ភ្នំពេញ៖ ខណៈឈានចូលឆ្នាំថ្មី ២០២១ ភ្លាម តារាសម្តែងស្រីសាច់ខ្ចី គៀត សុវណ្ណាឡាង ក៏ស្រាប់តែបង្ហើបអួតពីរឿងសម្រស់ខ្លួនភ្លែតថា ទោះបីមានវ័យកាន់តែជ្រេ តែរូបសម្ផស្សខ្លួនកាន់ផូរផង់បង្កើតភាពងឿងឆ្ងល់ពីមហាជនសាជាថ្មី។
តារាសម្តែងស្រីស្អាត សាច់សខ្ចីកញ្ញា គៀត សុវណ្ណាឡាង បានបង្ហើរសារអមដោយរូបថតពណ៌ស ឈរបណ្តែតអារម្មណ៍ក្នុងទឹកមុខដ៏ស្រស់ស្រាយបរិយាយថា៖ «មនុស្សស្រីអាយុជិត ៣០ មើលយូរៗទៅកាន់តែស្រស់ស្អាត និងគួរឱ្យស្រឡាញ់! នេះជាពាក្យលួងខ្លួនឯង»។
គ្រាន់ឃើញសារនោះ ក៏មានអ្នកចាប់អារម្មណ៍មួយរំពេច ដោយលើកឡើងថា៖ «អីយ៉ា! ស្រីស្អាត សុវណ្ណាឡាង ចង់មានន័យខ្លួនស្អាតប៉ុនហ្នឹង ហើយវ័យក្បែរ ៣០ ឆ្នាំ ហើយម៉េចក៏នៅតែមិនទាន់មានត្រូវចិត្តធ្វើជាម្ចាស់បេះដូងទេដឹង? ឬចង់ប្រាប់ថាមានស្តាយសម្រស់ផូរផង់ ខណៈដើមឆ្នាំនេះខ្លួនកំពុងតែចាប់ផ្តើមថតរូប Pre-wedding?»។
ការពិតថា តើស្រីស្រស់ គៀត សុវណ្ណាឡាង កំពុងមានចំណងស្នេហ៍នឹងអ្នកណា ឬចង់មានន័យថា យ៉ាងម៉េចនោះ ភ្នំពេញ ប៉ុស្តិ៍ ក៏ពុំអាចទទួលបានការបញ្ជាក់ច្បាស់នោះដែរ ខណៈប្រព័ន្ធទូរស័ព្ទកញ្ញាមិនអាចទំនាក់ទំនងបាន។
គួររំឭកដែរថា គេឧស្សាហ៍លេចចេញនូវភាពសិ្នទ្ធស្នាលលើសពីមិត្តក្នុងសង្គមសិល្បៈរវាងតារាចម្រៀង និងសម្តែងស្រីស្អាត សាច់សខ្ចី គៀត សុវណ្ណាឡាង និងតារាសម្តែងប្រុសរូបសង្ហាលោក លឹម ជាឡាយ តាមរយៈបណ្តុំរូបភាពផ្អែមល្ហែមដូចជាលលកញីឈ្មោល តាមបណ្តាញសង្គមអ៊ីនស្តាក្រាមដោយកន្លងមកអ្នកទាំង ២ ក៏តែងបានច្រានចោលពីរឿងសម្ព័ន្ធស្នេ្នហ៍ជារឿយៗ។
កន្លងមកតារាប្រុស លឹម ជាឡាយ ធ្លាប់បង្ហោះសារបង្ហាញពីអារម្មណ៍ទៅនឹងស្រីស្រស់ ថ្ពាល់ខួច សុវណ្ណាឡាង ថា៖ «ការជួបគ្នាមិនមែនជារឿងហេតុចៃដន្យតែវាគឺជាបុណ្យ និងកម្មវាសនា ដែលសាងរួមគ្នាពីជាតិមុនមក។ នៅពេលមានវាសនា ទោះបីមិនចង់ជួប ក៏ត្រូវតែជួប។ ពេលអស់វាសនា បើទោះបីជាមិនចង់ឃ្លាត ក៏ត្រូវតែឃ្លាត បើថៃ្ងនេះនៅមានគ្នារស់ក្បែរកាយ ហើយចូរថែរក្សាឱ្យបានល្អបំផុត ធ្វើរឿងល្អៗឱ្យបានល្អទៅវិញទៅមក ព្រោះបើដល់វេលាត្រូវឃ្លាតគ្នាហើយ ឱ្យយកជីវិតទៅដូរក៏គ្មាន ផ្លូវបានត្រឡប់មកវិញ៕