ក្រុង​ស៊ីដនី៖ បុរស​អូស្ដ្រាលី​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​រស់រាន​មាន​ជីវិត​ និង​សុខុមាលភាព​ល្អ​ក្រោយ​ពី​វង្វេង​ ៣ សប្ដាហ៍ ​ក្នុង​ព្រៃ​ក្រពើ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ផុត​នៃ​ប្រទេស​។ នេះ​បើ​យោង​តាម​ប៉ូលិស​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​។


លោក មីលេន ឡេមិក បាន​បាត់​ខ្លួន​ក្រោយ​ពី​រថយន្ដ​របស់​លោក​ខូច​កាល​​ពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ ខណៈ​ធ្វើ​ដំណើរ​កាត់​ព្រៃ ដែនទ្រី ភាគ​ឦសាន​រដ្ឋ​ឃ្វីនលែន​ ប្រទេស ​អូស្ត្រាលី​។

ដំបូង​ប៉ូលិស​បារម្ភ​ថា លោក ឡេមិក​ អាយុ ២៩ ឆ្នាំ ត្រូវ​បាន​ក្រពើ​ស៊ី ខណៈ​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​ក្រពើ​ និង​ល្បី​ជា​ព្រៃ​ដ៏​គ្រោះ​ថ្នាក់​បំផុត។


ប៉ូលិស​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​ការ​ជិះ​យាន​​រុក​រក​លើ​ដី បើក​នាវា​លុក​លុយ​តំបន់​ទឹក និង​ប្រើ​ដ្រូន​​ស្វែងរក​​ពី​លើ​អាកាស។


តែ​ក្រោយការ​រុករក​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក បើទោះ​ជា​ប៉ូលិស​​មិន​មាន​តម្រុយ​ពី​បុរស​បាត់​ខ្លួន​ក៏​ដោយ ក៏​ពួក​គេ​​មិន​បាន​សម្គាល់​​​ឃើញ​ក្រពើ​ណា​មាន​ពោះ​ធំ​ចម្លែក​ ដែល​ទំនង​ជា​លេប​អាហារ​ជា​មនុស្ស​រស់​ឡើយ​។


ទីបំផុត ប៉ូលិស​បាន​រក​ឃើញ​បុរស​រូប​នោះ​នៅ​ថ្ងៃ​ចន្ទ ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​រថយន្ដ​ខូច​របស់​ខ្លួន​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​គាត់​មាន​សុវត្ថិភាព​ ដោយ​ជាក់​ស្ដែង គាត់​អាច​នៅ​រស់​ក្នុង​ព្រៃ​ក្រពើ​រយៈពេល ៣ សប្ដាហ៍​»។

ប៉ូលិស​បាន​និយាយ​ថា លោក ឡេមិក បាន​រស់រាន​មាន​ជីវិត​ក្នុង​ព្រៃ​ដោយ​ទទួល​ទាន​ផ្លែ​ឈើ និង​ប៊ឺរី​។

លោក មីលេន បាន​ប្រាប់​ប៉ូលិស​ថា លោក​ឆ្លៀត​ដើរ​លេង​​ចុះ​ឡើង ​ខណៈ​ពេល​រង់ចាំ​ត្រាក់ទ័រ​មក​ជួយ​រថយន្ត​ខូច​របស់​លោក ប៉ុន្តែ​មាន​មតិ​សង្ស័យ​ថា លោក​មាន​បំណង​ពួន​ប៉ូលិស​ទៅ​វិញ៕ AFP/HR