ភ្នំពេញ៖ ក្រៅ​ពី​ប្រាង្គប្រាសាទ​បុរាណ​​ដ៏​សម្បូរ​រុងរឿង ទឹកដី​សៀមរាប បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទទួល​បទពិសោធ​សិល្បកម្ម​​ប្រពៃណី​ រួម​ទាំង​​សិល្បៈ​ស្មូន​ដី​​ពី​បរមបុរាណ និង​​នាំ​យក​ស្នាដៃ​ស្មូន​របស់​ខ្លួន​​ត្រឡប់​​ទៅ​​ផ្ទះ​វិញ​ទុក្ខ​ជា​អនុស្សាវរីយ៍​។


លោក ញឹប​ បញ្ញា ជា​ប្រធាន​ផ្នែក​ផលិតកម្ម​នៃ​មជ្ឈមណ្ឌល​សេរ៉ាម៊ិច និង​វិចិត្រសិល្បៈ​ខ្មែរ បាន​ឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​ចង់​បញ្ជូន​ជំនាញ​សិល្បៈ​ស្មូន​ទៅ​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​អភិរក្ស និង​ផ្តល់​​​អនាគត​ភ្លឺ​ស្វាង​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍។

លោក​និយាយ​ថា៖ «យើង​កំពុង​ប្រើ​ជំនាញ​ហត្ថកម្ម និង​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់។ យើង​នឹង​សប្បាយ​​ចិត្ត​​ ប្រសិន​បើ​មាន​នរណា​ម្នាក់​​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​​យើង​ ហើយ​មក​ទស្សនា​នូវ​មជ្ឈមណ្ឌល​សិល្បៈ​​​​​របស់​យើង»។


ស្ថាបនិក​មជ្ឈមណ្ឌល Serge Rega បាន​មក​ដល់​កម្ពុជា​ក្នុង​នាម​ជា​ភ្ញៀវ​​ទេសចរ​នៅ​ឆ្នាំ ១៩៩៩ លោក​ដិតដាម​នូវ​ស្នាម​ញញឹម​ប្រជាជន​ និង​វប្បធម៌​ខ្មែរ។ ក្រោយ​បន្ត​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ លោក​មាន​ការ​សោកស្ដាយ​ដែល​ចំណេះដឹង​ពី​សិល្បៈ​ស្មូន ត្រូវ​បាន​បាត់បង់​ក្នុង​របប​ខ្មែរ​ក្រហម។


បុរស​ជនជាតិ​បែលហ្ស៊ិក​ដែល​ស្រឡាញ់​​សិល្បៈ​ស្មូន​ដី និង​សេរ៉ាម៊ិច​រូប​នេះ បាន​វិល​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​ក្នុង​ឆ្នាំ ២០០១ ក្នុង​បំណង​បង្កើត​មជ្ឈមណ្ឌល​សិល្បៈ​ស្មូន​ដី​បែប​ប្រពៃណី​បុរាណ​ខ្មែរ បូក​បញ្ចូល​សិល្បៈ​សូន​ដី​បែប​សហសម័យ​នៅ​ទឹកដី​​សៀមរាប​អង្គរ។


តារាសម្ដែង​កញ្ញា គឹម​ ច័ន្ទបរមី នៅមជ្ឈមណ្ឌលសេរ៉ាមិុច និង​វិចិត្រ​សិល្បៈ​ខ្មែរ។ រូបថត Facebook/Kim Chanbormey

ដោយ​ធ្វើ​ការ​ជាមួយ​សិល្បករ​ស្មូន​កម្ពុជា ​២-៣ នាក់​ទៀត សិប្បកម្ម​ស្មូន​ត្រូវ​​បាន​បង្កើត​ឡើង ​នឹង​វិវឌ្ឍ​ក្លាយ​ជា​មជ្ឈមណ្ឌល​សេរ៉ាម៊ិច និង​វិចិត្រ​សិល្បៈ​​ខ្មែរ​នៅ​ឆ្នាំ ២០០៦ ដោយ​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាជន​សហគមន៍ ជា​ពិសេស​ជនពិការ។

លោក​​បាន​បន្ត​ថា៖ «ពួក​យើង​​មាន​ថ្នាក់​បង្រៀន​ស្មូនដី និង​បង្រៀន​ផាត់​ពណ៌​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​មនុស្ស​ពេញ​វ័យ និង​កូន​ក្មេង​ចាប់​ពី​អាយុ ៣ ឆ្នាំ​ឡើង​ទៅ ហើយ​មិន​ចាំបាច់​​មាន​ចំណេះដឹង​អំពី​សេរ៉ាម៊ិច​ពី​មុន​ទេ»។

ថ្នាក់​បង្រៀន​ស្មូនដី​ដោយ​គ្រូ​ជា​​ជន​ពិការ ​នឹង​ជួយ​ឱ្យ​ភ្ញៀវ​ទេសចរ​​ទទួល​បាន​បទពិសោធ​ដោយ​ផ្ទាល់​នូវ​ដំណើរការ​បុរាណ​នៃ​ការ​បង្កើត​សេរ៉ាម៊ិច ដោយ​ប្រើប្រាស់​​​ដីឥដ្ឋ​ក្នុង​ស្រុក និង​កង់​របស់​ស្មូន​រចនា​បែប​បុរាណ។

លោក ញឹប​ បញ្ញា ​បន្ត​ថា៖ ​«ថ្នាក់​បង្រៀន​​ស្មូន​ដី​នេះ បាន​ឱ្យ​អ្នក​ចូលរួម​ធ្វើ​នូវ​ចាន​អង្គរ និង​ប្រើ​កង់​របស់​ជាង​ស្មូន។​ បន្ទាប់​ពី​បញ្ចប់​គ្រូ​របស់​យើង​នឹង​បង្ហាញ​បន្ថែម​អំពី​ឆ្លាក់​ខ្មែរ ដើម្បី​ធ្វើ​ឱ្យ​វា​កាន់​តែ​ប្លែក​ដោយ​ប្រើ​ឧបករណ៍​ឆ្លាក់ និង​គ្រឿង​ស្មូន​ពិសេស»។

សម្ភារ​សិល្បៈ​ទាំង​អស់​នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ទាំង​អស់។ មគ្គុទេ្ទសក៍​ក្នុង​ស្រុក និង​គ្រូ​ស្មូន ​គឺ​ជា​អ្នក​ណែនាំ​ក្នុង​ការ​​ចាប់​ផ្តើម​ថ្នាក់​ស្មូន​ដី​នេះ។ នៅ​ចុង​បញ្ចប់​នៃ​ថ្នាក់​អ្នក​ចូលរួម​នឹង​ទទួល​បាន​ចាន​ស្មូន (ធ្វើ​ដោយ​ដៃ​របស់​ពួក​គេ) និង​សញ្ញាបត្រ​ជាង​ស្មូន​ខ្មែរ។

អ្នក​គ្រប់គ្រង​ផលិតកម្ម​រូប​នេះ​បាន​មាន​​ប្រសាសន៍​ថា៖ ​«ថ្នាក់​រៀន​ស្មូន និង​​ផាត់​ពណ៌​របស់​យើង​ចំណាយ​ពេល ១ ម៉ោង ៤៥ នាទី។ តម្លៃ​ពី​មុន​គឺ ២៥ ដុល្លារ។ ប៉ុន្ដែ​ឥឡូវ​នេះ​យើង​មាន​ការ​បញ្ចុះ​តម្លៃ​ ៣០% សម្រាប់​ថ្នាក់​​​ទាំង ​២។ ថ្នាក់​នីមួយៗ​គឺ​ត្រឹម​តែ ១៧,៥ ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់»­­។

សាលា​ជា​រៀងរាល់​ថ្ងៃ ដោយ​​អនុវត្ត​វិធានការ​រក្សា​អនាម័យ និង​គម្លាត​សង្គម​​យ៉ាង​តឹងរ៊ឹង​ពី​ក្រសួង​​។

ឡ​ដុត​គ្រឿង​សូន​ពីដីឥដ្ឋ នៅមជ្ឈមណ្ឌលសេរ៉ាមិុច និង​វិចិត្រសិល្បៈខ្មែរ ក្រុង​សៀមរាប។ រូបថត សហការី

ក្រៅ​ពី​រៀចំ​ទឹក​លាង​ដៃ​នៅ​ច្រកចូល ​លោក បញ្ញា បាន​បញ្ជាក់​ថា៖ «យើង​ក៏​បាន​ដាក់​ចម្ងាយ​រវាង​កង់ និង​កៅអី​ស្មូន។ យើង​ក៏​កំពុង​តែ​មាន​ការ​ពាក់​ម៉ាស់ និង​ផ្តល់​ជូន​ម៉ាស់​ដល់​អតិថិជន​ផង​ដែរ ប្រសិន​បើ​ពួក​គេ​ត្រូវ​ការ»។

វិបត្តិ​កូវីដ​បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​​បរទេស​ថយ​​ចុះ​យ៉ាង​ខ្លាំង​​។

ទោះ​​យ៉ាង​ណា​ក៏​ដោយ ​ប្រធាន​​ផ្នែក​ផលិតកម្ម​នៃ​មជ្ឈមណ្ឌល​សេរ៉ាម៊ិច បាន​​ឱ្យ​ដឹង​ថា៖ «យើង​មាន​អ្នក​គាំទ្រ​ពី​ភ្ញៀវ​ជាតិ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន និង​​ភ្ញៀវ​ក្នុង​ស្រុក​កាន់​តែ​ច្រើន​ក្នុង​រយៈពេល ៦ ខែ​ចុង​ក្រោយ​នេះ»។

លោក​បាន​ថ្លែង​ទាំង​អំណរ​​ថា៖ «តាមរយៈ​ការ​អនុវត្ត​សិល្បៈ​ទាំង​នេះ យើង​​កំពុង​ធានា​ឱ្យ​មាន​ការ​បង្កើត​ឡើង​វិញ និង​​រស់រាន​មាន​ជីវិត​នៃ​សេរ៉ាម៊ិច​​ធ្វើ​ពី​ថ្ម​ម៉ាប​បុរាណ​ខ្មែរ ដែល​ធ្លាប់​មាន​នូវ​ហានិភ័យ​នៃ​ការ​បាត់​ខ្លួន​បន្ទាប់​ពី ​១ ​ពាន់​ឆ្នាំ»។

មជ្ឍមណ្ឌល​សេរ៉ាម៊ិច និង​វិចិត្រ​សិល្បៈ​​ខ្មែរ​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ ០២០៧ ផ្លូវ​លំ ភូមិទ្រាំង ឃុំ​ស្លក្រាម ក្រុង​សៀមរាប​អង្គរ។

មជ្ឈមណ្ឌល​ស្មូនដី និង​ហាង​សិល្បកម្ម​​ស្មូន ក៏​នឹង​ត្រូវ​បើក​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ​២០២០ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ ១៦ វិថី​​​ព្រះបាទជ័យវរ្ម័នទី៧ (១៧២) ខណ្ឌ​ដូនពេញ និង​​ចាប់​ផ្ដើម​បើក​ថ្នាក់​បង្រៀន​សិស្ស​ឆាប់ៗ​នេះ​ផង​ដែរ។

ព័ត៌មាន​បន្ថែម​ ​ទំនាក់ទំនង​​ទូរស័ព្ទ លេខ ០១៧ ៨៤៣០១៤ អ៊ីមែល booking@khmerceramics.com និង​ហ្វេសប៊ុក​ Khmer Ceramics៕

ហ៊ុន សុភារ៉ា