បើ​ក្រុង​អង់ការ៉ា: ពី​អគារ​​បុរាណ​លើ​ជ្រលង​ លោក រីដវ៉ាន អាយហាន​ ឈរ​​គន់​​ដង​ទន្លេ Tigris ដែល​ទ្រ​ពី​ក្រោម​ទីក្រុង​ជីដូន​ជីតា​រស់​នៅ​ជា​ច្រើន​ជំនាន់​ដែល​នឹង​បំផ្លាញ​​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។


លោក អាយហាន និយាយ​ពេល​កំពុង​ទាញ​កន្សែង​ជូត​លើ​មុខ​ថា​៖ ​«​ចៅ​ទួត​​​ខ្ញុំ​នឹង​លែង​បាន​ឃើញ​ទី​កន្លែង​ដែល​ខ្ញុំ​កើត ​និង​រស់​នៅ​ទៀត​ហើយ​»។

ទីក្រុង​តូច ហាសានខេហ្វ ជា​ភូមិឋាន​ពលរដ្ឋ​អស់​រយៈ​ពេល​ ១២ ០០០ ឆ្នាំ អាច​បាត់​រូប​រាង​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៀត​ ពេល​ទំនប់​វារី​អគ្គិសនី​ធំបំផុត​លំដាប់​ទី​ ២ របស់​តួក​គី​ត្រូវ​បាន​ដាក់​ដំណើរការ​។


ដោយ​ប្រឈម​នឹង​ការ​ជន់​លិច​​ទីក្រុង និង​ភូមិ​ឋាន​រាប់​រយ អ្នក​ក្រុង​ ៣ ០០០ នាក់​ត្រូវ​បាន​បែង​ចែក​ជា​បក្ស​ពួក។ ពលរដ្ឋ​ខ្លះ​មាន​ការ​ខឹង​សម្បា​នឹង​ការ​ពន្លិច​ភូមិឋាន​របស់​ពួក​គេ​។


លោក អាយហាន ​ពោល​​ថា៖ «​នៅ​សល់​តែ​ប្រវត្ដិ​សាស្រ្ត​ចំពោះ​ក្រុង​តូច​នេះ​។ ពេល​អស់​​លោក​ជីក​កកាយ​សង់​ទំនប់ អស់​លោក​កំពុង​តែ​រំលាយ​​ភូមិឋាន​ពលរដ្ឋ​​»។


រថយន្ត​ធំៗ​បាន​ដឹក​សំណង់បុរាណ​រាប់​រយតោន​បំផ្លាស់ទី​​។ រូបថត AFP

ប៉ុន្ដែ​រដ្ឋាភិបាល​តួកគី បាន​ច្រាន​ចោល​ការ​រិះគន់​ទាំង​ឡាយ ដោយ​​លើក​ហេតុផល​​ថា រដ្ឋាភិបាល​មាន​វិធានការ​សង្គ្រោះ​អគារ​​បុរាណ​រួច​ទៅ​ហើយ​។ អគារ​ជម្រះ​កាយ​ Artuklu Hamam ទម្ងន់​ ១ ៦០០ តោន ត្រូវ​បាន​បំពាក់​កង់​​សម្រាប់​រើ​បំផ្លាស់​ទី​។

ក្រុម​កម្មករ​ក៏​ទើប​បាន​រើ​ព្រះ​វិហារ​សតវត្សរ៍​ទី ១៤ Ayyubid ចម្ងាយ​ផ្លូវ ៣ គីឡូ​ម៉ែត្រ​ទៅ​កាន់​ទីតាំង​ថ្មី ដែល​នឹង​ក្លាយ​​ជា «ឧទ្យាន​វប្បធម៌​»។ ប្រតិបត្ដិការ​បំផ្លាស់​ទី​បែប​នេះ បាន​ប្រែក្លាយ​ទីក្រុង​ហាសានខេហ្វ ទៅ​ជា​តំបន់​ការដ្ឋាន​។

រថយន្ត​​​ក្រុង​ធ្លាប់​ដឹក​ភ្ញៀវ​ ទេសចរ​​ជា​ហូរហែ​ ត្រូវ​បាន​ជំនួស​ដោយ​ឡាន​ដឹក​ដី និង​ត្រាក់ទ័រ​កាយ​ដី​​ពាសពេញ​តំបន់​ប្រវត្ដិ​សាស្ដ្រ​។

លោក អាយហាន បាន​អះអាង​ថា​៖ «​អស់​ភ្ញៀវ​ទេសចរ​ហើយ​។ តើ​មាន​នរណា​ចង់​មក​ទី​នេះ​ទៀត? គ្រប់​ជំហាន​ដើរ​សុទ្ធ​តែ​អាច​ធ្លាក់​រណ្ដៅ​»។

យ៉ាង​ណា​មិញ មិន​សុទ្ធ​តែ​ពលរដ្ឋ​ទាំង​អស់​ មិន​ពេញ​ចិត្ដ​ចំពោះ​វិធានការ​នេះ​ឡើយ​។

អតីត​អ្នក​គង្វាល អាមេត អាដេនីហ្ស ហាក់​ចង់​ឃើញ​ពន្លឺ​នា​ពេល​អនាគត​ ខណៈ​លោក​បាន​លើក​ឡើង​ថា ទំនប់​វារី​អគ្គិសនី​នឹង​ជំរុញ​វិស័យ​ទេសចរណ៍ ហើយ​​​ការ​កែកុន​អគារ​បុរាណ​ និង​​ល្អាង​ភ្នំ​ខ្លះ​គេច​ផុត​ពី​ការ​ជន​លិច​ពី​កម្ពស់​ទឹក​ទន្លេ​កាន់​តែ​ខ្ពស់​ផង​ដែរ។

លោក​បាន​បន្ដ​ថា​៖ «​នៅ​មាន​ទូក និង​កន្ដ្រក​អគ្គិសនី​។ យើង​នឹង​មាន​សណ្ឋាគារ​។ ក្មេង​ជំនាន់​ក្រោយ​ខ្លះ​ចាប់​ផ្ដើម​រៀន​ជ្រមុជ​ទឹក​បណ្ដើរ​ៗ​ហើយ​។ តើ​អស់​លោក​អាច​នឹក​​ឃើញ​​បែប​នេះ​ទេ?»៕ AFP/HR

ទីក្រុង​ទេសចរ​ណ៍​ពេល​នេះ​លែង​សូវ​សម្បូរ​ភ្ញៀវ​ដូចមុន​។ រូបថត AFP