ភ្នំពេញ៖ ខណៈ​​​ប្រជាពលរដ្ឋ​ខ្មែរ​សឹង​​តែ​គ្រប់​ទិស​ទី​​ កំពុង​តែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ ដែល​បាន​បង្ក​​ឡើង​ដោយ​​​​​ជំងឺ​​កូវីដ ១៩ នោះ ហើយ​​ឥទ្ធិពល​នេះ​ក៏​បាន​​ជះ​បន្ត​ដល់​ជីវភាព​​ព្រះសង្ឃ​​ គង់​នៅ​តាម​​​​ទី​អារាម​​​​​នានា​ផង​ដែរ ​គឺ​ភិក្ខុ​សង្ឃ​ជួប​វិបត្តិ​ខ្សត់​ចង្ហាន់​ និង​​រាំង​ស្ទះ​ដំណើរការ​​សាង​សង់​នៃ​សមិទ្ធផល​ក្នុង​អារាម ​ព្រោះ​​ពុទ្ធ​​បរិស័ទ​​​ភ័យ​ខ្លាច​​ការ​ឆ្លង​ជំងឺ​នេះ ជា​ពិសេស​ ឧបាសក ​ឧបា​សិកា​​​ក៏​​ត្រូវ​បាន​ផ្អាក​​​​ការ​​ធ្វើ​សមាទាន​សីល​ដែរ​។​​


បើ​តាម​សង្ឃដីកា​ ព្រះ​គ្រូ​ឃោសានុរក្ខិតោ ផាត់ សុខនឹម​ ព្រះចៅ​អធិការ​​​វត្ត​ពិជ័យ​រង្សី នៅ​ក្នុង​​ភូមិ​អញ្ជែង​លើ​ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល ឲ្យ​ដឹង​ថា៖ «តាំង​ពី​មាន​ការ​រាល​​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​​នេះ មក​សឹង​​តែ​គ្រប់​ទី​អារាម​​ នៅ​ស្រុក​ខ្សាច់​កណ្តាល មាន​សភាព​ខ្សត់​ពុទ្ធបរិស័ទ​មក​បំពេញ​បុណ្យ​​​កុសល ​ទាំង​នៅ​ថ្ងៃ​រក្សា​សីល និង​រដូវកាល​ធ្វើ​បុណ្យ​ទាន​​​នានា​។ ប្រការ​សំខាន់​នោះ ភិក្ខ​សង្ឃ​រាង​​​​​ខ្សត់​ចង្ហាន់​ជាង​មុន​»។ ​​​​ព្រះសង្ឃ​​វិញ​ ​ក្នុង​ស្ថានភាព​​បច្ចុប្បន្ន​​​នៃ​​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នេះ​​ ក៏​តម្រូវ​​​ឲ្យ​​ព្រះសង្ឃ​គ្រប់​វត្ត​ក្នុង​ស្រុក​​​ផ្អាក​និមន្ត​បិណ្ឌបាត ខណៈ​ក៏​​​​ទទួល​​បាន​ការ​​ជួយ​សម្រាល​​ទំនុក​​​បម្រុង​​​ពី​​ព្រះឃោសធម្ម ​លន់ សុគន្ធា ព្រះអនុ​គណ​​ស្រុក​​ខ្សាច់​កណ្តាល​ និង​សហការី ​បាន​​​​​និមន្ត​​ចុះ​សួរ​​សុខ​ទុក្ខ​​សមណ​សិស្ស​​ ​ដែល​សម្រាក​គង់សិក្សា​នៅ​វត្ត​នានា​ និង​​ណែនាំ​ព្រះ​សង្ឃ​ឲ្យ​ចេះ​​ធ្វើ​អនាម័យ​លាង​ដៃ​ នឹង​ទឹក​អាល់កុល​ ឬ​​សាប៊ូ​ ការ​សម្អាត​​ប្រាណ ​រប​ស់​ប្រើប្រាស់​សុវត្ថិភាព ចំណី​​​អាហារ​ជា​ដើម​ និង​​បាន​នាំ​យក​​នូវ​គ្រឿង​​ឧបភោគ និង​បរិភោគ​ មក​ប្រគេន​​ដល់​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​​នានា​ទៀត​ផង​»​។

សកម្ម​ភាពបង្កបង្កើន​ផល​កសិកម្ម​ដាំបន្លែ​បន្លុកសម្រាប់​ត្រៀម​ទុកជាស្បៀង​ក្នុង​គ្រា​មាន​វិបត្តិ​កូវីដ១៩ របស់​​ព្រះ​សង្ឃគង់​នៅ​​​វត្ត​សិរីសាគរដូនស្តើង ស្ថិត​នៅ​ខេត្ត​ព្រៃវែង។ រូបថត ហ្វេសប៊ុក


ចំណែក​ឯ​​ព្រះ​ភិក្ខុ​ធម្មសេនា ហាក់ សៀងហៃ​ ដែល​គង់​នៅ​វត្ត​​កំផែង​ សង្កាត់​​​ស្វាយប៉ោ នៅ​ក្រុង និង​ខេត្ត​​បាត់ដំបង​ឯណោះ ​ក៏​មាន​សង្ឃ​ដីកា​ស្រដៀង​គ្នា​ដែរ​ថា៖ «​ស្ថានភាព​នា​ពេល​​វិបត្តិ​កូវីដ ១៩ បាន​នាំ​ឲ្យ​មាន​​បញ្ហា​​ចម្បង​ទៅ​ដល់​​​ព្រះ​​សង្ឃ គឺ​​ខ្សត់​ចង្ហាន់​ ខណៈ​​​ពុទ្ធ​​បរិស័ទក៏​​ខ្សត់​ ហើយ​ពួក​គាត់​​ជា​ប្រភព​​សេដ្ឋកិច្ច​សំខាន់​សម្រាប់​​ព្រះសង្ឃ​ នាពេល​​មក​ធ្វើ​បុណ្យ​កុលស​នោះ​។​ ព្រះសង្ឃ​​លែង​ហ៊ាន​​ចេញ​និមន្ត​បិណ្ឌ​បាត​គង់​តែ​នៅ​ក្នុង​​វត្ត ​មិន​​​​ទៅ​ជួបជុំ​តាម​ទីប្រជុំ​ជន​​ ​ក្នុង​​​ពិធី​បុណ្យ​​នានា ព្រោះ​​​ខ្លាច​ប្រឈម​នឹង​​ការ​​​​ឆ្លង​​មេរោគ​កូរ៉ូណា​​។​ ​យ៉ាងណា​​​ខាង​​អារាម​អាត្មា​ផ្ទាល់​ ក៏​បាន​​ណែនាំ​ភិក្ខុ​សង្ឃ ឲ្យ​មាន​​អនាម័យ​ ដោយ​ការ​​លាង​ដៃ​សម្អាត​នឹង​សាប៊ូ ឬ​ប្រើ​អាល់កុល ទៅ​​​តាម​សេចក្តី​ណែនាំ​ពី​ក្រសួង​សុខាភិបាល​ និង​ធ្វើ​តាម​ការ​​ណែនាំ​របស់​​អង្គការ​សុខភាព​ពិភព​​លោក​​​​រក្សា​គម្លាត​គ្នា​ចៀសវាង​ការ​ឆ្លង​ជំងឺ​​កូវីដ ១៩ នេះ​ដែរ​»។​​


ដោយ​ឡែក​​បើ​តាម​បណ្តុំ​រូបភាព​​​នានា​នៅ​ទី​អារាម​មាន​ឈ្មោះ «​វត្ត​សិរីសាគរ​​ ដូន​ស្ដើង » ស្ថិត​នៅ​ក្នុង​​ខេត្ត​ព្រៃវែង​ឯណោះ​វិញ​ ឃើញ​​សកម្មភាព​​ព្រះសង្ឃ​ក្នុង​វត្ត​ ខិតខំ​ប្រឹងប្រែង​បង្កបង្កើន​ផល​ដំណាំ​កសិកម្ម​ជា​បន្លែ ឬ​ផលានុផល​ផ្សេងៗ​ ដើម្បី​ទុក​ជា​ស្បៀង​​​ចម្អិន​ចង្ហាន់​​សម្រាប់​​ភិក្ខុ​សង្ឃ​​អារាម​ខ្លួន គួរ​ឲ្យ​សរសើរ។ តាម​គេហទំព័រ​ផ្ទាល់​ខ្លួន​ដែល​​ដាក់​ឈ្មោះ​ថា «វត្ត​​សិរី​សាគរ​​ដូន​​ស្ដើង​»​ បាន​បង្ហោះសារ​ថា​៖ ​«​ពួក​យើង​​ឆ្លៀត​ដាំ​បន្លែ​ធម្មជាតិ​ជា​ច្រើន ​សម្រាប់​អាហារ​​ប្រចាំ​ថ្ងៃ ​ដើម្បី​បង្កើត​ប្រព័ន្ធ​ភាព​​​​សាំ ​ក្នុង​សព៌ាង្គកាយ​ប្រឆាំង​នឹង​​អា ​Covid-19 ​ចង្រៃ។​ បើ​ផ្សារ​បិទ​ទ្វារ​ក៏​យើង​មិន​បារម្ភ​​ដែរ ព្រោះ​ពួក​​​យើង​​​​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​ក៏​អាច​ចែក​រំលែក​បាន​ខ្លះ​​ទៀត»។


សកម្ម​ភាពបង្កបង្កើន​ផល​កសិកម្ម​ដាំបន្លែ​បន្លុកសម្រាប់​ត្រៀម​ទុកជាស្បៀង​ក្នុង​គ្រា​មាន​វិបត្តិ​កូវីដ១៩ របស់​​ព្រះ​សង្ឃគង់​នៅ​​​វត្ត​សិរីសាគរដូនស្តើង ស្ថិត​នៅ​ខេត្ត​ព្រៃវែង។ រូបថត ហ្វេសប៊ុក

ឯ​​​សកម្មភាព​​មួយ​​ទៀត​នៅ​វត្ត​ឈ្មោះ​​ថា « វត្ត​បទុមសុរិយា» ដែល​ស្ថិត​នៅ​ក្នុង​​​ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ តាមរយៈ​សារ និង​​បណ្តុំ​រូបភាព​របស់​ព្រះ​​សង្ឃ ​១ ​អង្គ ដែល​​​ប្រើ​ព្រះ​នាម​​ជា​គណនី​ហ្វេសប៊ុក​​ឈ្មោះ​ថា «​ភិក្ខុ ​ខាត់ សុថុល វត្ត​បទុម​សុរិយា» បាន​បង្ហោះ​រូប​ពុទ្ធ​បរិស័ទ​ ញាតិញោម​ទាំង​ជិត និង​​ឆ្ងាយ​​មក​បំពេញ​​បុណ្យ​កុសល​ជា​​​ហូរ​ហែ​ តែ​មើល​ទៅ​ក៏​ដូចជា​មិន​សូវ​សម្បូរ​សប្បាយ​នោះ​ឡើយ​។

គណនី​​ហ្វេសប៊ុក​ ​«​ភិក្ខុ ខាត់ សុថុល វត្ត​បទុមសុរិយា» បង្ហើរសារ​អម​ដោយ​រូបភាព​ថា៖ «០៦/​០៤​/​​២០​២០ ​សូម​​​អ​គុណ​ដល់ ​អ្នក​មីង​ អូន និង​កូន ​ដែល​​បាន​ប្រគេន​ចង្ហាន់​ និង​បច្ច័យ សូម​​​ជូន​ពរ​មីង​ និង​​​កូន ​សូម​រក​​ទទួល​ទាន​​មាន​បាន ​ជួបតែ​សុខ​ចម្រើន​គ្រប់​​ពេល​វេលា។ សូមអនុមោទ​នាបុណ្យ!​ ០៦/​០៤/២០២០ សូម​អរគុណ​ដល់​ញោម ​ឧបាសិកា​ យឹម សារ៉ាន់ ​និង​កូន​ចៅ​នៅ​ភ្នំពេញ ​ញោម ​យឹម សារី​ ​និង​​កូនចៅ នៅ​ផ្សារ​បង្កែសី​ ដែល​បាន​ប្រគេន​​ទេយ្យទាន​ជាច្រើន​មាន​សាច់ក្រក ២០ គីឡូ និង​បច្ច័យ​​​ ១០០ ​០០០ ៛ ​សូម​ជូនពរ​ញាតិញោម និង​កូន​​​ចៅ ​រក​ទទួល​ទាន​មាន​បាន​ជួប​សុខ​​ចម្រើន​គ្រប់​​ពេល​​វេលា។ សូម​អនុមោទនា​បុណ្យ!​»៕​