ក្រុងសែនមនោរម្យ: នា​ព្រឹក​ព្រហាម លោក មិន ធឿន ធ្លាប់​វេចអង្ករ ទឹក អង្រឹង កៅស៊ូ​ភ្លៀង ចាន ឆ្នាំង​ដាក់​ក្នុង​អាញ​ស្ពាយ​លើ​ខ្នង ជាមួយ​កាំភ្លើង​មួយ​ដើម ដើរ​ត្រាច់ចរ​សំដៅ​ចូល​ព្រៃ​ជាច្រើន​ថ្ងៃ បំណង​បរបាញ់​សត្វ​ព្រៃធំៗ​យក​ស្នែង ភ្លុក និង​ស្បែក​លក់​ឱ្យ​ឈ្មួញ​ជា​ថ្នូរ​នឹង​ប្រាក់​ចិញ្ចឹមជីវិត​។


លោក ធឿន សព្វថ្ងៃ​អាយុ ៤១ ​ឆ្នាំ​បាន​រំឭក​ប្រាប់ថា​៖ «​ធម្មតា ខ្ញុំ​អាច​ស្ពាយ​ស្នែង​ខ្ទីង ឬ​ទន្សោង​ពី​ ១ ​ទៅ​ ២ ​ក្បាល​ក្នុង​ដំណើរ​លុកព្រៃ​ម្ដង​។ វា​មានតម្លៃ​ប្រមាណ ៣ ​ទៅ ៤ ​ម៉ឺន​រៀល​ក្នុង​ ១ ​ក្បាល​»​។

ម្ភៃ​ឆ្នាំ​ក្រោយមក អតីត​កងជីវពល​ខ្មែរក្រហម​ដែលមាន​បទពិសោធ​ប្រើ​កាំភ្លើង​តាំងពី​តូច​រូបនេះ នៅតែ​បន្ដ​រែកពន់​សម្ពាយ​នេះ​ចូល​ព្រៃ​ដដែល​។ ប៉ុន្ដែ​សកម្មភាព​នាពេល​នេះ​លោក​គឺជា​មន្ដ្រី​ឧទ្យានុរក្ស​ដែល​មាន​ភារកិច្ច​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​។


បង្ហាញ​រូប​ទង់ជាតិ និង​ស្លាក​សញ្ញា​ក្រសួងបរិស្ថាន​នៅ​ឯកសណ្ឋាន​យ៉ាង​មាន​មោទនភាព លោក ធឿន បាន​ប្រាប់​ភ្នំពេញ- ប៉ុស្ដិ៍​ថា​៖ «​ទោះបីជា​មានតម្លៃ​ថ្លៃ​គ្រាន់បើ​យ៉ាងណា​ក៏ដោយ ក៏​វា​គ្មាន​បាន​អ្វី​សល់​នោះទេ​។ ខ្ញុំ​ក៏​សម្រេច​ផ្លាស់ប្ដូរ​ចិ​ត្ដ​បោះបង់​ការ​ប្រមាញ់​សត្វព្រៃ និង​ចាប់យក​អាជីព​ជាម​ន្ដ្រី​ឧទ្យាន​ជាមួយ​ប្រាក់ខែ​តែ ៨ ​ម៉ឺន​រៀល​។


លោក​បន្ដថា​៖ «​ដោយសារ​អ្នកស្រុក​ធ្លាប់​ឃើញ​ខ្ញុំ​ដើរ​ប្រមាញ់​លុកព្រៃ​រហូត ទើប​ពួកគេ​ណែនាំ​ឱ្យ​ខ្ញុំ​ចូល​បម្រើ​ការងារ​ជា​អ្នកការពារ​ធនធាន​ធម្មជាតិ​វិញ​»​។


ជា​អ្នកប្រហារ​សត្វ​ដោយ​ប្រើ​កាំភ្លើង​សេសសល់​ពី​សម័យ​សង្គ្រាម អ្នកស្រុក​កំណើត​មកពី​ខេត្ដ​ក្រចេះ​រូបនេះ​អះអាង​ថា ការប្រើប្រាស់​កាំភ្លើង​មួយ​មុខ​មិនអាច​ធ្វើឱ្យ​សត្វព្រៃ​វិនាស​បានឡើយ​។ អន្ទាក់ និង​ការឆក់​ទើប​ជា​ឃាតករ​ផ្ដាច់​ពូជ​សត្វព្រៃ​ពិតៗ​។

លោក មិន ធឿន ទទួល​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។ រូបថត សហការី

លោក ធឿន បាន​និយាយ​មុនពេល​ទទួលបាន​នូវ​បណ្ណសរសើរ​មេត្រីភាព​បរិស្ថាន​ពី​ក្រសួងបរិស្ថាន និង​លិខិត​សរសើរ​ពី​អង្គការ WWF ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ធ្លាប់​បរបាញ់​ម្នាក់ ខ្ញុំ​ហ៊ាន​ឱ្យ​អ្នកប្រមាញ់​ម្នាក់​នូវ​កាំភ្លើង ៥ ​ដើម​ក្នុង​ ១ ​ថ្ងៃ ហើយ​ខ្ញុំ​ឱ្យ​បាញ់​ ១ ​ឆ្នាំ ក៏​អត់ពាយ​សត្វព្រៃ​ដែរ​។ ប៉ុន្ដែ​អ្វីដែល​គ្រោះថ្នាក់​បំផុត គឺ​អន្ទាក់ និង​ក្បាល​ឆក់​»​។

លោក​បន្តថា​៖ «​ប្រៀបធៀប​ពី​ការមើលឃើញ​សត្វ​ផ្ទាល់​ភ្នែក គឺមាន​ការខុស​គ្នា​ឆ្ងាយ​ណាស់​។ ខ្ញុំ​ដើរ​ត្រឹម​ ២ ​គីឡូម៉ែត្រ ខ្ញុំ​ឃើញ​សត្វព្រៃ​ដើរ​ព្រាត ហើយ​ខ្ញុំ​បរបាញ់​តែ​ពេល​ថ្ងៃ​ផង​។ ១ ​ហ្វូង​មាន​ពី​ ២០ ទៅ ៣០ ​ក្បាល ហើយ​ឥឡូវ​ច្រើន​បំផុត​ ១ ​ហ្វូង​ត្រឹម ​៥ ទៅ​ ៧ ​ក្បាល និង​កម្រ​បានឃើញ​ទៀត​»​។

ជាមួយ​បទពិសោធ​ដើរ​ដេក​ព្រៃ​ត្រុកៗ​តែឯង​ទាំងយប់​ទាំង​ថ្ងៃ អតីត​អ្នកប្រមាញ់​រូបនេះ ក៏បាន​ណែនាំ​ដល់​ក្រុម​ប្រមាញ់ និង​អ្នក​ដាក់​អន្ទាក់​សត្វ នូវ​មេរៀន​ជីវិត​ដែល​លោក​ធ្លាប់​ហែល​ឆ្លង ដោយ​មិនបាន​បន្សល់​អ្វី​ជា​ដុំកំភួន​ក្រៅពី​ការបំផ្លិចបំផ្លាញ​ឡើយ​។

លោក​និយាយ​ពន្យល់ថា​៖ «​ឯង​យក​សាច់ រួមទាំង​ឆ្អឹង​សត្វព្រៃ​ទៀត​ទៅយក​ឱ្យអស់​យ៉ាងយូរ​មួយអាទិត្យ ទៅ​កន្លះ​ខែ ឯង​ប្រាកដជា​អស់​លុយ​ចាយ​ហើយ​។ អត់​មាន​សល់​អ្វី​ទេ​។ និយាយ​រួម ដូច​ត្រូវ​បណ្ដា​សាវា​អ៊ីចឹង ពេល​យក​ជី​វិតវា​»​។

មន្ដ្រី​ឧទ្យានុរក្ស​រូបនេះ​រស់នៅ​ក្នុង​ភូមិ​ទួល ឃុំ​សុខសាន ស្រុក​កោះញែក ខេត្ដ​មណ្ឌលគិរី និយាយថា​៖ «​ខ្ញុំ​តែងតែ​និយាយ​ពន្យល់​ពួកគេ​អ៊ីចឹង ខ្លះ​តាម និង​សម្រេច​ចិត្ដ​ឈប់​ដាក់​អន្ទាក់​ដែរ​។ ពួកគាត់​និយាយថា គិត​ដូច​បង​ឯង​ត្រូវ​ដែរ​តើ ហើយក៏​មានបំណង​ចង់​ចូល​ធ្វើ​ជា​ឧទ្យានុរក្ស​ថែមទៀត​»​។

ទោះបី​ជា​បំណង​មន្ដ្រី​ឧទ្យានុរក្ស​មាន​សមត្ថភាព និង​បទពិសោធ​ការងារ​ល្បាត បង្ក្រាប​បទល្មើស និង​ការពារ​អភិរក្ស​ធនធានធម្មជាតិ​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា​៖ «​មន្ដ្រី​ឧទ្យានុរក្ស​ត្រូវតែ​បន្ដ​ហ្វឹកហាត់​ផ្នែក​បច្ចេកទេស​ថ្មីៗ​ទៀត និង​ទទួល​បាន​នូវ​មេរៀន និង​បទពិសោធ​ថ្មីៗ​បន្ថែមទៀត​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ក្នុង​តួនាទី​របស់ខ្លួន​ជា​ឆ្មាំ​ព្រៃ​»​។

លោក ធឿន រៀបរាប់​ពី​ជីវិត​អ្នក​បរបាញ់​ពី​អតីតកាល និង​ការក្លាយ​ខ្លួន​ជា​ឧទ្យានុរក្ស​ការពារ​សត្វព្រៃ​។ ហុង រស្មី

លោក​បាន​ថ្លែង​ដូច្នេះ​ចំពោះមុខ​មន្ត្រី​ឧទ្យានុរក្ស​បម្រើការ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ក្នុង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​ ១៧ ខែមករា ក្នុង​ពិធី​ប្រគល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ដល់​មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម​នៃ​ដែន​ជម្រក​សត្វ​ទាំង​ ២​។

អតីតកាល

ព្រៃ​គ្រាន់តែ​ជា​ទីកន្លែង​រត់​លេង​សម្រាប់​កុមារ​រស់​ក្រោម​ការគ្រប់គ្រង​របស់​កម្មាភិបាល​ខ្មែរក្រហម ហើយ​កាំភ្លើង​ជា​ចម្ពាម​កាន់​កំដរដៃ​សម្រាប់​មនុស្ស​គ្រប់រូប បំណង​ត្រៀមប្រយុទ្ធ​គ្រប់ពេលវេលា​។

វ័យ​ត្រឹម​ជាង ១០ ​ឆ្នាំ ធឿន ត្រូវ​កេះកៃ​កាំភ្លើង​បាញ់​តតាំង​ខ្មែរ​គ្នាឯង និង​រត់លូន​ក្រាប យក​ដី​ជា​ពូក ព្រៃ​ជា​ខ្នើយ និង​មេឃ​ជា​ភួយ​ដណ្ដប់​។

លោក​រំឭកថា​៖ «​ពេលខ្លះ ខ្ញុំ​ត្រូវ​រត់គេច​គ្រាប់ និង​វង្វេង​ក្នុងព្រៃ​ជាច្រើន​ថ្ងៃ​ក៏មានដែរ​។ ខ្ញុំ​ស៊ាំ​នឹង​ជីវិត​រស់នៅ​ក្នុងព្រៃ និង​បាញ់កាំភ្លើង​ទៅហើយ​»​។

ជាមួយ​វត្ដ​មាន​សត្វព្រៃ​ដ៏សម្បូរបែប ដូចជា ខ្ទីង ប្រើស ទន្សោង ដំរី ខ្លា ជាដើម អ្នក​ប្រមាញ់​សត្វ​រូបនេះ​ភ្ជង់​ចុង​កាណុង​តែ​ទៅលើ​សត្វ​ធំៗ​ត្រូវប៉ាន់​របស់​ឈ្មួញ​ប៉ុណ្ណោះ​។ ពេល​សត្វ​ងាប់ អ្នកប្រមាញ់​ចាប់ផ្ដើម​កាត់​យក​ស្នែង​ច្រក​អាញ​ស្ពាយ​បន្ដដំណើរ ឬ​វិលត្រឡប់​មកវិញ​។

ការផ្លាស់ប្ដូរ

ដ្បិត​លោក មិន ធឿន នៅតែ​បន្ដ​ដើរ​ព្រៃ​ដូច​ទម្លាប់​ពី​ជាង​ ២ ​ទសវត្សរ៍​មុន​យ៉ាងណាក៏ដោយ ក៏​ឧទ្យានុរក្ស​រូបនេះ​បង្ហាញ​ពី​អារម្មណ៍ និង​សកម្មភាព​ខុសគ្នា​ឆ្ងាយ​រវាង​អ្នក​បំផ្លាញ និង​អ្នក​អភិរក្ស​។

លោក​បាន​និយាយថា​៖ «​ពី​ការដើរ​ព្រៃ​បរបាញ់​មកជា​ការល្បាត​ព្រៃ​អភិរក្ស វា​ប្រាកដជា​ខុសគ្នា​ឆ្ងាយ​មែន​។ កាល​ពេល​ខ្ញុំ​ដើរ​បាញ់ ខ្ញុំ​ទៅ​តែម្នាក់ឯង ដេក​អង្រឹង​លើ​ចុងឈើ ហើយ​ដល់ពេល​ចុះបង្ក្រាប យើង​ចុះ​គ្នាច្រើន និង​ដេក​ក្បែរៗ​គ្នា​»​។

សកម្មភាព​ល្បាត​ព្រៃ ដែល​រមែង​ពើបប្រទះ​នឹង​ក្រុម​ល្មើសច្បាប់ លោក ធឿន បាន​ចាប់​អ្នក​ដាក់​អន្ទាក់​ជាច្រើន និង​ឧស្សាហ៍​ឃើញ​មុខ​ដដែលៗ​ប្រព្រឹត្ដ​បទល្មើស​ជាថ្មីទៀត​។

ក្រុមការងារ​ធ្វើការ​បង្ក្រាប​បទល្មើស​ដូចជា ការបាញ់ ឆក់ ដាក់​អន្ទាក់ បណ្ដើរ​ឆ្កែ កាប់​ឈើ និង​បេះអ័រគីដេព្រៃ ឱ្យ​តែ​ចូលក្នុង​តំបន់​ស្នូល​អភិរក្ស​។

លោក ធឿន បានឱ្យដឹង​ទៀតថា​៖ «​យើង​ធ្លាប់​ពើបប្រទះ​អាវុធ​ជាមួយ​ក្រុម​ជនល្មើស​ម្ដងម្កាល​ដែរ​។ ជាក់ស្ដែង​ប៉ុន្មាន​ឆ្នាំមុន ឆ្មាំ​អភិរក្ស​បាន​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង​»​។

ឧទ្យានុរក្ស​បាន​បណ្ណ​សរសើរ​ចំនួន​ ២ នាពេល​ថ្មីៗ​នេះ​បាន​និយាយថា​៖ «​ជនល្មើស​ខ្លះ ជា​អ្នកភូមិផង​របង​ក្បែរ​គ្នា​។ ពេលចេញ​ល្បាត យើង​មាន​គ្នាច្រើន រួមទាំង​មន្ដ្រី​អង្គការ WWF យើង​ត្រូវតែ​អនុវត្ដ​ច្បាប់​»៕