ក្រុងសៀមរាបៈ បណ្តុំ​ស្នាដៃ​នៃ​គំនូរ​ព្រីន​ចំនួន​ ១៥ ​ផ្ទាំង​ដែល​មាន​ទំហំ​ខុសគ្នា​របស់​វិចិត្រករ​ពិការ​ដៃ​ទាំង​សងខាង​លោក ម៉ន ជា នឹង​បើក​ការតាំងពិព័រណ៍​ស្នាដៃ​ដំបូង​របស់​ខ្លួន​នៅ​វិចិត្រសាល Tribe Gallery នៅឯ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​ ១ ខែ​សីហា ឆ្នាំ​ ២០១៩ ខាងមុខ​នេះ​ហើយ​។


លោក ម៉ន ជា ត្រូវ​បាន​អង្គការ Epic Art នៅ​ខេត្ត​កំពត​ទទួល​យក​ទៅ​ឲ្យ​រៀន​ជំនាញ​សិល្បៈ​គំនូរ​នៅ​ឆ្នាំ​ ២០១៥-២០១៧ ក្រោយពី​លោក​ធ្លាក់​ខ្លួន​ពិការ​ដៃ​ទាំង​ ២ កាលពី​ឆ្នាំ​ ២០១០ ខណៈ​ខ្លួន​មាន​វ័យ ២០ ​ឆ្នាំ​ដោយសារ​ការ​កាត់​ដៃ​ទាំង​ ២ ចោល ក្រោយពី​បាន​ឆក់​ខ្សែភ្លើង​នាគ្រា​ខ្លួន​លោក​ជា​កម្មករ​សំណង់​។


ក្រោយពី​បាន​ទៅ​រៀន​ចប់​ក្នុង​ឆ្នាំ​ ២០១៧ មក​នោះ​លោក ម៉ន ជា ក៏​ទទួល​បាន​ការងារ​ពេញ​ម៉ោង​នៅក្នុង​អង្គការ Epic Art រហូត​ដល់​បច្ចុប្បន្ន ខណៈ​លោក​ក៏​មាន​ការងារ​ក្រៅ​ម៉ោង​ជាមួយ​នឹង​ក្រុម​ការងារ​របស់​វិចិត្រករ​ស្រី​ចិត្តធម៌ កូនកាត់​ជប៉ុន-អាមេរិក កញ្ញា ឡូរ៉េន អ៊ីអិដា ( Lauren Iida) ដែល​ជា​សហស្ថាបនិក​នៃ Open Studio Cambodia បាន​ជិត​ ១ ​ឆ្នាំ​ហើយ​ដែរ​។


ស្នាដៃ​គំនូរ​ព្រីន​របស់​វិចិត្រករ​ដែល​ពិការ​ដៃ​ទាំង​ ២ លោក ម៉ន ជា​។ រូបថត សហការី


វិចិត្រករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត​ដែល​បាន​ពិការ​ដៃ​ទាំង​ ២ លោក ម៉ន ជា ខណៈ​បច្ចុប្បន្ន​មាន​វ័យ ២៩ ឆ្នាំ​បង្ហើប​ឲ្យ​ដឹង​ពី​ការនាំ​យក​ស្នាដៃ​គំនូរ​ព្រីន ( block print pictures) ដែល​មាន​ការជួយ​ជ្រោមជ្រែង​ពី កញ្ញា ឡូរ៉េន អ៊ីអិដា នោះ​ថា​៖ «​ក្រោយពី​បាន​ធ្វើ​ការងារ​នៅ​ទី​នេះ [Open Studio Cambodia] ជិត​ ១ ​ឆ្នាំ​មក​ក៏​អាច​បង្កើត​បាន​ស្នាដៃ​ប្រភេទ​គំនូរ​ព្រីន​សម្រាប់​ខ្ញុំ​ជា​ជនពិការ​ដៃ​ទាំង​សង​ខាង ហើយ​ជួយ​រៀបចំ​ឲ្យ​មាន​ការតាំងពិព័រណ៍​ស្នាដៃ​តែ​ម្នាក់ឯង​ជា​លើក​ដំបូង​ផងដែរ​។ ពិព័រណ៍​ស្នាដៃ​នេះ​គឺជា​រូបភាព​ដែល​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្ញុំ ក្រោម​ចំណងជើង ថា «The Space Between» នៅ​វិចិត្រសាល Tribe Gallery នៅ​ខេត្ត​សៀមរាប​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ១ ខែ​សីហា​បន្ត​រហូត​ទៅ​ដល់​ទី​ ៣១ ខែ​សីហា​ឆ្នាំ​ ២០១៩»​។


លោក ម៉ន ជា ក៏​បាន​រំឭក​ឲ្យ​ដឹង​ពី​ការងារ​ដំបូង​ផង​ដែរ​ថា លោក​គឺជា​សិល្បករ​ពហុទេពកោសល្យ​ ១ ​រូប បើ​ទោះ​ជា​ខ្លួន​ជនពិការ​ដៃ​ទាំង​សងខាង​ក្តី ខណៈ​លោក​ធ្លាប់​ជា​អ្នករបាំ​សហសម័យ និង​វិចិត្រករ​នៅ​អង្គការ Epic Art ប្រមាណ​ជាង ១០ ឆ្នាំ​។ ហើយ​លោក ម៉ន ជា ក៏​បាន​សម្រេចចិត្ត​លាឈប់​ពី​ការងារ​ពេញ​ម៉ោង​នៅ​អង្គការ Epic Art មក​ធ្វើ​ការងារ​ពេញ​ម៉ោង​វិញ​ផង​ដែរ​នៅ Open Studio Cambodia ចុង​ខែ​កក្កដា ឆ្នាំ​ ២០១៩ ​នេះ​ដែរ​ដើម្បី​រក​ការបង្កើត​ថ្មី​។

ស្នាដៃ​គំនូរ​ព្រីន (block print pictures) គឺជា​បច្ចេកទេស​ដ៏កម្រ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​ជួយ​សម្រួល​ក្នុង​ការបង្កើត​ស្នាដៃ​សិល្បៈ​គំនូរ​សម្រាប់​ជនពិការ​ដៃ​ដូចជា​លោក ម៉ន ជា​។ ខណៈ​ស្នាដៃ​ទាំង ១៥ ផ្ទាំង​មាន​ទំហំ​ខុស​គ្នា និង​មាន​តម្លៃ​ផ្សេងៗ​គ្នា​ផង​ដែរ បើ​តាម​ការប្រាប់​ពី​កញ្ញា ឡូរ៉េន អ៊ីអិដា មាន​តម្លៃ​ចន្លោះ​ពី ១៧០-២៥០ ដុល្លារ​៕