ក្រុង​វីយែន៖ ភូមិ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​ប្រទេស ​អូទ្រីស​ Sankt Corona am Wechsel ទំនង​ជា​ត្រូវ​គិត​គូរ​ឡើង​វិញ​​អំពី​យុទ្ធសាស្ត្រ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ខ្លួន ខណៈ​ប្រធាន​​ភូមិ​នេះ​បាន​សម្ដែង​ក្ដី​បារម្ភ​​​ថា ឈ្មោះ​ភូមិ​ដែល​ទាក់ទិន​នឹង​វីរុស​កំពុង​រាតត្បាត​ជា​សកល​ធ្វើ​ឲ្យ​មនុស្សម្នា​​ខ្លាច​រអា​។


លោក Michael Gruber ប្រធាន​ភូមិ​ Sankt Corona am Wechsel បាន​​និយាយ​ថា៖ «ពី​មុន​យើង​អស់​សំណើច​ដែល​ឮ​ឈ្មោះ​វីរុស​​នេះ ដូច​ទៅ​​នឹង​ឈ្មោះ​ភូមិ​របស់​យើង តែ​ក្រោយ​ពី​ការ​រីក​រាលដាល​ ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​មក វា​លែង​ជា​រឿង​លេង​សើច​ទៀត​ហើយ»។

វិស័យ​អេកូទេសចរណ៍​ដើរ​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ការ​ផ្ដល់​ចំណូល​ដល់​អ្នក​​ភូមិ ៤០០ នាក់​ ដែល​ស្ថិត​នៅ​ជើង​ភ្នំ Alps ចម្ងាយ​ប្រមាណ ១០០ គីឡូ​ម៉ែត្រ​ពី​ក្រុង​វីយែន។


លោក Michael Gruber បាន​ប្រាប់​ទីភ្នាក់ងារ​​ថា៖ «យើង​ប្រហែល​ជា​ត្រូវ​រក​ឈ្មោះថ្មី ឬ​ក៏​រក​​និមិត្ត​រូប​តំណាង​ថ្មី ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ»។


បច្ចុប្បន្ន​​និមិត្ត​រូប​តំណាង​ឲ្យ​ភូមិ​នេះ​ឈ្មោះ​ថា កូរ៉ូណា ដែល​ប្រើ​ជា​សត្វ​ស្រមោច​​ស្លៀក​ឈុត​ប្រពៃណី​អូទ្រីស ត្រូវ​បាន​បោះពុម្ព​ផ្សាយ​លើ​​ខិត្ត​ប័ណ្ណ​ទេសចរណ៍ និង​សៀវភៅ​មគ្គុទេ្ទសក៍​នានា​របស់​ភូមិ។ ​​កន្លែង​ជិះ​រទេះ​លើ​ទឹកកក និង​ជិះ​កង់​ឡើង​ភ្នំ ​នៅ​​ក្នុង​​ភូមិ​ក៏​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ព្រះវិហារ​កាតូលិក saint Corona ដែរ​។


នៅ​ដើម​សប្ដាហ៍​ប្រទេស ​អូទ្រីស ​​​ដែក​មាន​​ចំនួន​ប្រជាជន​សរុប​ ៩ លាន​នាក់​នេះ អ្នក​ឆ្លង​វីរុស​​កូរ៉ូណា​​​ជិត ៤ ពាន់​ករណី នឹង​ចំនួន​អ្នក​ស្លាប់ ២១ នាក់។ ប្រទេស​នេះ​បាន​កំហិត​ការ​​ដើរ​ហើរ​របស់​ពលរដ្ឋ ​ដើម្បី​ទប់ស្កាត់​​​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​៕ AFP