ក្រុងឡុងដ៍៖ អង្គុយ​កាច់​រាង​ក្នុង​អាង​ងូត​ទឹក​ពេញ​ដោយ​បាល់​ពណ៌​ផ្កា​ឈូក ឬ​បោះ​ផ្កា​ក្រដាស​ចម្រុះ​ពណ៌​ ក្រុម​​យុវវ័យ​អាយុ​ខ្ទង់ ២០ ឆ្នាំ នាំ​គ្នា​ផ្ដិត​យក​តថភាព​ក្នុង​បន្ទប់​ស្ទូឌីយោ​តូច​មួយ​នៃ​ទីក្រុង​ឡុងដ៍​បង្ហោះ​បង្អួត​ភ្នែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​។


រោងចក្រ​សែលហ្វ៊ី ឬ Selfie Factory ឯ​ Westfield ជា​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​បំផុត​មួយ​នៅ​អឺរ៉ុប បាន​ទទួល​ភ្ញៀវ​រាប់​ពាន់​នាក់​ចូល​តាម​បន្ទប់​ស្ដង់​រចនា​ប័ទ្ម​ប្លែកៗ​ចំនួន ២០ សម្រាប់​អ្នក​និយម​ថត​រូប​សែលហ្វ៊ី​បង្ហោះ​លើ​បណ្ដាញ​សង្គម​។

ផ្ទៃ​ក្រោយ​សម្រាប់​ថត​រូប​ទាំង​នោះ​រួម​មាន ជញ្ជាំង​នំ​ដូណាត់ ខ្លា​ឃ្មុំ​ធេដឌី​​​ដ៏​ធំ​មួយ អាង​បាល់​យក្ស​​មួយ បន្ទប់​បាយ​ទសវត្សរ៍​ឆ្នាំ ​១៩៥០​ កញ្ចុំ​ផ្កា​ក្រដាស​ចម្រុះ​ពណ៌ និង​បូពណ៌​ក្រហម​ជា​ជម្រើស​ដ៏​សម្បូរ​បែប​​។


អ្នក​ម្ដាយ​នាំ​គ្នា​ថត​រូប​ទារក​អង្គុយ​ជាមួយ​ខ្នើយ​រូប​ទូរស័ព្ទ​ពណ៌​លឿង ខណៈ​យុវវ័យ​អង្គុយ​លើ​អាង​ងូត​ទឹក​ ឬ​​កាច់​រាង​ក្បែរ​ជញ្ជាំង​នំ​ដូណាត់​​​។


សម្រាប់​ការ​លេង និង​ថតរូប​គ្រប់​បន្ទប់ អ្នកចូលរួមត្រូវបង់​ប្រាក់ ១២,៥០ ដុល្លារ។ AFP


កញ្ញា មូលលី ប្រ៊ីយ៉ាន អាយុ ១៩ ឆ្នាំ មក​ពី​ស្ទេវេនណេក ខាង​ជើង​ក្រុង​ឡុងដ៍ ​និយាយ​ថា​៖ «​ខ្ញុំ​ចូល​ចិត្ដ​គ្រប់​បន្ទប់​ទាំង​អស់​។ វា​ច្បាស់​ជា​​ស្អាត​​លើ​អ៊ីនស្ដាក្រាម​របស់​ខ្ញុំ​ និង​ខុស​ប្លែក​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បង្ហោះ​កន្លង​មក​»។

ការ​ចូល​លេង និង​ថត​តាម​បន្ទប់​នានា រួម​ទាំង​រូបភាព​ផ្ទៃ​ក្រោយ​ជា​ច្រើន​ទៀត​នោះ មាន​តម្លៃ ១២,៥០ ដុល្លារ​។ យុវវ័យ​ គឺ​ជា​អតិថិជន​ពេញ​និយម​ជាង​គេ​ តែ​ជូន​កាល​ភ្ញៀវ​​ខ្ទង់ ៦០ ក៏​បង្ហាញ​ខ្លួន​​ផង​ដែរ​។

លោក ​វីល​ បូវើរ ​ប្រាប់ AFP ​ថា​៖ «មនុស្ស​ម្នា​មក​ទី​នេះ​ និង​ចំណាយ​ពេល​មួយ​ម៉ោង​លេង​កម្សាន្ដ និង​ថត​រូប​ជា​ច្រើន​សន្លឹក​ទៅ​តាម​ចិត្ដ​ចង់​»។

យុវជន​វ័យ ២៦ ឆ្នាំ​រូប​នេះ ​​និយាយ​ថា លោក​ និង​សង្សារ​ព្យាយាម​ស្វែង​រក​ទី​កន្លែង​ស្អាតៗ​សម្រាប់​បង្ហោះ​លើ​អ៊ីនស្ដាក្រាម​ពេល​ធ្វើ​ដំណើរ​កម្សាន្ដ​ តែ​​គ្មាន​អ្វី​ក្រៅ​ពី​​ហ្វូងគោ​ប៉ុណ្ណោះ​។

ទាំង​នេះ​បាន​ជំរុញ​ចិត្ដ​លោក​បង្កើត​ផ្ទៃ​ក្រោយ​អ៊ីនស្ដាក្រាម​​​ក្រោម​ដំបូល​តែ​​មួយ​។ លោក បូវើរ ​ថា​៖ «ជំនាន់​យើង​នេះ​ចូលចិត្ដ​បង្ហោះ​រូបភាព និង​តែងតែ​​លំបាក​​រក​អ្វី​ប្លែកៗ​»៕ AFP/HR