
សាតេរុក្ខជាតិ រសជាតិសាច់មាន់ ទើបចេញក្ដៅៗពីមន្ទីរពិសោធន៍ ADM ក្នុងប្រទេសសិង្ហបុរី។ AFP
ក្រុងសិង្ហបុរី៖ ចាប់ពីសាតេសាច់មាន់សិប្បនិម្មិត (សាច់ប្រឡាក់គ្រឿងអាំងដោតចង្កាក់) រហូតដល់សាច់គោរេនដាង (សាច់គោរំលីងឥណ្ឌូនេស៊ី) រសជាតិដូចបេះដាក់ មន្ទីរពិសោធន៍បច្ចេកវិទ្យាទំនើបរបស់សិង្ហបុរី បានចម្លងមុខម្ហូបពេញនិយមនៅអាស៊ី ទៅជាជម្រើសអាហារគ្មានសាច់សត្វ ដោយផ្ដោតសំខាន់លើគ្រឿងផ្សំពីរុក្ខជាតិ ដើម្បីផ្ដល់សេវាកម្មអាហារទ្រទ្រង់សុខភាព ចាកឆ្ងាយពីតម្រូវការសត្វចិញ្ចឹម។
អ្នកជំនាញផ្នែករសជាតិ និងអ្នកវិទ្យាសាស្ដ្រផ្នែកចំណីអាហារស្ថិតក្នុងសម្លៀកបំពាក់ឈុតពណ៌ស ធ្វើកិច្ចការលើការកែច្នៃអាហារពីរុក្ខជាតិនៅមន្ទីរពិសោធន៍ថ្មី ដើម្បីបំប្លែងមុខម្ហូបប្រពៃណីមានសាច់សត្វ ទៅជាអាហារបួស ដែលមានរសជាតិស្រដៀងគ្នា។
តម្រូវការម្ហូបស្វ័យទ្រទ្រង់នៅអាស៊ី ខណៈមានលក្ខណៈតិចតួច បើធៀបនឹងបស្ចិមប្រទេស កំពុងមានការកើនឡើងដំណាលគ្នាចំណេះដឹងអំពីការទទួលទានប្រកបដោយសុខភាព និងក្ដីកង្វល់អំពីផលប៉ះពាល់នៃការទទួលទានសាច់មកលើបរិស្ថាន។
បឺហ្គ័ររុក្ខជាតិ និងសាច់មាន់បំពងកម្ទេចនំប៉័ង ត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅទូទាំងតំបន់ តែរោងចក្រកែច្នៃអាហារយក្សរបស់អាមេរិក ADM ក៏កំពុងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងចំពោះម្ហូបបែបអ្នកស្រុកច្រើនផងដែរ។

ការបង្ហាញពីបន្ទប់តេស្ដក្លិនអាហារ ប្រើរុក្ខជាតិជំនួសសាច់ក្នុងមន្ទីរពិសោធន៍បច្ចេកវិទ្យាទំនើប។ AFP
លោក ឌឺក អូយេន អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន និងជានាយកគ្រប់គ្រងទូទៅសម្រាប់ជីវជាតិអាហារមនុស្ស បាននិយាយថា៖ «យើងធ្វើការជាមួយមេចុងភៅក្នុងស្រុក ជាមួយអតិថិជនក្នុងស្រុក ដើម្បីអភិវឌ្ឍ និងកែសម្រួលរសជាតិនូវអ្វីដែលជាតម្រូវការនៅអាស៊ីនេះ។ នោះពិតជាគន្លឹះចម្បង ដែលយើងអាចបង្កើតជារសជាតិសម្រាប់ផ្គាប់ចិត្ដអ្នកស្រុក»។
មន្ទីរពិសោធន៍ ADM បានចម្អិនម្ហូបសាតេ ប្រភេទបន្លែសុទ្ធ (ដែលជាធម្មតា មានសាច់ដោតចង្កាក់ជាមួយទឹកជ្រលក់សណ្ដែក) និងរេនដាង (ការីសាច់គោរម្ងាស់ក្នុងទឹកខ្ទិះដូង និងគ្រឿងទេសហឹរ)។
ក្រុមហ៊ុនរំពឹងថា នឹងបង្កើតគ្រឿងផ្សំល្អឥតខ្ចោះ សម្រាប់អ្នកនិយមអាហារប្រភេទនេះ និងដាក់ចូលទីផ្សារដើម្បីលក់ឱ្យក្រុមហ៊ុន អតិថិជន និងផ្សារទំនើបផ្សេង។
អ្នកវិទ្យាសាស្ដ្រ ប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីរំលាយជីវជាតិ ល្បាយ ក្លិន និងរសជាតិក្នុងការបង្កើតជាមុខម្ហូបបន្លែសម្បូរទៅដោយប្រូតេអ៊ីន ដែលភាគច្រើនប្រើសណ្ដែកសៀង និងសណ្ដែកដី។
ផលិតផលរបស់ពួកគេយកគំរូតាមសាច់គោ សាច់ជ្រូក មាន់ និងគ្រឿងសមុទ្រ ហើយក៏អាចត្រូវបានប្រើយ៉ាងទូលំទូលាយ ជាគ្រឿងផ្សំអាហារច្រើនទៀត។ ពួកគេក៏បានផលិតសាច់កែច្នៃ ដូចជា ហេម និងសាច់ក្រកសិប្បនិម្មិតផងដែរ។

បុគ្គលិករៀបចំគំរូអាហារបន្លែ និងផ្លែឈើ អំឡុងពេលបើកសម្ពោធមន្ទីរពិសោធន៍ក្រុងសិង្ហបុរី។ AFP
អាស៊ីជាប្រភពអាហារផ្ដោតលើរុក្ខជាតិមួយចំនួន ដូចជា តៅហ៊ូ និងសណ្ដែកសៀងផ្អាប់ tempeh តែក្រុមហ៊ុន ADM រំពឹងថា នឹងផ្ដល់ជូនអតិថិជនកាន់តែទូលំទូលាយ និងមានជម្រើសច្រើនថែមទៀត។
ក្ដីបារម្ភពីផលប៉ះពាល់បរិស្ថានជុំវិញការទទួលទានសាច់ ផ្ដោតសំខាន់លើសារធាតុមេតាន ឧស្ម័នផ្ទាំងកញ្ចក់ ដែលផលិតឡើងដោយសត្វពាហនៈ ព្រមទាំងការកាប់ព្រៃឈើសម្រាប់វាលចិញ្ចឹមសត្វ។
ខណៈតម្រូវការអាហារបួសកំពុងតែកើនឡើងនៅអាស៊ី ក្រុមហ៊ុននានា ដូចជា ADM នៅប្រឈមនឹងឧបសគ្គមួយចំនួន ចាប់ពីការបញ្ចុះបញ្ចូលអតិថិជន រហូតដល់ការផ្លាស់ប្ដូរទម្លាប់ទទួលទាន និងការប្រកួតប្រជែងជាដើម។
សិង្ហបុរីមានក្រុមហ៊ុនធុរកិច្ចរួចហើយ ក្នុងការបង្កើតអាហារស្វ័យទ្រទ្រង់ ចាប់ពីគ្រឿងសមុទ្រ «ផលិតក្នុងមន្ទីរពិសោធន៍» រហូតដល់នំប៉ាវផលិតពីផ្លែឈើ ជំនួសសាច់ជ្រូក៕ HR

បុគ្គលិករៀបចំគំរូអាហារបន្លែ និងផ្លែឈើ អំឡុងពេលបើកសម្ពោធមន្ទីរពិសោធន៍ក្រុងសិង្ហបុរី។ AFP