ក្រុង​យី​ឈុន: ពី ១ ឆ្នាំទៅ ១ ឆ្នាំ ការ​ប្រកួត​ទទួលទាន​ម្ទេស​នៅ​ចិន កាន់​តែ​ទទួល​បាន​ប្រជាប្រិយ​ភាព ដោយ​ចំនួន​អ្នក​ចូលរួម​ចេះ​តែ​កើន ហើយ​ការ​ប្រកួត​ក៏ត្រូវ​បាន​រៀបចំ​តាម​តំបន់​ជាច្រើន​ដង​ក្នុង ១ ឆ្នាំ។

ការប្រកួត​កាលពី​ថ្ងៃទី៩ ខែធ្នូ កន្លងទៅថ្មីៗនេះ អ្នកចូលរួម​ជាច្រើន​នាក់​ទាំងស្រី​ទាំង​ប្រុស​បាន​នាំគ្នា​ដេក​ត្រាំ​ក្នុង​អាង​ម្ទេស​ធំៗ​អណ្ដែត​ព្រាត​ក្រហម​ច្រាល ទាំង​ក្នុង​ដៃ​ម្នាក់ៗ​មាន​កាន់​ចាន​ម្ទេស​ខ្នាត​ធំ​រៀងៗ​ខ្លួន។

អាងទឹក​ក្ដៅ​ក្រាល​ដោយ​ម្ទេសធំៗនេះ ស្ថិតនៅ​តំបន់​ល្បី​មាន​ទេសភាព​ស្អាត មីង​យេ ឈាន​ហ្គូ ទី​រួម​ក្រុង​វិនតាង ទីក្រុង​យីជុន ខេត្ត​ជាំងស៊ី ភាគ​កណ្ដាល​ប្រទេស​ចិន។


ស័ក្ដិសម​ទៅនឹង​អាកាសធាតុ​នៃ រដូវរងា បេក្ខជន បេ​ក្ខ​នារី​គ្រាន់តែ​ឮ​សញ្ញា​ចាប់ផ្ដើម​ភ្លាម ម្នាក់ៗ​ក៏​នាំគ្នា​ទំពា​ម្ទេស​ធំៗ​ឥត​ប្រណី។ អ្នក​ឈ្នះ​ពី​ការ​ប្រកួត​អាច​ញ៉ាំ​ម្ទេស​ធំៗ​បាន ២០ គ្រាប់​ក្នុង ១ នាទី​តែ​គាត់​ពុំ​ទទួល​បាន​រង្វាន់​អ្វី​ធំ​ដុំ​ទេ៕