ភ្នំពេញ៖ គ្រាន់​តែ​​រូបភាព​តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​ ជ្រក​នៅ​ទ្រនំ​ថោន​កញ្ញា មាស សុខសោភា គ្រង​​ឈុត​​​​សម្លៀក​​​បំពាក់​​​នៃ​​ទេពធីតា​មហា​​សង្ក្រាន្ត​​ឆ្នាំ​ថ្មី​ឆ្នាំ​ជូត​ព្រះនាង​ព្រះនាម «គោរាគទេវី»​ ដែល​ជា​បុត្រី​ទី ​២ ​របស់​កបិល​​​មហាព្រហ្ម ​​មាន​យាន​ជំនិះ​​​​ ​គឺ​ជា​សត្វ​​ខ្លា​ បង្ហោះ​ភ្លាម​នោះ ក៏​កើត​មាន​ការ​ជជែក​​គ្នា ​យ៉ាង​ក្តៅ​គគុក​​ពេញ​តាម​បណ្តាញ​សង្គម ដោយសារ​​តែ​មាន​ការ​ភាន់​ច្រឡំ​​គ្នា​​រវាង​យានជំនិះ​​របស់​ទេពធីតា​ទាំង ​៧ អង្គ ជា​​បុត្រី​កបិល​មហាព្រហ្ម​ និង​​​ទេវតា​​ប្រចាំ​ឆ្នាំ​​​​ទាំង​ ​១២​​​។​


ក្រោយ​ពី​បង្ហោះ​រូប​​​របស់​តារា​ចម្រៀង​ស្រី​កញ្ញា​ មាស សុខសោភា បង្ហាញ​គ្រង​ឈុត​ផ្សេងៗ​​នៃ​សម្លៀក​បំពាក់​របស់​ទេពធីតា​ ចេញ​​ម៉ូដ​ដោយ​ក្រុមហ៊ុន​សម្អាង​ការ​មួយ​​ឈ្មោះ​ Hang Embellishment មក​ គេ​​ឃើញ​​មាន​ទាំង​អ្នក​​ចូល​​​​​ទៅ​​ចុច Like និង ​Comment ​សរសើរ​ផង និង​មាន​អ្នក Comment ​​រិះគន់​ផង​ពាក់ព័ន្ធ​នឹង​យាន​ជំនិះ​របស់​ទេពធីតា​សង្ក្រាន្ត​ឆ្នាំ​ជូត​​ព្រះ​នាង ​«គោរាគ​ទេវី» ​ដែល​ជា​សត្វ​ខ្លា ​ខណៈ​ទេវតា​តំណាង​ឆ្នាំ​ជូត​ មាន​យាន​ជំនិះ​ ​គឺ​ជា​សត្វ​កណ្តុរ​នោះ​។​​​

ក្រុម​​អ្នក​រិះ​គន់​បាន​លើក​ឡើង​ថា៖ «អ្នក​រៀបចំ​​កំពុង​វង្វេង​​វីវក់​ច្រឡំ​សត្វ​អស់! សត្វ​កណ្តុរ ក្លាយ​ជា​សត្វ​ខ្លា ដោយសារ​មេរោគ​​កូវីដ ១៩ វា​កូរ​ខ្លាំង​ពេក​ទៅ។​ ​ឆ្ងល់​ឆ្នាំ​ជូត​​ ម៉េច​ចេញ​ជា​ខ្លា​អ៊ីចឹង? ទើប​តែ​ដឹង​ថា​ឆ្នាំ​ជូត​គេ​ជិះ​ខ្លា ចេញ​មក​ រាង​ភ្លាវ អូ!​ភ្លេច ថា​សម័យកូរ៉ូណា​» និង​សារ​ថា៖ «ចុម ឆ្នាំ​ជូត ចេញ​ខ្លា ចុះ​ឆ្នាំ​ខាល ​ជិះ​អ្វី​វិញ អាយដល?​ ក្រែង​ឆ្នាំ​ថ្មី​នេះ​ ទេវតា​ជិះ​សត្វ​កណ្តុរ​​ឬ? ម៉េច​បាន​ទៅ​ជា​សត្វ​ខ្លា​ទៅ​វិញ?»​។​


ដោយសារ​​រឿង​នេះ​មាន​លើក​យក​មក​ជជែកគ្នា​យ៉ាង​ក្តៅ​គគុក​ពេញ​បណ្តាញ​សង្គម ហើយ​មិន​មាន​អ្នក​អាច​បកស្រាយ​ការ​ពិត​ក្បួន​តម្រា​វប្បធម៌​ប្រពៃណី​ខ្មែរ​​នោះ ទើប​ឃើញ​មាន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះថា​ Khmer Architectural និង​​យោង​​​តាម​សំណៅ​ដើម​នៃ​​ឯកសារ​​​​​​មហាសង្ក្រាន្ត​ខ្មែរ ដែល​​មាន​​ក្នុង​​គេហទំព័រ​វីគីភីឌា​ ​បក​ស្រាយ​ជម្រះ​មន្ទិល​នៃ​ការ​ភាន់​ច្រឡំ​​ខាង​លើ​​​នេះ ​មាន​លក្ខណៈ​ស្រប​គ្នា​។


គណនី​​ Khmer Architectural​ និង​ឯកសារ​​​​​មហាសង្ក្រាន្ត​ខ្មែរ ដែល​​មាន​​ក្នុង​​គេហទំព័រ​វីគីភីឌា បាន​បំភ្លឺ​ថា៖ «​សូម​បង​​ប្អូន​ខ្មែរ​​យើង​បែង​ចែក​ឲ្យ​ដាច់​រវាង​ឆ្នាំ​ទាំង​ ១២ ជាមួយ​​បុត្រី​​ទាំង​ ៧ របស់​កបិល​មហាព្រហ្ម ​មិន​មែន​​​ឆ្នាំ​ជូត ជិះ​កណ្តុរ​ទេណា​​! យាន​​ជំនិះ​បុត្រី​ទាំង ៧​ គឺ​មិន​មែន​សត្វ​ឆ្នាំ​ទាំង​ ១២ នេះ​​ទេ។​ ខ្ញុំ​បាទ​​សូម​ធ្វើ​​​ការ​​បក​ស្រាយ​ចម្ងល់​ដែល​ថា​ ហេតុអ្វី​ទេវតា​ឆ្នាំ​ជូត​ បែរ​​ជា​​​គង់​​ផ្ទំ​បើក​ព្រះ​នេត្រ​លើ​ខ្នង​ ពាហនៈព្យាឃៈ (សត្វ​ខ្លា)​​ទៅ​វិញ?​​​ ទី១​ អំពី​បុត្រី​​កបិល​មហាព្រហ្ម​ គ្រប់គ្នា​តែងតែ​គិត​ថា​​ រាល់​ពេល​ចូល​ឆ្នាំ​​ទេវតា ​ដែល​ទ្រង់​​នឹង​​យាង​ចុះ​​មក​គ្រង​ជម្ពូរ​ទ្វីប តែង​មាន​យាន​ជំនិះ​ជា​សត្វ​តំណាង​ឲ្យ​ឆ្នាំ​នោះ​​ឯង។​ ឧទាហរណ៍​​​ ឆ្នាំ​​ជូត​ជិះ​​​កណ្តុរ​​ ឆ្នាំ​ឆ្លូវ​​​ជិះ​គោ​ ឆ្នាំ​ខាល​ជិះ​ខ្លា​ជា​ដើម​ ​តែ​ការ​ពិត​​​មិន​ដូច្នោះ​​ឡើយ ​ព្រោះ​ថា​​បុត្រី​​កបិល​មហាព្រហ្ម​មាន​​​​​​តែ ​៧ ​អង្គ ​ទេ​ ​​មិន​មែន ​១២ អង្គ តាម​ឆ្នាំ​ទាំង ១២ នោះ​ឡើយ។ ទេពធីតា​ទាំង ​៧​ អង្គ​​នោះ​​ តែង​ឆ្លាស់​​វេន​គ្នា​ទទួល​ភារកិច្ច​​បន្ត​បន្ទាប់​ក្នុង​ការ​គ្រប់គ្រង​ភព​​ផែន​ដី​នេះ ដែល​កំណត់​ទៅ​តាម​ថ្ងៃ​នីមួយៗ​ប្រចាំ​​សប្តាហ៍»​។ ​


ប្រភព​​ដដែល​នេះ​បន្ត​ថា៖ «សម្រាប់​ថ្ងៃ​​អាទិត្យ ទេវតា​នាម​នាង​ «ទុង្សាទេវី»​ ដែល​មាន​យាន​ជំនិះ ជា​សុបណ្ណរាជ​ (​ស្តេច​គ្រុឌ) ​ថ្ងៃ​ចន្ទ ទេវតា​នាម​នាង​ «គោរាគទេវី​» ដែល​មាន​យាន​ជំនិះ​ជា​ព្យគ្ឃ: ឬ​​​ពាហនៈព្យាឃៈ​ (ខ្លា​ធំ)​​ ខណៈ​ថ្ងៃ​អង្គារ ទេវតា​នាម​​នាង​​ «​រាក្យសា​ទេវី»​ ដែល​មាន​យាន​ជំនិះ​ជា​អស្សតរ​​ (សេះ)​ ឬ​ សុករ:​ (ជ្រូក)។ ចំណែក​​​ថ្ងៃ​ពុធ ទេវតា​នាម​នាង​​ «មណ្ឌាទេវី»​ ដែល​មាន​យាន​ជំនិះ​ជា​គទ្រភ (លា) ​ថ្ងៃ​ព្រហស្បត្តិ៍ ទេវតា​​នាម​នាង​​ «កិរិណីទេវី»​ ដែល​មាន​យាន​​ជំនិះ​​ជា​គជសារ​​ (ដំរី)។ ចំពោះ​​ថ្ងៃ​សុក្រ ទេវតា​​ នាម​នាង​​ «កិមិរា​ទេវី»​ ដែល​មាន​យាន​ជំនិះ​ជា​មហិសារាជ​​ (ស្តេច​ក្របី) រី​ឯ​​​ថ្ងៃ​សៅរ៍ ទេវតា​នាម​នាង​ «មហោ​ទរា​ទេវី​»​ ដែល​​​មាន​​​យាន​ជំនិះ​​ជាមយូរ​ (ក្ងោក)។ ដោយសារ​​ក្នុង​ឆ្នាំ​ជូត​នេះ សង្ក្រាន្ត​​ចូល​មក​​ចំ​ថ្ងៃ​ចន្ទ​ ​គឺ​ត្រូវ​វេន​នាង​ ​«គោរាគ​ទេវី»​ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ទេពធីតា​ឆ្នាំ​នេះ ជិះ​ខ្លា​ចុះ​មក​នោះ»៕​

សម្រាប់​ព័ត៌មាន​លម្អិតពី​មហាសង្ក្រាន្ត​ខ្មែរ នោះអាច​ចូល​តាម​គេហ​ទំ​ព័រ​៖ https://bit.ly/2xR0ao2