ភ្នំពេញ៖ ខណៈ​ពេល​សម្រាក​នៅ​ផ្ទះ​រៀងៗ​ខ្លួន ក្នុង​គ្រា​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ នោះ វិចិត្រករ​អតីត​ជា​សិស្ស​រៀន​សិល្បៈ​គំនូរ​នៅ​សាលា​ហ្វារពន្លឺសិល្បៈ ខេត្ត​បាត់ដំបង ២ រូប ក៏​បាន​ឆ្លៀត​បង្កើត​ស្នាដៃ​វិចិត្រកម្ម​ខ្លួន ដើម្បី​ត្រៀម​តាំង​ពិព័រណ៍​នៅ​វិចិត្រសាល Factory Phnom Penh នា​ដើម​ខែ​កក្កដា ឆ្នាំ ២០២១ នៅ​ភ្នំពេញ។

នេះ​បើ​តាម​ការ​បង្ហើប​ពី​កញ្ញា ឡូរ៉េន អ៊ិអ៊ីដា ជា​អ្នក​សម្របសម្រួល​រៀបចំ​ពិព័រណ៍ និង​ស្ថាបនិក Open Studio Cambodia បង្ហើប​ឱ្យ​ដឹង​ពី​គម្រោង​រៀបចំ​ការ​តាំង​ពិព័រណ៍​របស់​វិចិត្រករ វ៉ាន់ ឆវ័ន្ត និង​វិចិត្រករ ហួរ សីហា។

ស្នាដៃគំនូរ​លោក វ៉ាន់ ឆវ័ន្ត ឈ្មោះថា «My Ox Life» ។ រូបថត សហ​ការី


កញ្ញា ឡូរ៉េន អ៊ិអ៊ីដា បាន​បង្ហើប​ឱ្យ​ដឹង​ថា៖ «ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​ដោយសារ​បញ្ហា​កូវីដ ១៩ ទេ​នោះ ការ​តាំងពិព័រណ៍​ស្នាដៃ​របស់​វិចិត្រករ វ៉ាន់ ឆវ័ន្ត និង​វិចិត្រករ ហួរ សីហា នឹង​ចាប់​ផ្តើម​បើក​នៅ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១ ខាង​មុខ​នេះ​ហើយ ខណៈ​ការ​ដំឡើង​ស្នាដៃ​របស់​ពួក​គេ​នឹង​ចាប់​ផ្តើម​ធ្វើ​ថ្ងៃទី ១ ខែ​កក្កដា។ លោក ហួរ សីហា បច្ចុប្បន្ន​ជា​សមាជិក​នៃ​ក្រុម​វិចិត្រករ​នៅ​វិចិត្រសាល​រំចេក ៥ គាត់​នឹង​មាន​ស្នាដៃ​គំនូរ​សម្រាប់​ការ​តាំង​ពិព័រណ៍​នោះ ខណៈ​លោក វ៉ាន់ ឆវ័ន្ត ជា​សហ​តំណាង​ក្រុម​វិចិត្រករ​នៅ​វិចិត្រសាល​រំចេក ៥ និង​ជា​វិចិត្រករ​នៅ​វិចិត្រសាល Open Studio Cambodia គាត់​មាន​ស្នាដៃ​គំនូរ​ផង និង​ស្នាដៃ​ច្នៃ​ពី​ឈើ​ផង ដើម្បី​ចូលរួម​តាំង​ពិព័រណ៍​នោះ»។

លោក វ៉ាន់ ឆវ័ន្ត ជា​វិចិត្រករ​ជំនាញ​គំនូរ និង​ចម្លាក់​ឈើ​នៅ​ភូមិ​ព្រែកកញ្រែ្ចង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង និង​អតីត​ជា​និស្សិត​រៀន​ជំនាញ​សិល្បៈ​សូន​រូប​នៅ​សាលា​ហ្វារពន្លឺសិល្បៈ ខេត្ត​បាត់ដំបង ​នៅ​ឆ្នាំ​សិក្សា ២០០៧-២០១១។


វិចិត្រករ វ៉ាន់ ឆវ័ន្ត ក៏​មាន​ឈាមជ័រ​សិល្បៈ​គំនូរ​ផង​ដែរ​ពី​ឪពុក ​គឺ​អតីត​ជា​ជាង​គំនូរ។ ជំនាញ​សិល្បៈ​គំនូរ​លោក​បាន​រៀន​ពី​សាលា​ហ្វារពន្លឺសិល្បៈ ខណៈ​ជំនាញ​ចម្លាក់​ឈើ​មិន​មាន​សាលា​ឡើយ គឺ​គ្រាន់​តែ​រៀន​ចេះ​ពី​ការ​មើល​ឃើញ និង​ការ​អនុវត្ត​ផ្ទាល់​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​ការ​បង្កើត​ស្នាដៃ​សិល្បៈ លោក វ៉ាន់ ឆវ័ន្ត ហាក់​ដូច​ជា​មាន​ភាព​សកម្ម​ខ្លាំង​ទៅ​លើ​ជំនាញ​គ្មាន​សាលា​ជាង​គំនូរ​ទៅ​វិញ។

វិចិត្រករ ហួរ សីហា វ័យ ៣១ ឆ្នាំ កើត​នៅ​ជំរំសាយប៊ី នៅ​ឯ​តំបន់​ព្រំដែន​ខ្មែរ-ថៃ ដល់​ត្រឹម​វ័យ ៦ ខែ ក៏​ត្រូវ​បាន​ឪពុកម្តាយ​យក​មក​រស់នៅ​ជាមួយ​វិញ ក្នុង​តំបន់​បន្ទាយ​ទាហាន ដោយ​ឪពុក​លោក​ប្រចាំការ​រហូត​ពេញវ័យ និង​បែក​ពី​ឪពុកម្តាយ​នៅ​ក្នុង​ឆ្នាំ ២០០៥ និង​មក​រៀន​ជំនាញ​សិល្បៈ​នៅ​ឆ្នាំ ២០០៦ និង​បាន​បញ្ចប់​ឆ្នាំ ២០១៣ ជំនាញ​សិល្បៈ​សូន​រូប​នៅ​សាលា​ហ្វារពន្លឺសិល្បៈ ខេត្ត​បាត់ដំបង។

លោក ហូរ សីហា ចូលចិត្ត​គូរ​គំនូរ​បែប​រូបី គំនូរ​ដូចៗ​រូប​ពិត និង​ការ​បង្កើត​ស្នាដៃ​គំនូរ​បែប​សហសម័យ​ផងដែរ៕

ស្នាដៃគំនូរ​លោក វ៉ាន់ ឆវ័ន្ត ឈ្មោះថា ​​«End of Illusions»។ រូបថត សហ​ការី