ភ្នំពេញ៖ ខណៈ​ពេល​ដែល​សិល្បករ-សិល្បការិនី ​ទាំង​ជា​​តារា​​សម្ដែង និង​តារា​ចម្រៀង ជា​ច្រើន​រូប​កំពុង​តែ​ធ្លាក់​ប្រាក់​ចំណូល​​យ៉ាង​គំហុក​ព្រោះ​តែ​ស្ថានភាព​ផ្លាស់ប្តូរ​ដោយ​វិបត្តិ​កូវីដ ​១៩ ដោយសារ​តែ​ម្នាក់ៗ បាត់បង់​ការងារ​សិល្បៈ ស្ទើរ​តែ​ទាំង​ស្រុង​ ហើយ​សំងំ​ក្នុង​ផ្ទះ​រៀងៗ​​ខ្លួន​នោះ បែរ​ជា​តារា​ស្រី​រាង​​​​ស្រឡូន​ស្រស់​​ស្អាត កញ្ញា មាន សូនីតា មាន​រហ័សនាមថា «​រាជិនី​ក្រមា» បែរ​ជា​ទទួល​​បាន​លាភ​ធំ​ជា​ប្រាក់​ចំណូល​រាប់​ម៉ឺន​ដុល្លារ តាមរយៈ​ការ​ចុះ​កុងត្រា ជាមួយ​នឹង​ក្រុមហ៊ុន​​មួយ​​ឈ្មោះ​ថា TRE ​ដែល​ចែកចាយ​​​​ផលិតផល​ថែរក្សា​រាងកាយ​ ២ ផលិតផល​គឺ​តំណាប់ និង​​​សម្បុក​ត្រចៀក​កាំ។


កញ្ញា មាន សូនីតា ទើប​តែ​បាន​​ចុះ​កុងត្រា​ការងារ​ដ៏​ធំ​មួយ​ទាក់ទង​ផ្នែក​ឯកទេស​ថែរក្សា​សម្រស់​​ឈ្មោះ​ថា TRE​ បាន​ជ្រើសរើស​ធ្វើ​ជា​តារា​តំណាង​របស់​ខ្លួន (​តារា​ទូត​សុច្ឆន្ទៈ) ដែល​​មាន​រយៈពេល​ដល់​ទៅ ៣ ឆ្នាំ ដែល​តារា​ស្រី​ស្អាត​រូប​នេះ ត្រូវ​បាន​បង្ហើប​ថា​មាន​តម្លៃ​ខ្លួន​ជិត​ប្រមាណ ១០ ម៉ឺនដុល្លារ ឯណោះ​ ហើយ​បើ​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ប្រាក់​ចំណូល​នៃ​ការងារ​ថ្មី​​នេះ​ហើយ ដែល​បាន​និង​កំពុង​​ធ្វើ​ឲ្យ​កញ្ញា​ មាន សូនីតា គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ ក្រោម​ឥទ្ធិពល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩។

តារាសម្តែងស្រី​ មាន សូនីតា។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម


តារា​ស្រី​មាន​សំឡេង​ផ្អែម​ស្រាល​​ស្រទន់ កញ្ញា មាន​ សូនីតា បាន​ឲ្យ​ដឹង​ថា តាម​ពិត​កូវីដ ​១៩ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ជះ​​​ផល​អាក្រក់​ដល់​ការងារ​សិល្បៈ​នាង​ផង​ដែរ​ ព្រោះ​ការងារ​​សិល្បៈ​មួយ​ចំនួន​ត្រូវ​បាន​គេ​ពន្យារ​ពេល​ ហើយ​មុខ​ជំនួញ​លើ​គម្រោង​ «ស្រលាញ់»​ ក៏​បាន​​ប៉ះពាល់​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ​​ គឺ​​អាច​​​នៅ​គ្រប់គ្រង​បាន​។


កញ្ញា​បញ្ជាក់​ថា ការ​រង​ប៉ះពាល់​ទៅ​លើ​អាជីព និង​អាជីវកម្ម​ដែល​ដំណើរ​ការ​រួច​ទៅ​ហើយ​នេះ ក៏​ធ្វើ​ឲ្យ​នាង​បាន​បង្កើត​​​សមិទ្ធផល​ថ្មីៗ​ខ្លះ​ដែរ ទើប​នាង​មិន​ពិបាក​ចិត្ត​ខ្លាំង​ពេក​​ទេ។ នាង​ក៏​បាន​បង្ហាញ​​អារម្មណ៍​​សប្បាយ​ចិត្ត​ដែរ​ថា ​ TRE គ្រា​នេះ ព្រោះ​នៅ​ក្នុង​​ស្ថានភាព​វឹក​វរ​នេះ ការងារ​ថ្មី​ប៉ះ​​ប៉ូវ​បាន​ខ្លះ​លើ​ការ​​ធ្លាក់​ចុះ​ចំណូល​ដោយសារ​​តែ​មាន​វិបត្តិ​មេរោគ​​សាហាវ ​និង​​​​​កំពុង​​គំរាម​កំហែង​​​ពិភព​លោក។​


ទោះបី​ជា​យ៉ាង​ណា​ក្តី​ កញ្ញា មាន សូនីតា មិន​ចង់​​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​រឿង​​តម្លៃ​ខ្លួន​​របស់​នាង​ឡើយ ប៉ុន្តែ​នាង​គ្រាន់​​តែ​សារ​ភាព​​ថា៖ «នាង​ខ្ញុំ ពិត​ជា​​បាន​​ចុះ​​​កុងត្រា​លើ​រយៈពេល ៣ ឆ្នាំ​មែន លើ​ផលិតផល​​ចំនួន ២ នោះ គឺ​តំណាប់ និង​​​សម្បុក​ត្រចៀកកាំ។ ការងារ​​នេះ​​ទើប​​​មាន​ការ​ព្រមព្រៀង​គ្នា​កាល​​ពី​ពេល​ថ្មីៗ​នេះ​ហើយ​វា​ក៏​ជា​ការងារ​ធំ​​ទី ១ ក្នុង​ឆ្នាំ ​២០២០ សម្រាប់​រូប​នាង​ខ្ញុំ​ ជា​ពិសេស​​គឺ​អំឡុង​ពេល​ដែល​គ្រប់​​គ្នា​កំពុង​តែ​រង​ផលវិបាក​ដោយសារ​តែ​កូវីដ ​១៩ នេះ»។

តារា​សម្តែង​ស្រី រាជិនីក្រមា រូប​​នេះ ក៏​អះអាង​ថា​ ការងារ​​​​ថ្មី​នេះ​ជា​ការ​​ប៉ះប៉ូវ​ផ្លូវ​​ចិត្ត​របស់​នាង ដែល​​កំពុង​​បាត់បង់​ការងារ​មួយ​ចំនួន ដោយសារ​តែ​កូវីដ ​១៩ ហើយ​​កំពុង​​គំរាម​គំហែង​ពិភព​លោក​យ៉ាង​ខ្លាំង​​ក្លា​ផង​ដែរ​នោះ។​

នាង​ក៏​បាន​បញ្ជាក់​ថា ពេញ​ចិត្ត​​ខ្លាំង​ណាស់​ ចំពោះ​ការ​ព្រមព្រៀង​​​ជាមួយ​នឹង​ TRE ពេល​នេះ ប៉ុន្តែ​ក៏​មាន​ការ​បារម្ភ​ខ្លះៗ​ផង​ដែរ ​គឺ​មាន​​ទាំង​​​សប្បាយ​​ចិត្ត និង​​ក្តី​បារម្ភ​ដូច​គ្នា​តែ​ម្តង​៕