​ថ្មី ​បន្ទាប់​ពី​ឈប់​មួយ​​រយៈ​ធំ​»។


នៅ​ចំពោះ​ស្នាដៃ​នៃ​បទ​ចម្រៀង​​​ជា​ទឹក​ដៃ​និពន្ធ​របស់​កវី​ជើង​ចាស់​រូប​នេះ ក៏​ឃើញ​​តារា​​ចម្រៀង​ប្រុស​ស្រី​ល្បី​ៗ​​ចាស់​វស្សា​​​នៅ​ហង្សមាស​ ធ្លាប់​ច្រៀង​ដែល​រួម​​មាន​ដូច​ជា​បទ «មយូរ៉ា​ទឹក​​កក» ច្រៀង​ដោយ​លោក​ ណុប ​បាយ៉ារិទ្ធ បទ «បន់​ទេព​ច្យុត» ច្រៀង​ដោយ​លោក ​ព្រាប សុវត្ថិ បទ «១ ០០០ ​ឆ្នាំ​ទៀត​ក៏​នៅ​ចាំអូន» និង​បទ «ទីក្រុង​គ្មាន​មេឃ»​ ច្រៀង​ដោយ​លោក ឆន សុវណ្ណរាជ​ បទ​​ «អូ!អូ​! ​​យេ!យេ!» ច្រៀង​​ដោយ​​លោក ​ព្រាប សុវត្ថិ និង​លោក ណុប បាយ៉ារិទ្ធ​​ បទ ​«ពាក្យ​ពេជ្រ» ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ​ និង​បទ​ច្រៀង​​គូ​​​ «ស្ម័គ្រ​ជូត​ទឹក​ភ្នែក» ច្រៀង​ដោយ​ ណុប បាយ៉ារិទ្ធ និង​ ពេជ្រ សោភា​៕​