ភ្នំពេញ៖ សារមន្ទីរ​អន្ដរជាតិ​បាន​ និង​កំពុង​ប្រែក្លាយជា​ពិព័រណ៍​រស់រវើក​ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ជាមួយ​នឹង​​បទពិសោធ​បច្ចេកវិទ្យា​ទំនើប​ ដែល​​អាច​នាំ​អ្នក​ទស្សនា​វិល​ទៅកាន់​ពេល​វេលា​ណាមួយ និង​កន្លែង​ណាមួយ​ស្ដែងៗ​​នឹង​ភ្នែក​។


នៅ​ពេល​ឈាន​ជើង​ចូល​ក្នុង​សាល​បន្ទប់​ធំមួយ​ រូបភាព​ 3D ពី​ការ​កសាង​ប្រាង្គ​ប្រាសាទ​បាន​ផុស​ឡើង​នៅ​គ្រប់​ជ្រុង​នៃ​ជញ្ជាំង​ទាំង​ ៨ ទិស​ លើ​កម្រិត ៣៦០​ដឺក្រេ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កាន់​តែ​យល់​ច្បាស់​អំពី​ហេតុ​ការណ៍​ប្រវត្ដិសាស្ដ្រ​ អម​ទៅដោយ​ទិដ្ឋភាព​បច្ចេកវិទ្យា​ដ៏​ទំនើប​។

អង្គរ​រស់​រវើក មាន​ន័យ​ថា ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ទៅកាន់​អតីត​កាល​ ដើម្បី​មើល​​ពី​ការ​កសាង​ប្រាង្គប្រាសាទ​ក្នុង​រជ្ជកាល​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង​ផ្ទាល់​នឹង​ភ្នែក​។


លោក សូរស្មី កេ ប៊ីន ជា​អគ្គនាយក​ក្រុមហ៊ុន Confluences ដែល​ចូលរួម​​ចំណែក​ក្នុង​ការ​បង្កើត​សារមន្ទីរ​រស់រវើក​បាន​និយាយថា​៖ «​ក្នុង​ការ​ផ្ដល់​បទពិសោធ​សម្រាប់​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ សារមន្ទីរ​អង្គរ​រស់​រវើក នឹង​ប្រើ​បច្ចេកវិទ្យា​ទំនើប ដែល​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​បាន​ឃើញនូវ​​ប្រាង្គប្រាសាទ​ត្រូវ​បាន​កសាង​ឡើង​វិញ​តាម​​រូបភាព​ 3D»។


ជាមួយនឹង​គម្រោង​​រួម​គ្នា​ សារមន្ទីរ​រស់រវើក ត្រូវ​បាន​ប្រកាស​ជា​ពិព័រណ៍​ដំបូង​បំផុត​នៅ​ក្នុង​តំបន់​ ដោយ​លោក​ សូរស្មី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា៖ «​វា​នឹង​ក្លាយ​ជា​សារមន្ទីរ​រស់រវើក​អចិន្រ្តៃយ៍​​ដំបូង​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ យើង​មាន​មោទនភាព​ថា ​​វា​ស្ថិត​ក្នុង​ខេត្ដ​សៀមរាប​ ដែល​ជា​ទីតាំង​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​»។


Confluences ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​សហការ​ជាមួយ​ក្រុមហ៊ុន​បារាំង Iconem មាន​ជំនាញ​ស្កេន 3D ​តំបន់​បេតិកភណ្ឌ​ពិភពលោក​ និង​បង្កើត​ជា​ពិព័រណ៍​រស់រវើក​។

លោក Etienne Tellier អគ្គនាយក​ Iconem បាន​ថ្លែង​​ឱ្យ​ដឹង​ថា៖ «គម្រោង​អង្គរ​រស់រវើក​ ជា​សមិទ្ធផល​រវាង​ក្រុមហ៊ុន​ធុរកិច្ច​ ២ ដោយ Iconem នាំ​យក​នូវបច្ចេកវិទ្យា​ចុង​ក្រោយ​ក្នុង​ទម្រង់​ឯក​ 3D រំលេច​នូវ​តំបន់​បុរាណ​វត្ថុ​វិទ្យា​ ខណៈ​ Confluences ផ្ដោត​ទៅលើ​ការ​ស្រាវជ្រាវ​ចំណេះ​ដឹង​ និង​វប្បធម៌​របស់​កម្ពុជា​»។

ពេល​នេះ គម្រោង​តែ​មួយ​ប្រចាំ​តំបន់​នេះ បាន​ប្រកាស​ដៃគូ​ទី៣ Tandem Partners ​​ផ្ដោត​លើ​យុទ្ធសាស្ដ្រ​ និង​ហិរញ្ញវត្ថុ​ ដែល​ចូល​មក​ពន្លឿន​គម្រោង​មួយ​នេះ​។

សារមន្ទីរ​អង្គរ​រស់​វើក​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​ម្ដង ១៥០​ នាក់​ ជាមួយ​ការ​រក្សា​គម្លាត ៧​ ម៉ែត្រការ៉េ​ក្នុង​ម្នាក់​។ រូបថត សហការី

លោក សូរស្មី បាន​និយាយ​ថា​៖ «ភ្ញៀវ​នឹង​កាន់តែ​យល់​ច្បាស់​ និង​កោត​ស្ញប់ស្ញែង​ចំពោះ​ប្រវត្ដិសាស្ដ្រ និង​​វប្បធម៌ខ្មែរ​ ដោយ​សារមន្ទីរ​នាំ​យក​ចំណេះដឹង​នៃ​ការ​​អប់រំ​ បច្ចេកវិទ្យា​ថ្មី និង​ការ​កម្សាន្ដ​រួម​គ្នា​ដែល​ហៅ​ថា (ការ​កម្សាន្ដ​បែប​អប់រំ​)​។ ​​វា​ជា​ការ​អប់រំ​ដោយសារ​ភ្ញៀវ​បរទេស​ជាង ៥០​ ភាគរយ មិន​ដឹងអំ​ពី​ប្រវត្ដិសាស្ដ្រ​ប្រាសាទ​កម្ពុជា​។ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថាបត្យកម្ម​ប្រាសាទ ហើយ​​មិន​សូវ​ខ្វល់​ពី​ប្រវត្ដិ​រឿង​រ៉ាវ​លម្អិត​នោះទេ​»។

លោក សូរស្មី ​​ប្រសូត និង​ធំ​ដឹង​ក្ដី​នៅ​ទីក្រុង Lyon ជា​ទីដែល​លោក​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ២ មុខ​វិជ្ជា និង​បាន​សម្រេច​ចូលរួម​វិនិយោគ​នៅ​កម្ពុជា​ជាមួយ​ឪពុក​ក្នុង​ឆ្នាំ​ ២០០២។

លោក​និយាយ​ថា តាម​រយៈ​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា សារមន្ទីរ​ថ្មី​នេះ​នឹង​ផ្ដល់​ការ​កម្សាន្ដ​ និង​បទពិសោធ​វីដេអូ​ 3D ៦០ ​នាទី​ស្ដីពី​តថភាព​ទូទៅ​នៃ​បេតិកភណ្ឌ​ និង​ភាព​ស៊ីវិល័យ​របស់​ខ្មែរ​។

យ៉ាងណាមិញ លោក​អះអាង​ថា មគ្គុទេ្ទសក៍​នៅតែ​ជា​បុគ្គល​សំខាន់​ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ប្រវត្ដិសាស្ដ្រ​នៅតំបន់​អង្គរ និង​ទូទាំង​ក្នុងឧទ្យាន​បុរាណ​វត្ថុ​វិទ្យា​។

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​ពួក​គេ​បាន​បង្ហាញ​ពី​មោទនភាព​ជាតិ និង​ភាព​អស្ចារ្យ​នៃ​កេរដំណែល ក៏​ដូចជា​ប្រវត្ដិសាស្ដ្រ​ជាតិ​។ ពួក​គេ​ក៏​បាន​ផ្ដល់​នូវ​​ការ​ប្រាស្រ័យ​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​ភ្ញៀវ​ផង​ដែរ​»។

ភ្ញៀវ​មាន​ជម្រើស​ក្នុង​ការ​ចូល​​សារមន្ទីរ​មុន និង​ក្រោយ​ពេល​ទៅ​ទស្សនា​នៅ​​តាម​ប្រាង្គ​ប្រាសាទ​ផ្ទាល់​ភ្នែក​ ជាពិសេស​​សម្រាប់​ឱកាស​វេលា​ក្ដៅ​ខ្លាំង​ ឬ​ភ្លៀង​ ឬ​នៅ​ពេល​យប់​ជាដើម​។

ដោយ​កំពុង​សម្លឹង​រក​ទីតាំង​សម​រម្យ​ដែលមាន​ទំហំ​ដៃ​ ១ ​ពាន់​ម៉ែត្រការ៉េ សម្រាប់​អគារ​ធំ​ទូលាយ​ សារមន្ទីរ​ថ្មី​នេះ​​ផ្ដោត​លើ​កត្ដា​ ២ គឺ​គុណភាព​ និង​គោលការណ៍​សុវត្ថិភាព​។

សារមន្ទីរ​អង្គរ​រស់​វើក​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​ម្ដង ១៥០​ នាក់​ជាមួយ​ការ​រក្សា​គម្លាត ៧​ ម៉ែត្រការ៉េ​ក្នុង​ម្នាក់​។ រូបថត សហការី

លោក សូរស្មី ដែល​ប្រលយ​ថា​ គម្រោង​សារមន្ទីរ​អង្គរ​រស់រវើក​ប្រចាំ​តំបន់​នឹង​ចាប់​ផ្ដើម​នៅក្នុង​​អំឡុង​ត្រីមាស​ទី១ និង​ទី២ ឆ្នាំ​ ២០២២ បាន​បន្ដ​ថា​៖ «​ភ្ញៀវ​ទេសចរ​នឹង​អាច​ដើរ​ទស្សនា​ដោយ​សេរី​ក្នុង​បន្ទប់​ធំ ខណៈ​វីដេអូ​ តន្ដ្រី និង​រូប​ភាព​ចលនា​ត្រូវ​បាន​តាំង​បង្ហាញ​ ៣៦០ ​ដឺក្រេ​។ យើង​មិន​ចង់​ឱ្យ​មាន​ភ្ញៀវ​ច្រើន​ពេក​យើង​ក៏​គិតគូរ​ពី​ការ​ផ្ទុក​មនុស្ស​ត្រឹម ១៥០ ​នាក់​ម្ដង​ ដោយ​ម្នាក់​ស្ថិត​ក្នុង​បរិវេណ​ ៧ ​ម៉ែត្រការ៉េ​»។

ក្រៅ​ពី​ប្រាសាទ​ធំៗ ដូចជា​ អង្គរវត្ដ បាយ័ន និង​តាព្រហ្ម សារមន្ទីរ​អង្គរ​រស់រវើក នឹង​បន្ដ​បង្ហាញ​ប្រាង្គប្រាសាទ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​ ជាពិសេស​ ប្រាសាទ​ខ្មែរ​ដែល​មិន​សូវ​មាន​គេ​ស្គាល់​ច្រើន​។

ជាមួយ​ស្ថានភាព​​វិបត្ដិ​កូវីដ​សកល ដែល​មនុស្ស​​ត្រូវ​រស់​នៅ​តាម​គន្លង​ថ្មី​ លោក សូរស្មី រំពឹង​ថា​ ម្នាក់​ៗ​សុទ្ធតែ​ទន្ទឹង​រង់ចាំ​ការ​បើក​ទ្វារ​ព្រំដែន​ទាំង​អស់​​ ដើម្បី​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ និង​ចរន្ដ​ភ្ញៀវ​ទេសចរ​ងើប​ឡើង​វិញ​ទាំង​ភ្ញៀវ​​ជាតិ និង​អន្ដរជាតិ​។

លោក​បាន​លើក​ឡើង​ថា​៖ «​យើង​រំពឹង​ថា វិស័យ​ទេសចរណ៍​នឹង​មិន​ដូច​ដើម​ទាំង​ស្រុង​ទេ ហើយ​យើង​ជឿ​ជាក់​ថា វា​ជា​វេលា​ល្អ​ក្នុង​ការ​រៀបចំ​ស្ដង់ដា​ថ្មី​ ដើម្បី​ឆ្លើយ​តប​ទេសចរណ៍​គន្លង​ថ្មី​។ វិស័យ​ទេសចរណ៍​នឹង​ងើប​ឡើង​វិញ​យ៉ាង​ច្បាស់​ តែ​សំណួរ​ត្រង់​ថា តើ​នៅ​ពេល​ណា និង​តាម​របៀប​ណា?»​៕