ក្រុង​បាត់ដំបង៖​​ ស្រ្តី​ខ្មែរ​មូស្លីម​ អ្នក​ស្រី ម៉ាន់ ហៃយ៉ាត់ មាន​វ័យ​ ៣១ ​ឆ្នាំ គឺ​ជា​គ្រួសារ​កសិករ​​ក្រីក្រ​ ដែល​រស់នៅ​​ភូមិ​សម្តេច ឃុំ​តាប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ បាន​ប្រែ​ក្លាយ​ជីវភាព​គ្រួសារ​ខ្លួន​ពី​​​​ក្រីក្រ​ទៅ​​ជា​អ្នក​មាន​​ជំនាញ​​ផលិត​​ម្សៅ​ត្រី​ល្អិត​ លក់​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ប្រសើរ​ជាង​មុន​ ខណៈ​បច្ចុប្បន្ន​ជា​គ្រួសារ​គំរូ​​ក្នុង​ការ​ផលិត​ម្សៅ​ត្រី​ល្អិត​​ដែល​ជា​អាហារ​បំប៉ន​​សុខភាព​កុមារ និង​ស្រ្តី​មាន​​គភ៌ ​​យ៉ាង​មាន​ប្រសិទ្ធភាព​ ក្រោយ​ពី​​ខ្លួន​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​គម្រោង​​ NOURISH ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) រយៈពេល​ ២ ​ឆ្នាំ​​ ដែល​នឹង​ត្រូវ​ផុត​កំណត់​គម្រោង​ នៅ​ខែ​ ​មីនា ឆ្នាំ ​២០២០​ ខាង​​មុខ​នេះ។


ការ​ចេះ​ផលិត​ម្សៅ​ត្រី​ល្អិត​ ដែល​បាន​​យក​​ត្រី​ល្អិត​តូចៗ​ ដូចជា​ត្រី​ចង្វា ត្រី​បណ្តូល​ល្ពៅ​​​​​ជា​ដើម​នោះ​​​ ទៅ​លីង​ឲ្យ​ស្ងួត ហើយ​​​បុក​ជា​ម្សៅ​​ ធ្វើ​ជា​អាហារ​បំប៉ន​​សុខភាព​ដ៏​ចម្បង​សម្រាប់​​​កុមារ​ និង​ស្រ្តី​មាន​​គភ៌ ដោយសារ​វា​ជា​អាហារ​សម្បូរ​ដោយ​​សារជាតិ​ប្រូតេអ៊ីន ជាតិ​​​​​កាល់ស្យូម និង​វីតាមីន​ផ្សេងៗ​ទៀត ខណៈ​ចង្វាក់​នៃ​ការ​ផលិតកម្ម​ផលិត​ម្សៅ​ត្រី​ល្អិត​លក្ខណៈ​គ្រួសារ​ ទើប​​​​តែ​បាន​​​ដំណើរការ​ផលិត​ជា​ម្សៅ​ត្រី​ល្អិត​បាន​រយៈពេល ​១ ​ឆ្នាំ​ចុង​ក្រោយ​​នេះ​តែ​ប៉ុណ្ណោះ​​​។​

អ្នកស្រី ម៉ាន់ ហៃយ៉ាត់ បាន​ឲ្យ​​​ដឹង​ថា៖ «ការ​បង្កើត​ឲ្យ​​​មាន​ការ​លក់​ដូរ​​ម្សៅ​ត្រី​ល្អិត​នៅ​តាម​​ទីផ្សារ​ នាង​ខ្ញុំ​ទើប​តែ​បាន​​ចរាចរណ៍​ លក់​បាន​រយៈពេល ១ ​ឆ្នាំ​ គត់​ក្រោយ​ពី​​​ចូលរួម​រៀន​​វគ្គ​បណ្តុះបណ្តាល​អំពី​គម្រោង​​ NOURISH ​របស់​ទីភ្នាក់ងារ​ជំនួយ​​​អាមេរិក (USAID) រយៈពេល​ ២ ​ឆ្នាំ​​ ដែល​នឹង​ត្រូវ​ផុត​​គម្រោង​នៅ​ត្រឹម​ខែ​មីនា ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ​​​​។


អ្នក​ស្រី ម៉ាន់ ហៃយ៉ាត់ ដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល​ពី​របៀប​ផលិត​ម្សៅត្រី​ល្អិត​ បំប៉នសុខភាព​កុមារ និងស្រ្តី​មានផ្ទៃពោះ​​​។ សហការី


របៀប​​នៃ​​ការ​ធ្វើ​ម្សៅ​ត្រី​ល្អិត​នេះ គឺ​យើង​​គ្រាន់​តែ​ជ្រើសរើស​យក​ត្រី​​ល្អិត​​ដូចជា​ត្រី​ចង្វា ឬ​ជា​ត្រី​​​បណ្តូល​​​ល្ពៅ​ជា​ដើម​នោះ​មក​​​លីង​​​ឲ្យ​ស្ងួត​ ហើយ​ច្រក​កំប៉ុង​​​​។ ដោយសារ​តែ​ការ​​ផលិត​បែប​លក្ខណៈ​គ្រួសារ ហើយ​យើង​​នៅ​​​​ប្រើ​វិធី​បុក​ឲ្យ​ក្លាយ​ជា​ម្សៅ​ត្រី​ល្អិត​ដោយ​ដៃ​​ គឺ​គ្រួសារ​នាង​ខ្ញុំ​ បាន​ផលិត​​​ចំនួន​​​ប្រមាណ​ ៣០​-​៤០ កំប៉ុង តែ​​ប៉ុណ្ណោះ​​ក្នុង​មួយ​​​ថ្ងៃ។​


ចំពោះ​តម្លៃ​ម្សៅ​ត្រី​ល្អិត​នោះ ១​ កំប៉ុង មាន​​ទម្ងន់ ១ ខាំ ហើយ​តម្លៃ​លក់​វិញ សម្រាប់​​តម្លៃ​លក់​រាយ ១ កំប៉ុង ១ម៉ឺន រៀល ខណៈ​តម្លៃ​លក់​ដុំ​ គឺ​​​ ​៩ ០០០ រៀល ក្នុង​ ​១ ​កំប៉ុង​​»​។​

ស្រ្តី​ខ្មែរ​កាន់​សាសនា​អ៊ិស្លាម​រូប​នេះ​បន្ត​​ពី​អត្ថប្រយោជន៍​ម្សៅ​​ត្រី​ល្អិត​នេះ​​ថា៖ «​ម្សៅ​ត្រី​នេះ ​សម្បូរ​ដោយ​ជាតិ​​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម និង​វីតាមីន​ផ្សេងៗ​ទៀត ដែល​មាន​​ប្រសិទ្ធភាព​ល្អ​​បំផុត​ សម្រាប់​បំប៉ន​​សុខភាព​​កុមារ​ចាប់​តាំង​កកើត​​​រហូត​ដល់​​មាន​វ័យ​ ២៤ ​ខែ និង​សុខភាព​​​​ស្រ្តី​ពេល​មាន​គភ៌​ ​គឺ​វា​ជួយ​ធ្វើ​​មាន​សុខភាព​​មាំមួន​ល្អ​​ និង​មាន​សាច់​ឈាម​​ស្រស់​ថ្លា​»​។​​

ស្រ្តី​មូស្លីម​ ដែល​មាន​កូន​ ​២ ​នាក់​ និង​ស្វាមី​ជា​កសិករ​រស់នៅ​ស្រុក​សង្កែ និង​​បច្ចុប្បន្ន គឺ​ជា​​ប្រធាន​ក្រុម​នៃ​សហគមន៍​គ្រួសារ​ផលិត​ម្សៅ​ត្រី​ល្អិត​​​​ក្នុង​​តំបន់​​​ខេត្ត​បាត់ដំបង ខណៈ ​អ្នក​ស្រី ក៏​មាន​បណ្តាញ​ក្រុម​គ្រួសារ​នៅ​ខេត្ត​ចំនួន ​៣ គឺ​ខេត្តបាត់​​ដំបង សៀមរាប និង​ខេត្ត​ពោធិ៍សាត់​ សម្រាប់​ដំណើរការ​ផលិត​ម្សៅ​ត្រី​ល្អិត​នេះ​ដែរ។

ត្រីចង្វា​ល្អិតៗ គឺ​ជា​ប្រភព​​សម្រាប់​ផលិត​ម្សៅត្រី​។សហការី

ដោយសារ​​​​តែ​​មាន​​ទំនុក​​​ចិត្ត​ និង​​កំពុង​​តែ​​​សិក្សា​​ពី​​របៀប​​អភិវឌ្ឍ​​បច្ចេកទេស​ផលិត​ម្សៅ​ត្រី​ល្អិត​នេះ ​ឲ្យ​មាន​ការ​កើន​​ចង្វាក់​ផលិត​ជាមួយ​ម៉ាស៊ីន​ច្នៃ​​បុក​​ម្សៅ​​ត្រី​នោះ​ ក៏​ត្រៀម​បង្កើត​ជា​សហគមន៍​មួយ​មាន​ឈ្មោះ​ថា​ ​«ហៃយ៉ាត់​ម្សៅ​ត្រីល្អិត​»​។

អ្នកស្រី ហៃយ៉ាត់ ក៏​បង្ហើប​​ពី​គម្រោង​​ទៅ​ថ្ងៃ​អនាគត​បង្កើត​ជា​សហគមន៍​ផលិត​ម្សៅ​ត្រី​ល្អិត​នេះ​ថា៖ «នាង​ខ្ញុំ​ កំពុង​តែ​សិក្សា​​ពី​របៀប​ និង​ស្វែងរក​​ដៃគូ​ដើម្បី​ជួយ​បង្កើត​ជា​សហគមន៍​ឡើង​​ ដោយ​មាន​គោលដៅ​លើ​បី​​ខេត្ត​បាត់ដំបង សៀមរាប និង​ពោធិ៍សាត់»។​

ដើម​ចម​នៃ​ការ​ប្រែ​ក្លាយ​ខ្លួន​​ពី​ស្រ្តី​ធម្មតា​ម្នាក់​ក្នុង​គ្រួសារ​កសិករ រៀន​ចប់​ត្រឹម​ថ្នាក់ទី ​៩​ មក​ក្លាយ​​ជា​ប្រធាន​​ក្រុម​នៃ​សហគមន៍​ផលិត​ម្សៅ​ត្រីល្អិត ដែល​​បាន​ចរាចរណ៍​លក់​នៅ​តាម​​ទីផ្សារ​អស់​រយៈពេល ​១ ឆ្នាំ​មក​នេះ​ គឺ​កើត​ចេញ​ពី​ការ​ចូលរួម​​ទទួល​យក​ការ​ណែនាំ និង​​សិក្សា​ស្វែងយល់​ពី​គម្រោង​របស់​​អង្គការ​ USAID​ កាល​ពី​គ្រួសារ​​ខ្លួន​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ដោយ​មាន​បណ្ណ​បញ្ជាក់​ពី​ភាព​​ក្រីក្រ​ទៀត​ផង​​កាល​ពី ​២ ​ឆ្នាំ​មុន​។

អ្នកស្រី ម៉ាន់ ហៃយ៉ាត់ បាន​រំឭក​ឲ្យ​ដឹង​ពី​ប្រវត្តិ​គ្រួសារ​ខ្លួន​ថា៖ «កាល​ពី​ ២ ​ឆ្នាំ​មុន នាង​ខ្ញុំ​គ្រាន់​តែ​ជា​ស្រ្តី​មេ​ផ្ទះ​ធម្មតា​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ ដែល​មាន​បណ្ណ​ក្រីក្រ​បញ្ជាក់​ពី​ខាង​ភូមិ​ឃុំ​ សម្រាប់​ប្រើ​ពេល​មាន​ការ​ឧបត្ថម្ភ​នានា​ ជាពិសេស​សម្រាប់​ការ​ឧបត្ថម្ភ​ និង​ថែទាំ​សុខភាព​​​កូន​តូចៗ​។

នាង​ខ្ញុំ​មាន​កូន​ ២​ នាក់ (ស្រី ១ និង​ប្រុស ១) ហើយ​​កាល​កូន​ប្រុស​​​វ័យ​ ៧ ខែ នាង​ខ្ញុំ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​ USAID ​សម្រាប់​ការ​ចូលរួម​ទទួល​យក​ការ​ណែនាំ និង​​ស្វែងយល់​ពី​របស់​ថែ​ទាំ​សុខភាព​កូន​ ជាពិសេស​របៀប​ផ្តល់​អាហារ​​បំប៉ន​ដល់​កូន​តូចៗ និង​ស្វែងយល់​​​​ពី​ការ​ថែទាំ​សុខភាព​ស្រ្តី​​មាន​ផ្ទៃ​ពោះ​។

ដោយសារ​ខ្ញុំ​តែងតែ​ចូលរួម​គ្រប់​សកម្មភាព​នៃ​​ការ​បណ្តុះបណ្តាល​នោះ​លុះ​​​ក្រោយ​មក​ខាង​អង្គការ​ក៏​សួរ​នាំ​ពី​គម្រោង​រៀបចំ​អាជីវកម្ម​ សម្រាប់​ជីវភាព​គ្រួសារ​ ដោយ​មាន​ពាកព័ន្ធ​នឹង​វិធី​ផលិត​ម្សៅ​ត្រី​ល្អិត​នេះ​តែ​ម្តង​។ នាង​ខ្ញុំ​ក៏​ស្នើ​ចង់​​រៀន​ពី​របៀប​ធ្វើ​វា និង​យល់​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ទៀត​ផង​គឺ​វា​សម្បូរ​ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន ​កាល់ស្យូម​ និង​វីតាមីន ដែល​មាន​គុណ​ប្រយោជន៍​សម្រាប់​កុមារ​តាំង​ពី​ចាប់​កំណើត​ទៅ​ដល់​វ័យ​ ២៤ ខែ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​​នា​អំឡុង​​ពពោះ​​»៕​