ភ្នំពេញ៖ ជា​អ្នក​សិល្បៈ អ្នក​សម្ដែង និង​អ្នក​រៀបចំ​កម្មវិធី​លោក យូសេហ្វ ម៉ាណាបាត បាន​រៀបចំ​ព្រឹត្ដិការណ៍​សប្បុរសធម៌​សម្រាប់​ជន​រងគ្រោះ​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​ Taal Volcano ដែល​ស្នើ​ឡើង​ដោយ​សហគមន៍​ហ្វីលីពីន Samapi។


ពេល​នេះ គ្រូ​បង្រៀន​សាលា​មតេ្តយ្យ​ពេញ​ម៉ោង​នៅ​កម្ពុជា​រយៈពេល​ ៣ ​ឆ្នាំ​រូប​នេះ បាន​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​ភេទ​ទី៣​ MissCalendar Queen 2020 នៅ​ភោជនីយដ្ឋាន Wings&Beer ក្នុង​រាជធានី​ភ្នំពេញ​។

នេះ​​ជា​ការ​​ប្រកួត​បវរកញ្ញា​ខ្ទើយ​ដែល​ធ្វើ​ឡើង​ប្រចាំ​​ខែ​ពេញ ​១ ឆ្នាំ ​​​សម្រាប់​សមាជិក​​នៃ​សហគមន៍​ LGBTQ+ ដែល​មាន​ជំនឿ​ជឿ​ជាក់ រូប​សម្ផស្ស ទេពកោសល្យ និង​ភាព​វៃ​ឆ្លាត​។ ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី ៧ ខែកុម្ភៈ ហើយ​គ្រោង​​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ ​២០២០ ឬ​ខែ​មករា ឆ្នាំ ​២០២១ ខាង​មុខ​។


បេក្ខនារី​ភេទ​ទី៣ ​ប្រចាំ​ខែ​ត្រូវ​បង្ហាញ​សម្រស់​ ទេពកោសល្យ និង​ចំណេះ​ដឹង​របស់​ខ្លួន​នៅ​តាម​វគ្គ​​នីមួយៗ។ រាជិនី​សម្រស់​ប្រចាំ​ខែ​នឹង​ធ្វើ​ការ​ប្រកួត​គ្នា ​ដើម្បី​ស្វែង​រក​បវរកញ្ញាឯក​តែ​ម្នាក់​គត់​។


បុរស​ហ្វីលីពីន​រូប​នេះ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ខ្ញុំ​បន្ដ​រៀបចំ​កម្មវិធី​នេះ​ដោយសារ​ខ្ញុំ​បាន​ជជែក​ជាមួយ​មិត្ដភក្ដិ​ខ្មែរ​ជា​សមាជិក​ LGBTQIA+ ដែល​ពួក​គេ​អរគុណ​ចំពោះ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​»។


លោក​បន្ដ​ថា​៖ «​វា​ហាក់​ជា​ក្ដី​​សុបិន​ក្លាយ​ជា​ការ​ពិត​ ខណៈ​​ពួក​គេ​ក៏​ជា​អ្នក​គាំទ្រ​ដល់​​​ព្រឹត្ដិការណ៍​ប្រកួត​អន្ដរជាតិ ដូចជា បវរកញ្ញា​ចក្កវាឡ​បវរកញ្ញា​អន្ដរជាតិ និង​បវរកញ្ញា​ផែនដី​ជាដើម​»។

ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​ឡើង​​រៀង​រាល់​ខែ​ ដែល​ខែ​នីមួយៗ​​មាន​បេក្ខនារី​ថ្មី​ ៣ ​នាក់​។ អ្នក​ឈ្នះ​អាច​មាន​ឱកាស​​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ និង​អាច​ឈ្នះ​រង្វាន់​ ១ ​ក្នុង​ចំណោម ៧​ ចាប់​ពី​ខែ​កុម្ភៈ​ រហូត​ដល់​ខែ​ធ្នូ​ ឬ​ខែ​មករា​។

បវរកញ្ញាភេទទី៣ ត្រូវ​បាន​ផ្ដល់វេទិកា​និយាយ​អំពីយេនឌ័រ​។ រូបថត សហ​ការី

លោក​ ម៉ាណាបាត បាន​និយាយ​ថា​៖ «​ខ្ញុំ​ជ្រើសរើស​បេក្ខនារី​ប្រកួត​តែ ៣ រូប ​ប្រចាំ​ខែ​រៀង​រាល់​ខែ ដោយសារ​លទ្ធភាព​​មាន​តែ​ប៉ុណ្ណឹង​។ ប្រាក់​រង្វាន់​ត្រូវ​បាន​បរិច្ចាគ​ដោយ​សប្បុរសជន និង​មិត្ដភក្ដិ​របស់​ខ្ញុំ​ផ្ទាល់​។ រាជនី​សម្រស់​នៃ​ខែ​នីមួយៗ​ទទួល​​បាន​ប្រាក់ ១០០ ដុល្លារ ហើយ​អ្នក​អត់​បាន​ជាប់​ទទួល​បាន​ប្រាក់ ៥០ ​ដុល្លារ​ម្នាក់​»។

កញ្ញា ខន ចាន់សុនយ៉ា​ អាយុ ២៥ ​ឆ្នាំ ជា​អ្នក​សម្ដែង និង​​ជា​អ្នក​លក់​នៅ​តាម​ហាង បាន​ឈ្នះ​កញ្ញាឯក​ប្រចាំ​ខែ​មីនា​។

កញ្ញា​​និយាយ​ថា​៖ «​សម្រស់​កើត​ពី​ការ​​​ហ៊ាន​ក្រោក​ឈរ ​ដើម្បី​សិទ្ធិ​ខ្លួន​ឯង គឺជា​អ្វី​ដែល​អ្នក​ដទៃ​មើល​ឃើញ​ថា យើង​ក្រោក​ឡើង និង​ហ៊ាន​ក្រោក ​ដើម្បី​សហគមន៍​យើង​»។

លោក ម៉ាណាបាត និយាយ​ថា អ្នក​ឈ្នះ​ត្រូវ​ធ្វើ​ជា​គំរូល្អ​ យល់​ដឹង​អំពី​តម្លៃ​ និង​ការ​ទទួល​​ខុស​ត្រូវ​នៃ​កម្មវិធី​ប្រកួត Miss Calendar Queen។

មនុស្ស​គ្រប់​រូប​គ្រប់​ជាតិ​សាសន៍​អាច​ចូលរួម​ប្រកួត​បវរកញ្ញា​នេះ​ ដរាប​ណា​បេះដូង​របស់​ពួក​គេ​ចង់​ប្រកួត​ប្រជែង​ពិតៗ​ ហើយ​ពួក​គេ​យល់​ច្បាស់​ពី​​គោល​បំណង​នៃ​ការ​រៀបចំ​។

លោក​ថា​៖ «​ខ្ញុំ​គិត​ថា សហគមន៍ LGBTQ នៅ​កម្ពុជា​មាន​អ្វី​ច្រើន​ត្រូវ​បង្ហាញ ដូចជា សម្ផស្ស ចំណេះដឹង បេះដូង និង​ទេពកោសល្យ​ដ៏​សម្បូរ​បែប​របស់​ពួក​គេ​។ សហគមន៍​ LGBTQ តែងតែ​ត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​ និង​រង់ចាំ​តែ​ឱកាស​ប៉ុណ្ណោះ​»។

កញ្ញា ឈៀន សាក់សុផានិត ហៅ​ ជូលីកា អាយុ ២៤ ​ឆ្នាំ ជា​បេក្ខនារី​ប្រកួត​ប្រជែង​កញ្ញាឯក​ប្រចាំ​ខែ​កក្កដា បាន​និយាយ​ថា៖ «​ខ្ញុំ​ត្រូវ​បាន​ឱ្យ​​តម្លៃ​ដោយ​សហគមន៍​ថ្មី​នេះ​។ វា​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​យើង​ហ៊ាន​បង្ហាញ​ខ្លួន​ឯង​ថា ជា​នរណា​។ យើង​ដឹង​​ថា យើង​ក៏​ដូច​ជា​មនុស្ស​ដទៃ​ដែរ​»។

ដោយសារ​វិបត្ដិ​កូវីដ​​បំផ្លាញ​​គម្រោង​ពេញ ​១ ឆ្នាំ ​ក្រោយ​ពី​លោក​​បាន​រៀបចំ​កម្មវិធី​​នេះ​ចំនួន ៥ ​ដង​រួច​ហើយ​ កាល​ថ្ងៃ​ទី ២៣ ខែ​តុលា លោក​បាន​រៀបចំ​​ការ​ប្រកួត​ប្រចាំ​ខែ​កក្កដា​។

ក្រៅ​ពី​បង្ហាញ​សម្រស់ បេក្ខនារី​ភេទទី៣​ ​​ត្រូវ​បាន​ផ្ដល់​វេទិកា​និយាយ​អំពី​ខ្លួន​ឯង​ ឬ​បញ្ហា​សមភាព​យេនឌ័រ​នៅ​កន្លែង​ការងារ និង​សហគមន៍​។

លោក​និយាយ​ថា​​៖ «​បច្ចុប្បន្ន ខ្ញុំ​មាន​ក្ដី​រីករាយ​ចំពោះ​តួនាទី​ខ្លួន​​​ឯង​ជា​អ្នក​រៀបចំ និង​ស្ថាបនិក​ Miss Calendar Queen 2020 ដែល​​បង្កើន​អត្ថន័យ​នៃ​ជីវិត​នៅ​កម្ពុជា​នេះ​»។

លោក​បន្ដ​ថា​៖ «​ខ្ញុំ​យល់​ថា ​ព្រឹត្ដិការណ៍​នេះ​អាច​ជួយ​សហគមន៍ LGBTQIA+ នៅ​កម្ពុជា ​ដើម្បី​ទទួល​បាន​ភាព​ជឿ​ជាក់ និង​​ប្រហែល​​ជា​អាច​បង្កើត​​ក្រុម​រៀបចំ​ព្រឹត្ដិការណ៍​ ដែល​នឹង​​ជួយ​លើក​មុខ​មាត់​ដល់​សហគមន៍​»។

លោក​បញ្ជាក់​ថា ក្រៅ​ពី​ទឹក​ប្រាក់​មួយ​ចំនួន​រង្វាន់​ដ៏​ល្អ​បំផុត​​សម្រាប់​ពួក​គេ ​គឺ​ក្ដី​សង្ឃឹម​ ឬ​ឆន្ទៈ​ចង់​ទទួល​បាន​បទពិសោធ​​ពី​ការ​ប្រកួត​ប្រជែង​សម្ផស្ស និង​សមត្ថភាព​។

សម្រាប់​ព័ត៌មាន​បន្ថែម​មាន​នៅ​​ទំព័រ​ហ្វេសប៊ុក​ https://www.facebook.com/Miss-Calendar-Queen-104350121416574/៕