ភ្នំពេញៈ នៅ​ឆ្នាំ​ ២០២០ ​នេះ កុមារី​តារាចម្រៀង និង​តារាសម្តែង ដែល​ជាប់​សែស្រឡាយ​រាជវង្ស ព្រះនាងតូច នរោត្តម ជេនណា មាន​រាសី​ឡើង​ខ្ពស់​ក្រឺតៗ ដោយ​ក្តោប​បាន​ឱកាស​ទីផ្សារ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ក្នុង​ពេល​ជិត ១ ឆ្នាំ ក្រៅពី​បាន​ក្លាយជា​ទូតសុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​ទូរស័ព្ទ Cellcard នោះ ទ្រង់​ក៏​ក្លាយជា​ទូតសុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ អ&​អេហ្វ និង​ផលិតផល​នំ​ម៉ាក ម៉ារីរីហ្គល Marie Regal ដែលជា​ផលិតផល​ប្រទេស​ឥណ្ឌូនេស៊ី​ថែម​ទៀត​ផង​។


កុមារី​ជា​តារាចម្រៀង សម្តែង និង​ម៉ូដែល​ពន្លក​ថ្មី ទើប​តែ​មាន​ព្រះជន្ម​ ៨ ​ឆ្នាំ​ក៏​នឹង​ត្រៀម​យាង​ចេញដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ជួប​ជាមួយ​ក្រុម​តារាចម្រៀង K-pop ល្បី​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង​ដែល​ទ្រង់​សព្វព្រះទ័យ​គាំទ្រ ក្រោយពី​ទ្រង់​បង្ហើប​ពី​ក្រុម​នានា​ទាំងនោះ​រួមមាន​ដូចជា ក្រុម Momo Land ក្រុម Twice ក្រុម Black Pink និង​តារា​សម្តែង​ប្រុស​ល្បី​លោក Lee Min Ho ផងដែរ​។


សម្រាប់​កិត្តិសព្ទ​ព្រះនាងតូច នរោត្តម ជេនណា ទ្រង់មាន​ទេពកោសល្យ និង​ដុង​ពី​កំណើត​លើ​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ ហើយ​ទ្រង់​ក៏​ចេះ​និយាយ​ដល់​ទៅ​ ៥ ភាសា​ឯណោះ​បាន​បញ្ចេញ​សូរសៀង​នៃ​បទចម្រៀង​ថ្មី​ដំបូង​មាន​ចំណងជើង​ថា «​ដួងចន្ទ​» ដែលជា​ការនិពន្ធ​បទភ្លេង និង ទំនុកច្រៀង​វិញ​ដោយ Kelly នៅ​ផលិតកម្ម 7G Entertainment​។


ខណៈពេល​ក្រោយៗ​មក​គេ​ឃើញ​មាន​បទ «​កន្ទ្រឹម​ខែចេត្រ​» បទ «​ក្តៅ​ណាស់​» និង​ពេល​ថ្មីៗ​នេះ ក៏​ផ្ទុះ​មាន​ការគាំទ្រ​លើ​បទ​ចម្រៀង​មួយ ដែល​មាន​ចំណងជើង​ថា «​វាសនា​ធីតា​ព្កុល​មាស​» ជា​បទចម្រៀង​ថ្មី សម្រាប់​ការចាក់​ក្នុង​ខ្សែភាពយន្ត​បុរាណ​រឿង «​ទេពធីតា​ថ្កុលមាស​» ក្នុង​ឆ្នាំ​ ២០២០ សម្រាប់​កុន​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ស៊ីធីអិន​។


ដោយឡែក​កាលពី​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២០ កន្លងមក​ថ្មីៗ​នេះ ព្រះនាង​តូច នរោត្តម​ ជេនណា ត្រូវបាន​ក្រុម​អចលនទ្រព្យ​ខ្នាត​យក្ស អ&​អេហ្វ ប្រផឹធី (​ខេមបូឌា​) ក៏បាន​តែងតាំង​ទ្រង់​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ និង​បានរៀបចំ​កម្មវិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ព្រះនាង​តូច​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​នោះ​។

សមិទ្ធផល​ដែល​កើត​ចេញពី​ការមើលឃើញ​ទេពកោសល្យ​សិល្បៈ​ល្អ​របស់​ទ្រង់​កំពុងតែ​បាន​ក្លាយជា​ទីភ្នាក់ងារ​ភ្ជាប់​ទំនាក់ទំនង​នៃ​វប្បធម៌​សិល្បៈ​រវាង​ប្រទេស​ទាំង ២ គឺ​កម្ពុជា និង​កូរ៉េ​ខាងត្បូង​នេះ​ក៏​ត្រូវបាន​បណ្តាញ​សារព័ត៌មាន​ប្រទេស​កូរ៉េ www.nbnnews.co.kr ​ចុះផ្សាយ​កាលពី​កន្លងមក​។

សារព័ត៌មាន​នេះ​បាន​ចុះផ្សាយ​ថា វត្តមាន​ព្រះនាង​តូច​ខ្មែរ នរោត្តម​ជេនណា កំពុងតែ​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​តាមរយៈ​បណ្តាញសង្គម​ជាមួយ​អ្នកភ្ជាប់​ទំនាក់ទំនង​សង្គម ដែលមាន 800 000 followers និង​មាន​ចំនួន 6 million YouTube views៕