ជាង​ចម្លាក់​បទពិសោធ ២២ ​ឆ្នាំ ល្បី​សូន​ឆ្លាក់​រូប​សម្ដេច​សង្ឃរាជ ជួន​ ណាត បី​ដូច​មាន​ជីវិត

Content image - Phnom Penh Post
ជាង​ចម្លាក់​អាយុ ៣៩ ឆ្នាំ លោក​ ប៊ិន ឆារ៉ាន់ ធ្វើ​កិច្ចការ​យ៉ាង​លម្អិត​ផ្ចិត​ផ្ចង់​លើ​រូប​ចម្លាក់​សម្តេច​សង្ឃរាជ ជួន​ ណាត​។ រូបថត សហ​ការី

ភ្នំពេញ៖ កម្ពស់ ​១ ​ម៉ែត្រ ​៣​ តឹក​ ទឹក​មុខ​ម៉ឺងម៉ាត់​ជា​វីរបុរស​អភិរក្ស​ខ្មែរ​ និង​ស្ថាបនិក​​​វចនានុក្រម​អក្សរ​ជាតិ​ ចម្លាក់​​សម្ដេច​សង្ឃរាជ​ ជួន​ ណាត​ ត្រូវ​បាន​​ផ្ចិតផ្ចង់​​​សូន​ឆ្លាក់​យ៉ាង​លម្អិត​​​ស្ទើរ​​រក​ចន្លោះ​ខ្វះ​គ្មាន​​​​។ ចាប់​តាំង​​ពី​ត្រចៀក​ ច្រមុះ​ ភ្នែក​ ​សរសៃ​អម​​​ស្នាម​​ជ្រីវជ្រួញ​ គ្រង​ដោយ​ស្បង់ចីវរ​​​រំលេច​​ស្នាម​ផ្នត់​​​​សម្ដេច​សង្ឃ​ហាក់​ដូច​​កំពុង ​គង់​នៅ​មាន​ជីវិត​​​រស់រវើក​​។

ចម្លាក់​ដ៏​ប្រត្សក្ស​នេះ​​​ ​គឺ​ជា​ស្នាដៃ​​ជាង​ចម្លាក់​​លោក ប៊ិន ឆារ៉ាន់​ បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​រៀន​ និង​បទពិសោធ​របស់​លោក​ថា៖ «បើ​គិត​ទាំង​រៀន​ និង​​ចាប់​អាជីព​​មក​ដល់​ពេល​នេះ​ប្រហែល ​២២ ​ឆ្នាំ​ហើយ​។ ដោយ​ឪពុក​ខ្ញុំ​គាត់​មាន​ដុង​ខាង​គូរ ​ខ្ញុំ​ក៏​ចេះ​តិចតួច​ដែរ​»។

លោក​បន្ត​ថា៖ ​«ពេល​​ឃើញ​ឪពុក​ខ្ញុំ​គូរ​ម្ដងៗ​ ខ្ញុំ​ស្រឡាញ់ និង​​ចាប់​អារម្មណ៍​មែន​ទែន​ ក៏​សម្រេច​ចិត្ត​សុំ​គាត់​ទៅ​រៀន​ជាមួយ​​លោកគ្រូ​​នៅ​អូររាំងឪ​​​កាល​ពី​ឆ្នាំ ​១៩៩៨​។​ បាន​រយៈពេល​ ៦ ​ខែ​ ខ្ញុំ​ក៏​បន្ត​ទៅ​រៀន​​ជាមួយ​លោកគ្រូ​នៅ​ភ្នំពេញ​ និង​សៀមរាប​បន្ថែម​​ទៀត​»។

តាំង​ពី​បាន​រៀន​នៅ​រាជធានី​ភ្នំពេញ​ លោក​ក៏​បាន​ចេញ​ដើរ​គូរ​​បណ្ដើរៗ​​តាម​វត្ត​អារាម និង​​ព្រះ​វិហារ​នានា ​ប៉ុន្តែ​អាជីព​ចម្លាក់​ ដែល​​លោក​​ចេះ​ពី​សាលា​​មរតក​ខ្មែរ​នៅ​សៀមរាប​​នោះ​ លោក​មិន​បាន​ធ្វើ​ជា​អាជីព​តែ​ម្ដង​ទេ ​ព្រោះ​ខ្វះ​ឧបករណ៍​។​

លោក​ ប៊ិន ឆារ៉ាន់​ មិន​ត្រឹមតែ​​ចេះ​តែ​គូរ​គំនូរ​លើ​ក្រដាស​ប៉ុណ្ណោះ​​ទេ​ ថែម​ទាំង​ជា​គំនូរ​ផុស​ និង​ចម្លាក់​ ទាំង​លើ​ដីឥដ្ឋ​ ឈើ ​ថ្ម ​ស្ពាន់​​ និង​ស៊ីម៉ងត៍។

លោក​បាន​​រៀបរាប់​ថា៖ «ខ្ញុំ​អាច​គូរ​ ឬ​ក៏​ឆ្លាក់​បាន​ត្រឹមតែ​មាន​រូបថត ​ឬ​រូបភាព​មួយ​ ឬ​ម្នាក់​ហ្នឹង​អង្គុយ​ឱ្យ​​ខ្ញុំ​ឆ្លាក់​ក៏​បាន​។ សម្រាប់​រូប​សម្ដេច​ព្រះ​​សង្ឃរាជ​ ជួន​ ណាត​ ភិរម្យ ​ក្រម ង៉ុយ​ និង​ព្រះបាទ​​​ ជ័យវរ្ម័ន​ទី​៧​ គឺ​ខ្ញុំ​ធ្វើ​ទាំង​កម្ពស់​ ទាំង​ទំហំ​ប៉ុន​គ្នា​ទាំង​អស់​»។

តម្លៃ ​គឺ​រូប​ទាំង ​៣ ដែល​​លោក​បាន​ធ្វើ​ដើម្បី​បោះពុម្ព​នេះ​លក់​មួយ​ក្នុង​តម្លៃ​ ១ ០០០ ដុល្លារ គិត​ទាំង​ជើង​តម្កល់​ និង​សេវា​ដឹក​ជញ្ជូន​។ បើ​គ្មាន​ជើង​តម្កល់​ គឺ​ត្រឹម​តែ​ ៨០០ ​ដុល្លារ។

ចំពោះ​គំនូរ​លើ​ក្រដាស​ផ្ទាំង​ធម្មតា​គឺ​ ១៥០ ​ដុល្លារ​ ៨ តឹក ​និង​ ១ ម៉ែត្រ​ ២ តឹក​។ ចំពោះ​គំនូរ​លើ​ជញ្ជាំង​តាម​វត្ត​ផ្សេងៗ​គឺ​ ១ ម៉ែត្រ​ការ៉េ​ ២៥ ​ដុល្លារ និង​គំនូរ​ផុស​ ៧០ ​ដុល្លារ។

ក្នុង​ចំណោម​ស្នាដៃ​របស់​លោក​ទាំង​អស់ ជាង​ចម្លាក់​ដែល​សព្វ​ថ្ងៃ​នៅ​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «រូប​សម្ដេច​សង្ឃរាជ​ ជួន​ ណាត​ ជា​រូប​ដែល​ខ្ញុំ​ពេញចិត្ត​ និង​​ផ្ចិតផ្ចង់​ខ្លាំង​បំផុត​។ រូប​នេះ​ខ្ញុំ​ធ្វើ​ក្នុង​រយៈ​ពេល ​១ ​ខែ​ តែ​តាម​ពិត​ទៅ​ រូប​មួយៗ​អាច​បញ្ចប់​​ត្រឹម​ ១ ​សប្ដាហ៍​ទៅ ​១០ ​ថ្ងៃ​»។

Content image - Phnom Penh Post
ចម្លាក់​សម្ដេច​សង្ឃរាជ​ធ្វើ​ពីស្ពាន់ និងចម្លាក់​ភិរម្យ​ភាសាអ៊ូ ហៅ ង៉ុយ​​។ រូបថត សហ​ការី

លោក​បញ្ជាក់​ទៀត​ថា៖ «តែ​ដោយសារ​ខ្ញុំ​រវល់​នឹង​ការ​គូរ​ច្រើន​​ទើប​ឆ្លៀត​បាន ​១ ​ថ្ងៃ​ត្រឹម​​ ១ ម៉ោង​ទៅ​កន្លះ​ម៉ោង​»។

ចំពោះ​ភាព​លំបាក​នៃ​ការ​ធ្វើ​​ចម្លាក់​​ លោក​បាន​ឱ្យ​ដឹង​ថា​ស្ពាន់​ ​គឺ​ចំណាយ​ពេល​យូរ​បំផុត​ហើយ​ក៏​រឹងមាំ​បំផុត​ដែរ​។

ប៉ុន្តែ​ការ​ដែល​ពិបាក​ទូទៅ​នៃ​ចម្លាក់​តាម​ព្រះវិហារ​មួយ​នោះ ​គឺ​​គំនូរផុស​លោក​បាន​ឱ្យ​ដឹង​ថា​វា​ត្រូវ​បៀក​ម្ដង​បន្តិចៗ​ ត្រូវ​ការ​ពេលវេលា​យូរ​ចាំ​ទាល់​តែ​ស្ងួត​បន្តិច​ម្ដងៗ​ទើប​ឆ្លាក់​វា​ចេញ​ជា​ច្រមុះ ភ្នែក និង​បន្ត​បន្ទាប់។

ជាង​នោះ​ទៀត​ កិច្ច​ការ​ធ្វើ​​ចម្លាក់​ដ៏​ល្អ​ ​គឺ​ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់ ​និង​សមាធិ។

ក្នុង​ករណី​​​មាន​មនុស្ស​ច្រើន​​រញ៉េរញ៉ៃ​​លោក ​ប៊ិន ឆារ៉ាន់​ លើក​ឡើង​ថា លោក​ពិបាក​​នឹង​ប្រមូល​​អារម្មណ៍​ណាស់​។​

ក្រោយ​ពី​បាន​បញ្ចប់​ការ​ធ្វើ​ពុម្ព​​សម្ដេចសង្ឃ​ ជួន ណាត កន្លង​​មក​ឃើញ​ថា​ មាន ​៤ ​វត្ត​ហើយ​ដែល​ជាវ​ស្នាដៃ​ចម្លាក់​លោក​​។ ​​​អតិថិជន​របស់​លោក​​​ភាគ​ច្រើន​ជា​ព្រះចៅ​អធិការ​ ពុទ្ធសាសនិក​ និង​​​នាយក​តាម​​បណ្ដា​សាលា​រៀន​។

ជាង​ចម្លាក់​ និង​ជាង​គំនូរ​វ័យ ​៣៩ ​ឆ្នាំ​ ក៏​ដូច​ជា​ជា​ឪពុក​នៃ​កូន ​៥ ​​​នាក់​រូប​នេះ​ក៏​បាន​ឱ្យ​​ដឹង​ដែរ​ថា​៖ «អតិថិជន​មាន​ការ​ពេញ​ចិត្ត​​លើ​ស្នាដៃ​ខ្ញុំ​ណាស់​ មាន​អតិថិជន​​ជាច្រើន​កុម្ម៉ង់​ឱ្យ​ខ្ញុំ​ឆ្លាក់​ និង​គូរ​ ទាំង​ជា​រូប​បែប​លក្ខណ:​គ្រួសារ រូប​ស្ដេច​ រូប​វីរបុរស ​និង​គំនូរ​ទូទៅ​ជា​ហូរហែ​​ទៀត​»។

សព្វថ្ងៃ​លោក​បាន​ខិតខំ​បណ្ដុះ​បណ្ដាល​ប្រពន្ធ​របស់​លោក​ បង​ជីដូន​មួយ ​និង​កូន​ជាង​ម្នាក់​ទៀត​ ដែល​ពេល​នេះ​បាន​រៀន​ចេះ​ច្រើន​គួរសម​អាច​ធ្វើ​អនុវត្ត​បាន​​ខ្លះៗ​​ហើយ​។

លោក​ ប៊ិន ឆារ៉ាន់​ ចង់​ផ្ដាំផ្ញើ​ដល់​ជាង​ចម្លាក់​ដទៃ​ទៀត​ដែរ​ថា​៖ «ធ្វើ​អ្វី​កុំ​គិត​ពី​បញ្ហា​ថវិកា​ពេក​ ប្រឹង​​ធ្វើ​វា​ដោយ​យក​ចិត្ត​ទុក​ដាក់​ បើ​យើង​ធ្វើ​ល្អ​ទីផ្សារ​រត់​មក​​រក​យើង​ ហើយ​ត្រូវ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​»។

លោក​ក៏​ទទូច​​ថា៖ «សូម​​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ និង​បងប្អូន​ខ្មែរ​ទាំងអស់​ផង​ដែរ ​ដើម្បី​ឱ្យ​យើង​នៅ​តែ​មាន​កម្លាំង​ចិត្ត​។

សម្រាប់​គោល​បំណង​នៅ ២​ ទៅ​ ៣ ​ឆ្នាំ​ ខាង​មុខ​ លោក​បាន​បង្ហើប​ថា​ ហើយ​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​រូប​ឪពុកម្ដាយ​ហើយ​មិន​ដឹង​រក​អ្នក​ណា​ធ្វើ​ឱ្យ​​ដូច​ លោក​អាច​ធ្វើ​បាន​គ្រប់​ទាំង​អស់​។ លោក​ក៏​ចង់​បង្កើត​ជា​សមាគម​មួយ ​ដើម្បី​បង្រៀន​ដល់​អ្នក​ជំនាន់​ក្រោយ​ដោយ​មិន​យក​ប្រាក់​ផង​ដែរ​។​

ជាង​ចម្លាក់​រូប​នេះ​បន្ត​ទៀត​ថា៖ «ខ្ញុំ​ចង់​ឱ្យ​ខ្មែរ​យើង​បាន​រីក​ដុះដាល​ខាង​ផ្នែក​សិល្បៈ​​ចម្លាក់​ និង​សូន​រូប​។ ប្រសិន​បើ​ពុកម៉ែ​បង​ប្អូន​ ក៏​ដូច​ជា​នៅ​តាម​បណ្ដា​​សាលា​​ បើ​គាត់​​ពេញ​ចិត្ត​ស្នាដៃ​ខ្ញុំ​ គាត់​អាច​​ស្នើ​ថា​ ១ ​ខែ​ ឬ ​២-៣ ខែ ម្ដង​គាត់​ចង់​ឱ្យ​ខ្ញុំ​បណ្ដុះបណ្ដាល​​​ផ្ទាល់​​ដល់​អ្នក​ដែល​មាន​​ដុង​ និង​​សិស្ស​ដែល​មាន​ចំណាប់​​អារម្មណ៍»។

លោក​ ប៊ិន ឆារ៉ាន់ បន្ត​ថា​៖ «ខ្ញុំ​នឹង​ជួយ​បង្ហាត់​បង្រៀន​តាម​អ្វី​ដែល​បងប្អូន​​ស្នើ ហើយ​បំណង​​ចុងក្រោយ​ធំ​របស់​ខ្ញុំ​ គឺ​ចង់​បង្កើត​ជា​ចម្លាក់​ស្ពាន់​ធ្វើ​រូប​សម្ដេច​នរោត្តម​ សីហនុ​​ និង​រូប​សម្ដេច​នរោត្តម សីហមុនី ខ្ញុំ​ចង់​ធ្វើ​ឱ្យ​ដូច​រួច​ដាក់​​នៅ​ក្នុង​វាំង​ និង​​លោក​ស្ថាបនិក​ គន្ធបុប្ផា​ Beat Richner ផងដែរ»៕

ព័ត៌មានថ្មីៗ