ក្រុងទ្រីប៉ូលី: វា​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការបាញ់ប្រហារ​នៅ​ខ្សែ​ត្រៀម​ជួរមុខ​ក្នុង​ប្រទេស​លីប៊ី ហើយ​លោក អាប់ដេ ឡាហ្ស៊ីស និង​សមមិត្ដ​ដាក់​អាវុធ​ចុះ​ដោយ​ចាប់​យក​ទូរស័ព្ទដៃ​រួច​បន្ដ​ឆាកប្រយុទ្ធ​ហ្គេម PUBG ទៀត​។


កែវភ្នែក​របស់​យុទ្ធជន​កំពុង​សម្លឹង​មើល​អេក្រង់​ទូរស័ព្ទ ខណៈ​ពួកគេ​លេង​បាញ់​ហ្គេម​ប្រហារ​គ្នា​ស៊ីសាច់​ហុតឈាម​ដែល​ម្ចាស់​ជើងឯក​គឺជា​អ្នក​រស់រាន​មាន​ជីវិត​ចុងក្រោយ​គេ​។

វីដេអូ​ហ្គេម​អនឡាញ​ដែល​មាន​អ្នកលេង​ច្រើន​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​ហ្គេម​ពេញនិយម​បំផុត​ជាមួយ​វត្ដមាន​ចំនួន​ដោនឡូដ​ជាង ៣៦០ លាន​។


សភា​អ៊ីរ៉ាក់​បាន​បោះឆ្នោត​កាលពី​ខែ​មុន​ហាមប្រាម​ការលេង​ហ្គេម​ប្រភេទ​នេះ​ដោយ​សំអាង​លើ «​សកម្មភាព​ហិង្សា​» ហើយ​វា​ក៏​ស្ថិត​នៅ​ក្រៅ​ច្បាប់​ក្នុង​ប្រទេស​នេប៉ាល់ និង​រដ្ឋ​ហ្គូចារ៉ាត់​ប្រទេស​ឥណ្ឌា​ផង​ដែរ​។


យុទ្ធជន​នៅ​លីប៊ី​នាំ​គ្នា​លេង​ហ្គេម PUBG យ៉ាង​ជក់ចិត្ត​ក្រោយ​សមរភូមិ​។ រូបថត AFP


នៅ​លីប៊ី​ហ្គេម PUBG ពិត​ជា​ល្បី​ខ្លាំង​ជាពិសេស​នៅ​ខ្សែត្រៀម​ជួរមុខ​នៃ​ជាយក្រុង​ និង​ជុំវិញ​ទីក្រុង​ទ្រីប៉ូលី​ជា​ទី​ដែល​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​សម្ព័ន្ធជាតិ​ដឹកនាំ​ដោយ​អន្ដរជាតិ​បាន​វាយប្រហារ​ជាមួយ​ក្រុម​កងកម្លាំង​ជាតិ​លីប៊ី​របស់​សេនាប្រមុខ Haftar នៅ​រយៈពេល​ប៉ុន្មាន​ខែ​នេះ​។

លោក អាប់ដេឡាហ្ស៊ីស បាន​និយាយ​ក្នុង​សំឡេង​ស្អកៗ​ថា​៖ «​យើង​លេង​វា ពេល​យើង​ត្រឡប់​មកពី​សមរភូមិ​វិញ ហើយ​ជួនកាល​លេង​នៅ​ខ្សែត្រៀម​ជួរ​មុខ​ថែម​ទៀត​»​។

មហាមេដ សាហ្វី អាយុ​ ១៩ ​ឆ្នាំ​ពាក់មួក​ប៉ារ៉ា និយាយ​កាត់​ថា​៖ «​វា​លើក​ទឹក​ចិត្ដ​យើង ពេល​យើង​លេង​វា​មុន​ពេល​ចេញ​ទៅ​សមរភូមិ​»​។

លោក អាប់ដេឡាហ្ស៊ីស និយាយ​ថា​៖ «​វា​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ឆ្ងាយ​រវាង​ជីវិត​ពិត និង​ជីវិត​ក្នុង​ហ្គេម​។ ក្នុង​វីដេអូ​ហ្គេម​ពេល​អ្នក​ស្លាប់ អ្នក​អាច​រស់​ឡើង​វិញ​។ ក្នុង​ជីវិត​ពិត វា​គ្មាន​លើក​ទី​ ២ ​ឡើយ​»​។

យ៉ាងណា​មិញ​មហាមេដ ប្រាថ្នា​ជីវិត​ពិត​លើ​សមរភូមិ​ពិត​ជាង​ដោយ​លោក​ថា​៖ «​ក្នុង​វីដេអូ​ហ្គេម​ពេល​យើង​ជួប​ទុក្ខ សុំ​រក​ជំនួយ គ្មាន​នរណា​មក​ជួយ​យើង​ទេ តែ​នៅ​សមរភូមិ​ពិត​មាន​គ្នា​ជួយ​យើង​»៕ HR