ខេត្ត​​ត្បូងឃ្មុំ៖ ចាប់​តាំង​ពី​ខែ​សីហា​ ​ឆ្នាំ ​២០១៨ មក​ទល់​ពេល​នេះ ​កូន​ខ្មែរ​ដំបូង​ដែល​បាន​​​រក​​ឃើញ​គំនិត​ច្នៃ​សំរាម​​​ប្លាស្ទិក​ឲ្យ​ទៅ​ជា​ប្រេង​ម៉ាស៊ូត​​ ទើប​​​​តែ​​​ចរាចរណ៍​លក់​​នៅ​លើ​ទីផ្សារ​​ជាង ១ ០០០ លីត្រ ​តែ​ប៉ុណ្ណោះ ​ដោយសារ​​ចង្វាក់​ផលិតកម្ម​មាន​​​ខ្នាត​​​​​តូច​គឺ​ ១ ថ្ងៃ​ ផលិត​បាន​​​ជាង ១០ លីត្រ ​ខណៈ​​លោក ឃុន ស៊ីវ មាន​ផែនការ​​គ្រោង​ផលិត​ឲ្យ​​​បាន​ចំនួន​ ១៥០ លីត្រ ក្នុង ​១ ​ថ្ងៃ​ ទើប​​អាច​​​បម្រើ​តាម​តម្រូវ​ការ​ក្នុង​​ស្រុក​ ក្រោយ​​ពី​​លោក​​​​​បាន​សរសេរ​​គម្រោង​ស្នើ​​​​​ទៅ​ម្ចាស់​ជំនួយ​​នៅ​​​​​ឯ​ប្រទេស ​បារាំង​ មាន​​​​ទឹក​ប្រាក់​ ១០ ម៉ឺន​ដុល្លារ សម្រាប់​​ធ្វើ​ទីកន្លែង​ចម្រាញ់​សំរាម​ប្លាស្ទិក​ខ្នាត​ធំ​​នេះ​ឲ្យ​បាន​។​​


លោក ឃុន ស៊ីវ (Khun Sive) វ័យ​ ៤១ ឆ្នាំ បច្ចុប្បន្ន​កំពុង​តែ​​​រស់នៅ​ក្រុង​​កំពង់ចាម ខេត្ត​កំពង់ចាម និង​​​ជា​ជំនួយ​ការ​​ប្រធាន​អង្គការ (OBT) នៅ​ក្នុង​​សហគមន៍​ជី​រោទិ៍​​ ដែល​​មាន​ទីតាំង​​ស្ថិត​នៅ​ក្នុង​ភូមិ​ជីរោទិ៍​ក្រោម​​​ ២ ឃុំ​ជីរោទិ៍ទី ១ ​ស្រុក​​​​​​ និង​ខេត្ត​ត្បូងឃ្មុំ កាល​​​ដំបូង​ ក្នុង​​​តួនាទី​ជា​អ្នក​កាន់​គម្រោង​​ស្រាវជ្រាវ​ និង​​​​ផែនការ​អាជីវកម្ម​​​នោះ​​​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​នា​ពេល​​​ឆាប់ៗ​នេះ​ យើង​អាច​នឹង​មាន​ចង្វាក់​​​ផលិតកម្ម​​​ខ្នាត​ធំ ​អាច​ផលិត​បាន​​​ប្រេង​ម៉ាស៊ូត​ ១៥០ លីត្រ ក្នុង​ ​១ ​​​ថ្ងៃ​បាន​ ក្រោយ​ពី​​​​​ខ្ញុំ​បាន​សរសេរ​​គម្រោង​​ស្នើ​​​ម្ចាស់​ជំនួយ​​​​​នៅ​​​​​ប្រទេស ​បារាំង មាន​​​ទឹក​ប្រាក់​ ១០ ម៉ឺន​ដុល្លារ សម្រាប់​ធ្វើ​ទីកន្លែង​ចម្រាញ់​​​សំរាម​ប្លាស្ទិក​នេះ ដើម្បី​​បម្រើត​ម្រូវ​ការ​ក្នុង​​ស្រុក​។ ខណៈ​​​ពេល​​​​កន្លង​មក​ យើង​ផលិត​​បាន​តិចតួច ដោយសារ​យើង​មាន​​ទីកន្លែង​​ចម្រាញ់​​មាន​ទំហំ​តូច ហើយ​​ភាគ​​ច្រើន​​ប្រេង​ម៉ាស៊ូត​​នោះ​សម្រាប់​យើង​​ប្រើប្រាស់​​ប្រចាំ​ថ្ងៃ​​នៅ​​​​​ឯ​​អង្គការ​បណ្តុះបណ្តាល​​​ថ្នាក់​មូលដ្ឋាន ​​(OBT)​ តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​​យើង​​ក៏​បាន​​​ជូន​​ប្រេង​ម៉ាស៊ូត​នេះ ទៅ​ដល់​​សាលា​​ក្រុង​ភ្នំពេញ​ ដើម្បី​យក​​ទៅ​ជួយ​​​​ដក​​ស្រង់​ពិសោធ​លើ​ការ​ប្រើប្រាស់​​ប្រេង​ម៉ាស៊ូត​ ដែល​​ច្នៃ​ពី​សំរាម​ប្លាស្ទិក​នេះ​ផង​ដែរ​ កាល​​ពី​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​ ១​»​​​។​​

លោក ឃុន ស៊ីវ (ទី​ ១ ស្តាំ) បង្ហាញ​ប្រេង​ម៉ាស៊ូត​ច្នៃ​ពី​សំរាម​ប្លាស្ទិក​ក្នុង​វេទិកាជាតិអេកូទេសចរណ៍លើកទី ១ ឆ្នាំ ២០១៩។ រូបថត OBT


លោក ឃុន ស៊ីវ ដែល​​មាន​​ចំណេះ​ដឹង​​​​ត្រឹម​​កម្រិត​ថ្នាក់​ទី ​៤ តែ​ជា​មនុស្ស​ឧស្សាហ៍ ព្យាយាម​សិក្សា​ស្រាវជ្រាវ​​តាម​​យូធូប​​​ចំណាយ​​​ពេល​​ស្រាវជ្រាវ​ជាង ​១ ឆ្នាំ ដើម្បី​យក​សំរាម​ប្លាស្ទិក​ទាំង​ ៦ ប្រភេទ​មក​ច្នៃ​ជា​ប្រេង​ម៉ាស៊ូត ដើម្បី​​រួម​ចំណែក​​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​​ផង​ដែរ​។


លោក ឃុន ស៊ីវ ​ពន្យល់​​​ពី​​ប្រភេទ​សំរាម​​ប្លាស្ទិក​​ និង​របៀប​ចម្រាញ់​​ប្រេង​ម៉ាស៊ូត​​ពី​សំរាម​ប្លាស្ទិក​​នេះ​ដែរ​ថា៖ «​សព្វ​ថ្ងៃ​​នេះ​ ប្លាស្ទិក​មាន​ច្រើន​ជាង ​៧០ ​ប្រភេទ ដោយ​ក្នុង​នោះ​​ប្រភេទ ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​​​បំផុត​មាន​ ​៧​ ​ប្រភេទ​។ ក្នុង​ចំណោម​ប្លាស្ទិក ​៧ ​ប្រភេទ​នោះ ​មាន​ ៦ ប្រភេទ​ ​​ដែល​​អាច​​យក​មក​​ច្នៃ​​​ជា​​ប្រេង​ម៉ាស៊ូត​​មាន​ដប​ទឹក​សុទ្ធ​ ដប​​​ប្រេង​ឆា​ ដប​សាប៊ូ​ គម្រប​​ទឹក​​សុទ្ធ​ កែវ​កាហ្វេ​ជ័រ និង​​​​ប្រអប់​​​ស្នោ​ជា​ដើម​​។ សំរាម​ប្លាស្ទិក​នេះ បាន​ចម្រាញ់​​ចេញ​ជា​ប្រេង​​ម៉ាស៊ូត​​ ត្រូវ​​​ឆ្លង​កាត់ ​៣ ​ដំណាក់​កាល គឺ​​​​ដំណាក់​បំបែក​​ធាតុ​ ការ​ចម្រាញ់ និង​ការ​បន្សុទ្ធ​»​​​។​​


សំរាម​ប្លាស្ទិក ដែលជា​វត្ថុ​ធាតុ​ដើ​ម​ច្នៃ​ប្រេង​ម៉ាស៊ូត​។ រូបថត OBT

លោក ឃុន ស៊ីវ ​បាន​បន្ត​​ថា​៖ «ក្នុង ​១ ថ្ងៃ ​​យក​ប្លាស្ទិក​​​ចំនួន ​៣០ គីឡូ​ក្រាម​អាច​ចម្រាញ់​​ជា​ប្រេង​ម៉ាស៊ូត​​បាន​​​ប្រមាណ​ជាង ​១០ លីត្រ ហើយ​ប្រេង​ម៉ាស៊ូត ​ដែល​ច្នៃ​ពី​សំរាម​​ប្លាស្ទិក​នេះ មាន​​ចំហេះ​ខ្លាំង​ជាង​​ប្រេង​ម៉ាស៊ូត​ធម្មតា​​​​។

ប្រេង​ម៉ាស៊ូត​តាម​​ស្ដង់ដា​របស់​វា​គឺ​​ក្នុង ​១ ​លីត្រ គឺ​មាន​ចំហេះ ០.៨៣២​ ក្រាម ចំណែក​ឯ​​​​​​ម៉ាស៊ូត​ដែល​​​ខ្ញុំ​ធ្វើ​ហ្នឹង​​នៅ​​ក្នុង ​១ លីត្រ មាន​ចំហេះ ០.៧៧៥​ ក្រាម​ប៉ុណ្ណោះ។ ​

បើ​តាម​ក្បូន​ប្រេង​មួយ​ណា​ស្រាល​ជាង ​មួយ​​​ហ្នឹង​មាន​ចំហេះ​ខ្លាំង​ជាង​។ ប៉ុន្តែ​បើ​តាម​​​​ក្នុង​​ឯកសារ ​ដែល​​ខ្ញុំ​​បាន​​ស្រាវជ្រាវ គឺ​គេ​បាន​និយាយ​ថា ​ប្រេង​​ម៉ាស៊ូត ​ចម្រាញ់​ពី​សំរាម​ប្លាស្ទិក​នោះ​​​ វា​​មាន​​សារជាតិ​ពុល​ខ្លាំង​ជាង​ប្រេង​ម៉ាស៊ូត​​ស្ដង់ដា​។ តែ​ទោះ​បីជា​យ៉ាង​ណា ​វា​ក៏​មាន​ភាព​ប្រសើរ​ជាង ​​យើង​​ចោល​​សំរាម​​ប្លាស្ទិក​​ទៅ​ដី​ផ្ទាល់​ ដែល​មាន​ផល​​​​​​ប៉ះ​ពាល់​ ១០០ ភាគរយ​ដល់​​បរិស្ថាន​ ខណៈ​ប្រេង​ច្នៃ​ពី​ប្លាស្ទិក​នេះ​មាន​ត្រឹម ​៨០ ភាគរយ​ប៉ុណ្ណោះ​»​​។​

សកម្ម​ភាព​សហ​គមន៍​នាំ​គ្នា​រើស​សំរាម​ប្លាស្ទិក​យក​ទៅទី​​កន្លែង​កែ​ច្នៃ​​ប្រេង​ម៉ាស៊ូត​។ រូបថត OBT

មុន​ពេល​​ច្នៃ​សំរាម​ប្លាស្ទិក​​ ធ្វើ​ជា​​ប្រេង​​ម៉ាស៊ូត នៅ​ខែ​សីហា ឆ្នាំ ២០១៨​​ លោក ឃុន ស៊ីវ ក៏​ធ្លាប់​​បាន​​​ច្នៃ​សំរាម​ប្លាស្ទិក​ ធ្វើ​ជា​ឥដ្ឋ​កូរ៉ូឡា​ផង​ដែរ​​ គឺ​​​ឆ្នាំ ​២០១៧ ខណៈ​សព្វថ្ងៃ​នេះ​ ​លោក​បាន​​​​បម្រើ​ការងារ​នៅ​អង្គការ​​ជាង​ ២​ ឆ្នាំ​​​ហើយ​​។

លោក​ក៏​​បង្ហើបពី​រូបមន្ត​នៃ​ការ​​ធ្វើ​​ឥដ្ឋ​ការ៉ូឡា​ពី​សំរាម​ប្លាស្ទិក​ដែរ​​ថា​៖ «​សម្រាប់​​​​ឥដ្ឋ​ការ៉ូឡា ចម្រាញ់​ពី​​​​ប្លាស្ទិក​នោះ យើង​​​ប្រើ​​ខ្សាច់ ​៣ គីឡូ បូក​​​ជា​​​មួយ​នឹង​​ជ័រ​​ប្លាស្ទិក​ ១ គីឡូ​ ដោយសារ​​គម្រោង​​នេះ ខ្ញុំ​បាន​ធ្វើ​តាំង​ពី​ឆ្នាំ ​២០១៧ មក​​​។ ថ្ងៃ​ខាង​មុខ​ខ្ញុំ​ក៏​គ្រោង​កែ​ច្នៃ​ឥដ្ឋ​មួយ​ប្រភេទ​ថ្មី​ឈ្មោះ​ថា «ឥដ្ឋ​បរិស្ថាន»​ ផង​ដែរ​៕​